ទាហាន និងពលរដ្ឋ ប្រមាណ១០នាក់ត្រូវបានអាជ្ញាធរខេត្តក្រចេះបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការតវ៉ាដីធ្លី

អ្នកតំណាងពលរដ្ឋម្នាក់ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ បានឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ករណីទំនាស់ដីធ្លីរបស់ពួកគាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

អ្នកភូមិអះអាងថា មន្រ្តីទាហាន និងពលរដ្ឋសរុប១០នាក់ដែលកំពុងមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវបានអាជ្ញាធរខេត្តនេះបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការតវ៉ារឿងវិវាទដីធ្លី។

តំណាងអ្នកមានជម្លោះដីធ្លីប្រមាណ៥០នាក់ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ បានឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាថ្មីទៀតនៅថ្ងៃនេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី ​ដែល​ពួកគេ​ចោទថា ​​អាជ្ញាធរមូលដ្ឋានបាន​ឈូសឆាយដំណាំ និងដុតផ្ទះ​​របស់​ពួកគេ ដើម្បីយកដីចែកទៅឲ្យពលរដ្ឋមួយក្រុមផ្សេងទៀត។

ពលរដ្ឋម្នាក់ លោក អ៊ុន បណ្តូល ប្រាប់ វី.អូ.ឌី កន្លែងតវ៉ានៅថ្ងៃនេះថា អាជ្ញាធរមូលដ្ឋានមានកងរាជអាវុធហត្ថ នគរបាល និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតដឹកនាំដោយអភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន បានចុះឈូសឆាយដំណាំ​ និងបានគំរាមកំហែងចាប់ពលរដ្ឋណាដែលចេញតវ៉ាដាក់ពន្ធធនាគារទៀតផង។

លោក អ៊ុន បណ្តូល បន្តថា មន្រ្តីទាហាន៩នាក់ និងពលរដ្ឋម្នាក់ត្រូវបានអាជ្ញាធរខេត្តកោះហៅធ្វើកិច្ចសន្យាទាំងបង្ខំ ឲ្យបញ្ឈប់ការតវ៉ាទាមទារដីធ្លីរបស់ខ្លួនដែលមានផលដំណាំធំៗ និងបានកាន់កាប់ជាង១០ឆ្នាំ។

លោក បន្ថែមថា៖ «រហូតមកដល់ពេលនេះ មានពលរដ្ឋ១០នាក់ហើយ ទាំងទាហាន។ ទាហាន៩នាក់ គេឲ្យផ្តិតមេដៃអស់ហើយ លែងបានតវ៉ាទៀតហើយ តាំងពីអនុវរៈឡើង គាត់ព្រមធ្វើដោយសារតែមានការកៀបសង្កត់ពីថ្នាក់លើ។ អ៊ីចឹងហើយ ទី១ គាត់ខ្លា​ចបាត់បង់ដំណែង ទី២ អត់បានដីហើយជាប់គុកទៀត។ ហើយប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋម្នាក់គាត់មានដីកន្លែងខ្ញុំដែរ ត្រូវគេចាប់បង្ខំឲ្យផ្តិតមេដៃមុខលោក ខាន់ ចំណាន មិនឲ្យគាត់តវ៉ាទៀតទេ»

ពលរដ្ឋម្នាក់ លោក មី សៅ ដែលអះអាងថា បានទៅរុករានដី៥ហិកតានៅតំបន់កំពុងមានជម្លោះដើម្បីធ្វើកសិកម្មដាំស្វាយចន្ទី ម្រេច និងកៅស៊ូ តាំងពីឆ្នាំ២០០២ ដោយពុំមានអាជ្ញាធរណាចុះទៅហាមឃាត់នោះទេ ដោយថា ទើបតែចុងឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តប្រាប់ថា ពួកគាត់រស់នៅលើដីរដ្ឋខុសច្បាប់ និងបណ្តេញឲ្យចេញទៅទាំងបង្ខំថែមទៀត។

លោក បន្ថែមថា៖ «អាជ្ញាធរខេត្តបានមកដេញពួកខ្ញុំឲ្យរើផ្ទះរើសម្បែង ហើយអត់ឲ្យខ្ញុំដាំដំណាំលើដីខ្លួនឯងទៀត។ ថ្ងៃមុននេះ ខ្ញុំបានទៅប្រាប់គេកុំឲ្យដាំដំណាំលើដីខ្ញុំ ហើយមានការចាប់ និងប្រើអំពើហិង្សាលើខ្ញុំទៀត អភិបាលរងខេត្ត លោក​ ខាន់ ចំណាន ជាអ្នកបញ្ជាឲ្យប៉េអឹម និងក្រុមការងារគេហ្នឹងវាយខ្ញុំឡើងរយះត្រចៀកទៀត»

ខណៈពលរដ្ឋប្រមូលផ្តុំគ្នាមុខក្រសួងនៅថ្ងៃនេះ អនុប្រធានរដ្ឋបាលនៃក្រសួងរៀបចំដែនដី លោក អុស សុខយស ប្រាប់ទៅពលរដ្ឋថា លោកមិនបានដឹងរឿងអាជ្ញាធរខេត្តគំរាមកំហែង និងបង្ខិតបង្ខំឲ្យពលរដ្ឋធ្វើកិច្ចសន្យាឈប់តវ៉ានោះទេ ប៉ុន្តែ លោកទាមទារឲ្យពលរដ្ឋដាក់ញត្តិថ្មីយកទៅពិនិត្យដើម្បីដោះស្រាយបន្ត។

លោក​ បន្តថា៖ «ការងារនេះ ខ្ញុំអត់ច្បាស់ទេ ព្រោះក្រសួងធ្លាប់បានចាត់ក្រុមការងារទៅដោះស្រាយជាមួយខេត្ត។ អ៊ីចឹងបានថា! ប្រសិនបើពួកគាត់មិនស្ថិតក្នុងក្រុមប៉ុន្មាននោះទេ សុំគាត់ដាក់ញតិ្តថ្មីមកក្រសួងទទួល»

អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន់ បានច្រានចោលការលើកឡើងទាំងអស់របស់ប្រជាពលរដ្ឋ ដោយថា លោកពុំបានគំរាមកំហែង និងបង្ខិតបង្ខំពលរដ្ឋណាម្នាក់ឲ្យធ្វើកិច្ចសន្យានោះទេ។ លោក បន្តថា ពលរដ្ឋដែលកំពុងឡើងមកតវ៉ានៅភ្នំពេញនេះ ក៏អាជ្ញាធរមិនបោះបង់ចោលក្នុងការដោះស្រាយដែរ។

អភិបាលរងខេត្តរូបនេះ មានប្រសាសន៍ទៀតថា ចំពោះអ្នកដែលធ្វើកិច្ចសន្យាឈប់តវ៉ានោះ គឺអ្នកទទួលបានសំណង និងដំណោះស្រាយមួយដែលពួកគេព្រមទទួលយកដោយខ្លួនឯងគ្មានការបង្ខិតបង្ខំឡើយ។

លោក បន្ថែមថា៖ «ចំពោះរឿងពលរដ្ឋដែលមកតវ៉ាហ្នឹង យើងនឹងដោះស្រាយតាមក្រោយ យើងដោះមកទាំងពីរចឹងមិនកើតទេ ព្រោះដីនេះយើងវាស់ចែកជាឡូតិ៍ និងចាប់ឆ្នោតរួចហើយ។ ខ្ញុំមិន(មែន)ទៅបង្ខំមនុស្សណាឲ្យទៅផ្តិតមេដៃម៉េចកើត យើងដោះស្រាយតាមនីតិវិធី បើគាត់យល់ព្រមតាមលក្ខខណ្ឌយើងហ្នឹង គាត់ផ្តិតទៅ បើគាត់មិនព្រមទេ គាត់កុំផ្តិតទៅ»

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់មានប្រសាសន៍ថា យន្តការដោះស្រាយដីធ្លីរបស់អាជ្ញាធរខេត្តក្រចេះកំពុងធ្វើនេះ គឺមិនមែនដំណោះស្រាយល្អប្រសើរឡើយ ដែលទៅយកដីពលរដ្ឋកាន់កាប់យូរឆ្នាំ និងមានដំណាំហើយ ទៅចែកឲ្យពលរដ្ឋម្ខាងទៀតនោះ។ លោក ស៊ឹង សែនករុណា ស្នើទៅអាជ្ញាធរត្រូវពិចារណា និងដោះស្រាយឡើងវិញ។

លោក មានប្រាសាសន៍ថា៖ «មិនអាចយកដីដែលពួកគាត់កំពុងបង្កបង្កើនផលទៅឲ្យប្រជាពលរដ្ឋមួយក្រុមទៀតជាដំណោះស្រាយសម្រាប់​អ្នកថ្មី ហើយអ្នកចាស់គាត់បែរជាបាត់បង់ដីទៅវិញនោះទេ។ អាហ្នឹងមិនមែនមធ្យោបាយដោះស្រាយមួយដ៏ល្អឡើយ។ អាជ្ញាធរគួរតែពិចារណាឡើងវិញ ដោះស្រាយឡើងវិញ ហើយស្រាវជ្រាវករណីនេះឲ្យបានច្បាស់ ឲ្យពួកគាត់ដែលរស់នៅកន្លែងហ្នឹង គួរតែបានដីដើម្បីបន្តបង្កបង្កើនផលសម្រាប់ជីវភាព ជាជាងដកហូតដីពីម្ខាងទៅឲ្យម្ខាង ហើយម្ខាងទៀតគ្មានអ្វីសម្រាប់បង្កបង្កើនផល ពីព្រោះពលរដ្ឋទាំងអស់ហ្នឹងក៏ជាពលរដ្ឋស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលដូចគ្នា»

បើតាមញត្តិរបស់ពលរដ្ឋដែលឡើងមកតវ៉ានៅភ្នំពេញថ្ងៃនេះ បានឲ្យដឹងថា ក្រុមពលរដ្ឋដែលអាជ្ញាធរឈូសឆាយដំណាំ និងយកដីចែកទៅពលរដ្ឋផ្សេងៗនោះ គឺមានគ្នា ១៥៤គ្រួសារ និងមានផ្ទៃដីរួមគ្នា ៧៤៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ