អាជ្ញាធរខេត្តកំពតថា កំពុងស្វែងរកអ្នកបោះបង្គោលលើផ្ទៃសមុទ្រទំហំជាង ១ហិកតា

ផ្ទៃសមុទ្រទំហំជាង ១ ហិកតា ដែលត្រូវបានគេបោះបង្គោលដាក់លក់ ស្ថិតនៅ​តំបន់ភ្នំដូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ រូបភាព៖ ហ្វេសប៊ុក william guang

អភិបាលខេត្តកំពត អះអាងថា ខ្លួនកំពុងស្វែងរកអ្នកដែលទៅបោះបង្គោលលើផ្ទៃសមុទ្រទំហំជាង ១ ហិកតា នៅ​តំបន់ភ្នំដូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់ វី.អូ.ឌី ថា លោកបានឱ្យក្រុមការងារខេត្តចុះទៅពិនិត្យស្រាវជ្រាវនៅទីតាំងដីនោះហើយ ប៉ុន្តែ លោកសុំមិនផ្ដល់ព័ត៌មានលម្អិតចំពោះរឿងនេះ។

លោកថា៖ «ខ្ញុំកំពុងឱ្យក្រុមការងារមួយពាក់ព័ន្ធនឹងតំបន់ឆ្នេរ អ៊ីចឹងបានលទ្ធផល ចាំខ្ញុំជម្រាបជូនក្មួយវិញ ឥឡូវកំពុងស្រាវជ្រាវ»។

ប្រធានមន្ទីរសុរិយោដីខេត្តកំពត លោក យិន វុឌ្ឍ ទទួលស្គាល់ថា ពិតជាមានការប្រកាសលក់ដីសមុទ្រទំហំជាង ១ហិកតាពិតមែន។ នៅពេលសួរថា តើស្ថាប័នណាជាអ្នកចេញប្លង់កម្មសិទ្ធិឱ្យនោះ លោក យិន វុធ សុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយថា រង់ចាំលទ្ធផល​របស់ក្រុមការងារចុះទៅពិនិត្យសិន។

លោកថា៖ «អញ្ចេះការងារហ្នឹង! ខ្ញុំអត់ទាន់បំភ្លឺបានទេ ដោយសារ ក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធបានចុះទៅហើយ កំពុងធ្វើរបាយការណ៍ រាយការណ៍ជូនខេត្ត។ ពាក់ព័ន្ធ [ប្លង់] ខ្ញុំអត់ទាន់ច្បាស់ទេ ចាំមើលគេធ្វើរបាយការណ៍មកសិន»។

លោក កែវ សុជាតិ ប្រធាន​ក្រុម​ហ៊ុន​ ប៊្លូស្តា រៀលធី អេន ឌីវេឡុបមេន ខូអិលធីឌី [BLUE STAR REAL ESTATECo.,Ltd] ដែលទទួលផ្សព្វផ្សាយ និងលក់អចលនទ្រព្យ មានប្រសាសន៍ថា ​ដី​ជាង​ ១ហិក​តា ដែល​ក្រុមហ៊ុនបានដាក់​លក់នោះ មិនមែន​ជា​របស់​ក្រុមហ៊ុន​ទេ​ គឺ​មាន​ម្ចាស់​ផ្សេង។ លោកបន្តថា ក្រុមហ៊ុនរបស់លោកគ្រាន់តែជាអ្នកផ្សព្វផ្សាយលក់ដីខាងលើនេះ ហើយថាការលក់នេះ ដោយសារ ម្ចាស់ដីបានអះអាងថា មានប្លង់រឹងត្រឹមត្រូវ។

លោកថា៖ «គាត់ឱ្យខ្ញុំជួយផ្សព្វផ្សាយលក់ សំអាងមានប្លង់ [រឹង] មានអីអ៊ីចឹង បានយើងខំផ្សព្វផ្សាយ ធម្មតាបើអត់ប្លង់អត់អី ក៏យើងអត់ហ៊ានផ្សព្វផ្សាយដែរ។ គាត់ប្រាប់ខ្ញុំថា រូបភាពហ្នឹង មានទឹកជោរ ទឹកនាច កាលថតទៅឱ្យ ប្រហែលជាទឹកនាច ទឹកជោរអ៊ីចឹងណា។ ប្លង់ហ្នឹងចេញយូរដែរ ហើយចាំមើលខ្ញុំឆែកមើលសិនថាប៉ុន្មានឆ្នាំ។ បង្គោលហ្នឹង ម្ចាស់ដីគេបោះយូរហើយ យើងអត់មានទៅពាក់ព័ន្ធ [ជាមួយដីហ្នឹងទេ] ក្រុមហ៊ុនណាហ៊ានទៅបោះបង្គោលអ៊ីចឹង។ ខ្ញុំគ្រាន់តែផ្សព្វផ្សាយឱ្យទេ»។

លោក កែវ សុជាតិ បន្តថា ក្រោយពីមានការរិះគន់ចំពោះរឿងនេះ ក្រុមហ៊ុនរបស់លោកក៏ស្នើសុំម្ចាស់ដីផ្អាកឈប់ផ្សព្វផ្សាយលក់ដីនោះបន្តទៀត។

វី.អូ.ឌី មិនទាន់​អាចសុំ​ការ​ឆ្លើយបំភ្លឺពីម្ចាស់ដីឈ្មោះ សុវណ្ណារ៉ា បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ​និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក​ សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង​ ​​ស្នើឱ្យអភិបាលខេត្ត និងស្ថាប័ន្ធពាក់ព័ន្ធធ្វើការបំភ្លឺជុំវិញការបោះបង្គោលលើផ្ទៃសមុទ្រនេះ ដោយក្រុមហ៊ុនអចលនទ្រព្យដែលដាក់លក់ដីនោះថាមានប្លង់រឹង ប៉ុន្តែ បើ​មិន​ដូច្នេះ​លោក ​នឹង​ចុះទៅ​ស៊ើប​អង្កេតករណីនេះ​ដោយ​ផ្ទាល់។

លោក៖ «តើឈរលើមូលដ្ឋានអ្វី បានឱ្យប្លង់រឹងទៅអ្នកដែលបោះបង្គោលលើសមុទ្រ? ហើយមានប្លង់រឹងមែនអត់? ហើយបើមាន សុំបង្ហាញ ហើយបើអត់ ក៏សុំបង្ហាញពីហេតុផល។ បើអត់ប្លង់រឹង ហេតុអីបានបោះបង្គោលលាតសន្ធឹងចូលសមុទ្រ។ អ៊ីចឹង អាជ្ញាធរបានតួនាទីអនុវត្តច្បាប់ទៅលើជនទាំងអស់ហ្នឹងអត់? ចៀសវាងករណីអ៊ីចឹង ទប់ស្កាត់ការចាក់ដីអនាធិបតេយ្យ ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា»។

សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់រូបនេះ ឲ្យដឹងថា ការចាក់ដីចូលសមុទ្រនេះ ក្នុងខេត្តកំពត មិនមែនមានតែនៅតំបន់ដូង សង្កាត់ត្រើយកោះនោះទេ លោកថា ករណីនេះក៏កើតមាននៅទីតាំងផ្សេងទៀតដែរ។

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យក្រសួងរៀបចំ​ដែនដី ចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែង ស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ​​ខេត្ត​ព្រះសីហនុ​ ចេញ​វិញ បន្ទាប់រកឃើញថា ឆ្នេរ​សមុទ្រ​មួយ​នេះ ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ