អាមេរិកអំពាវនាវជា​ថ្មី​ឲ្យបញ្ឈប់ការគំរាម​កំហែងអតីតមន្ដ្រី CNRP និង​ដោះ​លែងលោក កឹម សុខា

ប្រធានាធិបតីអាមេរិក លោក ត្រាំ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ (រូបថតបណ្តាញសង្គម)

សហរដ្ឋអាមេរិកបានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើអតីតមន្ដ្រីជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងដោះលែងអតីតមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ការិយាល័យអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិកបានសំដែងនូវក្ដីកង្វល់ពាក់ព័ន្ធនឹងចំណាត់ការរបស់តុលាការកម្ពុជា ដែលបានចេញកោះហៅ និងសាកសួរអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋានចំនួន ៦៥រូប ដោយពួកគេរងការចោទប្រកាន់ថា បានធ្វើសកម្មភាពបំពានទៅលើសាលដីកាតុលាការកំពូល។

តាមរយៈសេចក្ដីថ្លែងការណ៍ សហរដ្ឋអាមេរិកអំពាវនាវឲ្យបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយនេះ និងទាមទារជាថ្មីឲ្យដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផងដែរ។

ក្រៅពីនេះ សហរដ្ឋអាមេរិកក៏ទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេត​ឯករាជ្យ និងឥតលម្អៀងជុំវិញការស្លាប់របស់អតីតសមាជិកមន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែមេសា ជុំវិញភាព​មិនច្បាស់លាស់នៃករណីឃាតកម្មមួយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល សហរដ្ឋអាមេរិកក៏រំលឹកឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អនុវត្តច្បាប់ និងសកម្មភាពរបស់ខ្លួន ឲ្យបានត្រឹមត្រូវស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សនៅក្រោមច្បាប់អន្តរជាតិ។

សេចក្ដីថ្លែងការណ៍នោះបន្ដថា៖ «យើងមានកង្វល់ផងដែរ​ទៅលើដំណើរការក្ដីរបស់តុលាការ​នាពេលថ្មីៗនេះ​ បង្កើតឡើងប្រឆាំងនឹងសមាជិករបស់គណបក្សសង្គ្រោះជាតិជាង​៦៥​នាក់។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា​ ឲ្យលុបបំបាត់នូវការរឹតត្បិតលើមនុស្សទាំងអស់ក្នុងប្រទេសកម្ពុជា និងឲ្យដោះលែងអ្នកទោសទាំងឡាយណា​ ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត​ និងខុសច្បា​ប់​ រួមទាំងលោក​ កឹម​ សុខាផងដែរ»។

ក្នុងសន្និសីទបិទបញ្ចប់ដំណើរបេសកកម្មមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបើកចំហរសិទ្ធិសេរីភាពសង្គមស៊ីវិល និងសិទ្ធិនយោបាយបន្ថែមទៀត ដើម្បីស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ