សមត្ថកិច្ច​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​មួយ​ ក្រោយ​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន( រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នៅ​ក្រុមហ៊ុន​មួយ​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជូនដំណឹង​ថា​ការ​ភ្ជាប់​ឈ្មោះ​លោក​ថា​ជា​អ្នកគាំទ្រ​មុខ​របស់​ក្រុមហ៊ុន​ខ្លួន​ជា​«សន្តិសុខជាតិ​បន្ទាន់​»។

កាលពីយប់មិញ​ លោក​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​នៅ​ពេល​ថ្មី​ៗនេះ​មាន​ក្រុមហ៊ុន​ ឈ្មោះ​ GCG​ Asia​ Co​., LTD​ បាន​យក​រូបថត​លោក​ និង​ឈ្មោះ​លោក​ទៅ​បង្ហោះ​នៅក្នុង​ Website​ របស់​ខ្លួន​ និង​ថា​ លោក​ជា​អ្នកគាំទ្រ​និង​ចូលរួម​សម្ពោធ​កាត់ខ្សែបូ​ក្រុមហ៊ុន​ នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២០​ ខែ​ ឧសភា២០១៩​។

មេ​ដឹក​នំា​រូប​នេះ​ បញ្ជាក់​ថា​មិន​តែប៉ុណ្ណោះ​ ៖«ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិនិងធនាគារចិននៅកម្ពុជាថា​​ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី(Crypto Currency)។តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថាGCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Blacklist»។

លោក ​ហ៊ុន​ សែន​ បដិសេធ​ព័ត៌មាន​នេះ​ និង​បញ្ជា​ទៅ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ឋ ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់​។

ក្រុមហ៊ុន GCG Asia ដាក់រូបលោក ហ៊ុន សែន ក្នុងបដារបស់ខ្លួនហើយផ្សព្វផ្សាយថា គាំទ្រ និងចូលរួមសម្ពោធ(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក​ ឆាយ​ គឹម​ ឃឿន​ ឱ្យ​VOD​ដឹង​ នៅ​ថ្ងៃសុក្រ​នេះ​ថា​សមត្ថកិច្ច​ បាន​ចាត់វិធានការ​ក្រុមហ៊ុន​នេះ​ ហើយ​ ប៉ុន្តែ​នៅពេល​សួរ​ថា​ តើ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​បង្ក​ដល់​សន្តិសុខជាតិ​របស់​កម្ពុជា​ អ្នកនាំពាក្យ​រូប​នេះ​សុំ​មិនទាន់​ធ្វើ​អត្ថា​ធិប្បាយ​ ។

លោក ​ថា​៖«ជាបណ្តោះអាសន្នយើងបានបិទក្រុមហ៊ុនហ្នឹងហើយនាំខ្លួនមនុស្ស២នាក់មកសាកសួរ។ យើង កំពុងតែសាកសួរ មិនទាន់អាចបញ្ចាក់បានថាពួកគេប្រព្រឹត្តបទអីទេ»

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ាង​ ថៃ​ អះអាង​ថា​លោក​មិន​ច្បាស់​រឿង​អាជ្ញាធរឥណ្ឌូនេស៊ី​ដាក់​ក្រុមហ៊ុន​នេះ​ក្នុង​បញ្ជីខ្មៅ​ទេ​ ប៉ុន្តែ​ថា​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ដូច​ក្រុមហ៊ុន​ដែល​សមត្ថកិច្ច​កំពុង​ចាត់វិធានការ​ បាន​ចុះបញ្ជី​កាលពី​ឆ្នាំ២០១៦​ តែថា​ ប្រធាន​ក្រុមហ៊ុន​មិនមែន​ជា​ជនបរទេស​ដូច​សារព័ត៌មាន​ចុះ​​ផ្សាយ​ទេ​។

លោក បន្ត​​ថា​៖«ប៉ុន្តែឥឡូវខ្ញុំចែកនៅក្នុងក្រសួងពាណិជ្ជកម្មដែលចុះបញ្ជីក្រុមហ៊ុន GCG Asia Co., LTDឈ្មោះដូចគ្នាប៉ុន្តែជាក្រុមហ៊ុនខ្មែរ។ ឈ្មោះដូចគ្នាសុទ្ធ តែម្ចាស់ខ្មែរ មិនមែនលោក យ៉េវ លោកយ៉អីហ្នឹងផង»

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​នី​ មានប្រសាសន៍​ថា​  ​នៅ​កម្ពុជា​ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​យក​រូបថត​ថ្នាក់ដឹកនាំ​ឬថត​ជាមួយ​ យក​ទៅ​តាំងនៅ​កន្លែង​ធ្វើអាជីវកម្ម​របស់​ពួកគេ​។

អ្នកឃ្លាំមើល​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ ឆ្លងតាម​បទ​ពិសោធ​នេះ​រដ្ឋាភិបាល​គួរ​និត្យ​ឡើងវិញ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ ក្រុមហ៊ុន​ដទៃទៀត​ មិន​យក​រូបថត​ថ្នាក់ដឹកនាំ​ទៅ​បិទបាំង​អំពើខុស​ច្បាប់​។

បើ​តាម​លោក​ មាស​ នី​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ភាព​ធូរ​លុង​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​និង​ភាព​ខ្វះចន្លោះ​អនុវត្ត​ច្បាប់​ជា​ជម្រើស​របស់​ក្រុមហ៊ុន​ខិលខូច​ កម្ពុជា​ធ្វើជា​ឈ្នាន់​ដើម្បី​បិទបាំង​អំពើខុស​ច្បាប់​របស់​ពួកគេ​ជ្រក​ក្រោម​រូបភាព​ស្និទ្ធ​ស្នាល​ជាមួយ​រដ្ឋាភិបាល​។

 ​តាម​តារាង​រាយ​នាម​ប្រធាន​ក្រុមហ៊ុន​ GCG​ Asia​ លោក​ Dato​ Sri​ Dr​ DarrenYaw​ &​; Madame​ បាន​ឧបត្ថម្ភ​ប្រាក់១០ម៉ឺន​ដុល្លារ​ដល់​កាកបាទក្រហម​កម្ពុជា​ក្នុង​ពិ​ធី​ប្រា​រព្វ​ខួប​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៨ឧសភា​ឆ្នាំ២០១៩នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ