លោក​ ហ៊ុន សែន អំពាវនាវទប់ស្កាត់​កុំ​ឲ្យ​របប ប៉ុល ពត ​វិលត្រលប់មកវិញ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ក្នុង​ទិវា​ចងចាំ​នេះ​ បាន​បន្ត​អំពាវនាវ​ឱ្យ​ទប់ស្កាត់​កុំ​ឱ្យ​សង្រ្គាម ​និង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ វិល​មក​កម្ពុជា​សារជាថ្មី​ ដោយ​ថា​ របប​នោះ​សូម្បីតែ​ សិទ្ធិ​រស់រាន​មានជីវិត​ ជា​សិទ្ធិ​មូលដ្ឋាន​មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

ស្កូបគោរពវិញាណក្ខន្ធ ជើងឯក
ស្កូបគោរពវិញាណក្ខន្ធ ក្នុងពិធីគោរពវិញ្ញានក្ខន្ធអ្នកស្លាប់ជំនាន់ ប៉ុល ពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

លើ​ទំព័រ​ហ្វេ​សប៊ុ​ក លោក​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​ ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ២០ឧសភា ​នេះ​ រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ និង​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង ៣លាន​នាក់ ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដ៏​ឃោរឃៅ​។

​លោក​ ហ៊ុន​ សែន​ រំឭក​ទៀត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់​ ដែល​ថា​ របប​កាប់សម្លាប់​នេះ៖ ​«បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ គ្មាន​ពេលសម្រាក ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ គ្មាន​សិទ្ធិ​សេរីភាព ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ ហើយ​សូម្បីតែ​សិទ្ធិ​រស់រាន​មានជីវិត​ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​»។

មេដឹកនាំ​រូប​នេះ​ អះអាង​ថា​ បច្ចុប្បន្ន​ កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម​ ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ​ មានការ​ងារ​តាមចំណង់​ចំណូល​ចិ​ត្ត​រៀង​ៗខ្លួន​។​

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​ សង្គ្រាមស៊ីវិល និង​របប​ប្រល័យ​ពូជសាសន៍​នឹង​មិនកើត​ឡើង​នៅ​កម្ពុជា​ទៀត​ទេ​ បើ​រដ្ឋាភិបាល​រៀបចំ​ការប្រកួត​អំណាច​មួយ​ដោយ​ស្មើភាព​ ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​។

លោក ​ថា​៖ «ការ​វិល​ទៅ​រក​របប​អតីតកាល​ដូច​របប​ ប៉ុល​ ពត​ អី!​ វា​មិន​អាច​ទៅរួច​ទេ​។ ប៉ុន្តែ កម្ពុជា​អាច​ប្រឈមមុខ​ទៅ​នឹង​ទណ្ឌកម្ម​ផ្នែក​សិទ្ធិមនុស្ស​ហ្នឹង​ឯង​»។

សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ស្រប​តាមច្បាប់​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ក្រោយពី​អតីត​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង ៣លាន​នាក់​ ត្រូវ​បាន​ផាត់ចេញ​ពី​ឆាកនយោបាយ​ ហើយ​មេដឹកនាំ​បក្ស​នេះ​ គឺ​លោ​ក កឹម​ សុខា​ នៅតែ​ត្រូវ​បាន​ឃុំខ្លួន​ជិត ២ឆ្នាំ​មកនេះ​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ សង្គ្រាមស៊ីវិល​ដែល​ផ្ទុះឡើង​នៅ​កម្ពុជា​កើត​ចេញពី​ការ​ដណ្តើម​អំណាច​ មិន​គោរព​តាម​ឆន្ទៈ​រាស្ត្រ​។

លោក​ថា​៖ «កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹង ​យើង​ជ្រើសរើស​យក​វិថី​មួយ​ហៅថា​សេរី​ពហុបក្ស ​ហើយ​ប្រសិនបើ​គោលការណ៍​ហ្នឹង​វា​ប្រា​សចាក​ ចរន្ត​នៃ​សង្គ្រាមស៊ីវិល​ហ្នឹង​វា​អាច​វិលត្រឡប់​មកវិញ​ ព្រោះ​ជា​យន្តការ​មួយ​ដែល​អ្នកដឹកនាំ​យល់​ច្បាស់​ហើយ​។ ប៉ុន្តែ បើ​យើង​យល់​ហើយ​ធ្វើ​អត់​យល់​វិញ​ អាហ្នឹង​បញ្ហា​សង្គ្រាម​ ឬបដិវត្ត​ពណ៌​ដែល​យើង​ចោទ​ហ្នឹង ​វា​អាច​ងើប​វិញ​បាន ​ព្រោះ​វា​អត់​ផ្លាស់​ប្តូរ​តាម​ឆន្ទៈ​រាស្ត្រ​»។

សហភាព​អឺរ៉ុប​បាន​ដំណើរការ​លើ​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ចាប់ពី​ខែកុម្ភៈ​មក​ ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​តាម​លក្ខខណ្ឌ​របស់​ខ្លួន​ ពិសេស​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា ​និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ​ ជាដើម​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ធ្លាប់​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​វិធានការ​របស់​សហភាព​អឺរ៉ុប​នេះ និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ប្រកបដោយ​ភាព​ច្បាស់លាស់​មួយ​។

បើ​តាម​សមាគម​នេះ​ បើ​សហភាព​អឺរ៉ុប​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​នេះ ​នឹង​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​ប្រមាណ​ ៧០ម៉ឺន​នាក់​ ប៉ះពាល់​ដល់​ពលរដ្ឋ ២លាន​នាក់​ផ្សេងទៀត​ដោយប្រយោល​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ