ពលរដ្ឋមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញចោទក្រុមហ៊ុន ផានអ៊ីម៉ិច ថារំលោភលើដីការក្សាការពាររបស់តុលាការ

ស្ថានភាពដីដែលមានជម្លោះទំហំជិត ៤ហិកតា នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រូបភាព៖ ផ្ដល់ឲ្យ

ប្រជាពលរដ្ឋចំនួន ៨គ្រួសារ រស់នៅសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ ចោទក្រុមហ៊ុន ផានអ៊ីម៉ិច ថាកំពុងធ្វើសកម្មភាពលើដីជម្លោះ រំលោភលើដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញដីការក្សាការពារដោយមិនអនុញ្ញាតឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច ឬក៏ប្រជាពលរដ្ឋដែលមានជម្លោះ លក់ ឬជួលដីទំហំជិត ៤ហិកតា នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយរង់ចាំតុលាការសម្រេចដល់អង្គសេចក្ដី។

ប៉ុន្តែ លោក រៀល ណារិទ្ធ អះអាងជាតំណាងប្រជាពលរដ្ឋ ៨គ្រួសារ រស់នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ទោះបីតុលាការចេញដីកាហាមឃាត់មិនឱ្យភាគីជម្លោះលក់ ឬធ្វើជំនួញណាមួយលើដីនោះក៏ដោយ ប៉ុន្តែ លោកថា ក្រុមហ៊ុន ផានអ៊ីម៉ិច មិនបានអនុវត្តតាម។

លោកបន្តថា នៅដើមខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុននេះ បានតទុយោចំនួន ៦ ដើម្បីបូមខ្សាច់ពីទន្លេចាក់លើនៅដីជម្លោះ ខណៈតុលាការមិនទាន់បានសម្រេចសេចក្ដីនៅឡើយទេ។

លោកថា៖ «តុលាការអត់ទាន់ធ្វើអង្គសម្រេចទេ។ គាត់ (ចៅក្រម) គ្រាន់តែចេញដីការក្សាការពារលើដីធ្លីទំនាស់ហ្នឹងឱ្យប្រជាជនបណ្ដោះអាសន្ន តែឥឡូវក្រុមហ៊ុនកំពុងបូមដី (ចាក់) ហ្នឹង ក្រុមហ៊ុនអត់មានខ្លាចអំណាចរបស់តុលាការទេ ដឹងស្រាប់ហើយ! លោកជំទាវ ស៊ុយ សុផាន »។

លោក ស្នើទៅរដ្ឋាភិបាល និងតុលាការឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយជាង ១០ឆ្នាំមកនេះឱ្យបានឆាប់។

ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច លោកស្រី ស៊ុយ សុផាន បានច្រានចោលការចោទប្រកាន់នេះ ជុំវិញការមិនអនុវត្តតាមដីការក្សាការពារតុលាការ ដោយថា ក្រុមហ៊ុនលោកស្រីមានប្លង់កម្ម​សិទ្ធិត្រឹមត្រូវ។

លោកស្រី ថា៖ «ក្រុមហ៊ុន ផានអ៊ីម៉ិច មានប្លង់រឹងត្រឹមត្រូវចេញដោយអាជ្ញាធរទទួលខុសត្រូវហើយដីទីតាំងនេះ មិនមែនដីអូរអណ្ដូងទេ គឺដីទីតាំងវាលស្បូវ។ អ៊ីចឹង មុននឹងផ្សាយ យើងត្រូវពិនិត្យដែរ ដីដែលបានផ្សាយថា ក្រុមហ៊ុន ផានអ៊ីម៉ិច បានរំលោភនៅនូវអូរអណ្ដូង មិនជាអូរអណ្ដូងទេ ដីនេះនៅវាលស្បូវ។ អ្នកឯងខុសហើយ អ្នកអត់មានប្លង់អីបន្តិចទេ ក្រុមហ៊ុនមានប្លង់តាំងពី១៩៧៩មក»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា លោកសុំពេលស្វែងរកសំណុំរឿងសិន ដោយរុញឱ្យទៅសួរលោក សួស វិទ្យារ៉ាឌី វិញ។ ប៉ុន្តែ​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី មានប្រសាសន៍ថា លោកសុំពេលស្វែងរកសំណុំរឿងសិន។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនតុលាការចេញដីការក្សាការពារហើយ ប៉ុន្តែភាគីជម្លោះមិនអនុវត្តនោះ លោកថា វាជាការរំលោភបញ្ជាតុលាការ។

លោកថា៖ «អាហ្នឹងយើងមិនគោរពបទបញ្ជាតុលាការ វាអាចមានទោសមិនគោរពបទបញ្ជាតុលាការ តែគ្រាន់តែទោសនោះមិនធ្ងន់»។

បើតាមលោក រៀល ណារិទ្ធ ពលរដ្ឋទាំង​ ៨គ្រួសារ រស់នៅ និងអាស្រ័យផលនៅលើដីនោះ តាំងពីឆ្នាំ១៩៩៥មកម៉្លេះ។ ប៉ុន្តែ នៅឆ្នាំ២០០៥ ក្រុមហ៊ុន ផានអ៊ីម៉ិច បានយកគ្រឿងចក្រទៅឈូសឆាយ ដំណាំ និងផ្ទះ ៣ខ្នង ដោយមិនបានផ្ដល់សំណងអ្វីដល់ពួកគាត់នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ