សហជីពចោទថា ពេទ្យដៃគូ ប.ស.ស មួយមិនព្យាបាលកម្មករ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រស្បែកជើង ជេ អិន ធី ស៊ូ (J N T Shoe) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ ហើយត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅមន្ទីរសម្រាកព្យាបាល ជា សុខលឹម។ រូបភាព៖ ហ្វេសប៊ុក សហភាពចលនាកម្មករកម្ពុជា Confederation of Cambodian Worker-Movement CCW

សហភាពចលនាកម្មករកម្ពុជាលើកឡើងថា នៅព្រឹកថ្ងៃចន្ទនេះ មន្ទីរសម្រាកព្យាបាលមួយនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនព្រមទទួលព្យាបាលកម្មការិនីម្នាក់ដែលសន្លប់ ដោយលើកឡើងថា កម្មការិនីរូបនេះឈឺញឹកពេក។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រស្បែកជើង ជេ អិន ធី ស៊ូ (J N T Shoe) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ ហើយត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅមន្ទីរសម្រាកព្យាបាល ជា សុខលឹម។ នេះបើតាម​សហភាពចលនាកម្មករកម្ពុជា។​

នៅពេលបញ្ជូនទៅដល់មន្ទីរសម្រាកព្យាបាលខាងលើ សហជីពចោទថា បែរជាត្រូវគ្រូពេទ្យ បដិសេធមិនទទួលព្យាបាល ដោយលើកហេតុផលថា កម្មការិនីរូបនោះឈឺញឹកញាប់ពេក។ បន្ទាប់ពីត្រូវមន្ទីរពេទ្យខាងលើបដិសេធមិនទទួលព្យាបាល ទើបកម្មការិនីរងគ្រោះដែលសន្លប់ត្រូវបានបញ្ជូនទៅរោងចក្រវិញ រួចក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ មូលមិត្ត ជំនួសវិញ។

ប៉ុន្តែ លោក វេជ្ជបណ្ឌិត ជា សុខលឹម ប្រធានមន្ទីរសម្រាកព្យាបាល ជា សុខលឹម ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លោកបានព្យាបាលកម្មការិនីរូបនេះច្រើនលើករួចហើយ។ ប៉ុន្តែ លោកថា កម្មការិនីរូបនេះ មានបញ្ហាជំងឺបេះដូងហួសពីសមត្ថភាពលោក ទើបណែនាំឱ្យប្រើប័ណ្ណ ប.ស.ស ព្យាបាលពីពេទ្យជំនាញនៅពេទ្យកាល់ម៉ែត្រ។

លោក ជា សុខលឹម៖ « អត់មានហេតុផលរឿងអស់លុយទេ ខ្ញុំ!ខាងខ្ញុំគឺខាងដៃគូ ប.ស.ស ទាំងអស់មិនមានអ្នកណារិះគន់ខាងខ្ញុំទេ ព្រោះខ្ញុំព្យាយាមព្យាបាលគាត់មិនគិតរឿងអស់លុយ ឬអស់ថ្នាំច្រើនទេ។​ សំខាន់គាត់ស្រួលខ្លួន អ្នកព្យាបាលកន្លែងខ្ញុំគេងប៉ុន្មានថ្ងៃ ប៉ុន្មានម៉ោងក៏ដោយ គឺទាល់តែគាត់ស្រួលខ្លួនទើបឱ្យចេញ។ អត់និយាយរឿងគាត់ប្រើសេវាច្រើន​ ឈឺញឹក អស់លុយច្រើនទេ។ ខ្ញុំអត់បានប្រើពាក្យហ្នឹងទេ សំខាន់គាត់ឈឺច្រើនឱ្យទៅរកមូលហេតុពិតនៅមជ្ឈមណ្ឌលបេះដូង។​»

លោកវេជ្ជបណ្ឌិត ជា សុខលឹម បញ្ជាក់ថា ស្ថាប័នរបស់លោកបានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ ប.ស.ស តាំងពីឆ្នាំ២០១៣មក។ លោកថា កន្លែងលោកទទួលព្យាបាលកម្មករ-កម្មការិនីជាបន្តបន្ទាប់មិនដែលមានបញ្ហាអ្វីទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ