ក្រោយឡើងវគ្គ៨នាក់ បង្គោលខៀវ សូត្រ វាសនា ខ្វះជំនឿចិត្តដណ្ដើមជើងឯក

កីឡាករបង្គោលខៀវ សូត្រ វាសនា មកពីក្លឹបបក្សីស្លាបដែក ក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម កាលពីថ្ងៃទី១៨ ខែឧសភា។ រូបភាព៖ វង្ស សុម៉ាលីន

កីឡាករបង្គោលខៀវ សូត្រ វាសនា មកពីក្លឹបបក្សីស្លាបដែក បានក្លាយជាអ្នកឡើងវគ្គ៨នាក់ ក្រោយពីយកឈ្នះលើបង្គោលក្រហម ប្ញទ្ធិ សាស្ត្រាវុធ ដែលជាសិស្សជើងខ្លាំងមកពីក្លឹបអាណាចក្រប្រយុទ្ធ ខេត្តសៀមរាប ក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១៨ ខែឧសភា។ ប៉ុន្តែ កីឡាករវ័យក្មេងរូបនេះ បែរជាអះអាងថា លោកពុំមានជំនឿចិត្តសម្រាប់ជ័យជម្នះទៅកាន់វគ្គបន្តទៅវិញ។

កីឡាករបង្គោលខៀវ សូត្រ វាសនា ដែលជាអ្នកជំនាន់ក្រោយរបស់កីឡាករល្បីឈ្មោះ សូត្រ ប៊ុនធី ថ្វីដ្បិតតែលោកត្រូវបានប្រកាសថាបានឈ្នះគូប្រកួត ហើយបានឡើងទៅវគ្គ៨នាក់ ដែលជាវគ្គកាន់តែសំខាន់ ប៉ុន្តែ លោកគ្មានសង្ឃឹមថាខ្លួននឹងឈ្នះនៅមុនការប្រកួតចាប់ផ្ដើមនោះទេ។ ក្នុងនោះលោករឹតតែមិនហ៊ានសង្ឃឹមនៅពេលគិតដល់ការប្រកួតជម្រុះពីអ្នក៨នាក់យកតែ៤នាក់ក្នុងវគ្គបន្ត ក្នុងពេលដែលលោកដឹងថា សមាសភាពដែលបានឡើង និងត្រៀមឡើងវគ្គ៨នាក់ ភាគច្រើនសុទ្ធតែជារៀមច្បង និងជាជើងខ្លាំងជាងខ្លួន ផ្អែកតាមអ្វីដែលលោកកត់សម្គាល់។

កីឡាករ សូត្រ វាសនា នៅតែចាត់ទុកថា ឱកាសបានឡើងវគ្គ៨នាក់បាន ដោយសារមានសំណាងតាមពីក្រោយ បើទោះជាអ្នកគាំទ្រ និងគណៈកម្មការប្រដាល់ យល់ថា កើតឡើងដោយសារសមត្ថភាព។ លោកមិនទាន់ហ៊ានសង្ឃឹមសម្រាប់ឱកាសបានឡើងទៅកាន់វគ្គ៤នាក់បន្តនោះទេ ប៉ុន្តែ លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ ដោយលោកប្រកាសថា បើទោះជាចាញ់នៅក្នុងវគ្គជម្រុះយក៤នាក់ ក៏ត្រូវតែធ្វើអោយអស់ពីសមត្ថភាព និងអស់ចិត្តផងដែរ។ នេះជាលើកទី១ ដែលលោកមានសំណាងបានប្រកួតជើងឯក ហើយបានឡើងវគ្គ៨នាក់ ក្នុងចំណោមការជម្រុះតាំងពីវគ្គ៣២នាក់ ដូច្នេះ បើទោះជាអត់សង្ឃឹម និងទំនុកចិត្ត ក៏ត្រូវតែប្រឹងហ្វឹកហាត់។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានថ្លែងបញ្ជាក់ថា ការប្រកួតរដូវកាលនេះនឹងកាន់តែល្អមើលហើយ ដោយសារវគ្គដែលកំពុងដំណើរការការប្រកួតនេះ គឺជាវគ្គក្នុងជុំទី១ ដោយមានកីឡាករដែលឈ្នះក្នុងជុំទី១ទាំង១៦នាក់ មកវាយជម្រុះយកតែ៨នាក់។ លោកថា កីឡាករ សូត្រ វាសនា បើទោះជាប្រកាសក្ដែងៗ ថាមិនទុកចិត្តសម្រាប់ឱកាសបានឡើងវគ្គបន្ត ប៉ុន្តែ លោកថា កីឡាកររូបនេះមានសមត្ថភាពពេញខ្លួន និងបច្ចេកទេសល្អ។ លោកបានហៅការប្រកាសរបស់ សូត្រ វាសនា ថាជាការដាក់ខ្លួន និងថា ជំនួបជម្រុះយកតែ៤នាក់សម្រាប់វគ្គបន្ត គេមានភាគរយឡើងខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ