​ត្រាំ ​អះអាងថា ​ការដំឡើងពន្ធរបស់​អាមេរិកធ្វើឲ្យក្រុមហ៊ុនចាកចេញ​ពីចិន​ទៅ​វៀតណាម​

លោក ស៊ី ជីងពីង និងលោក ដូណាល់ ត្រាំ។

ប្រធានាធិបតីអាមេរិក លើកឡើងថា​ ការដំឡើងពន្ធបាន​បណ្ដាលឲ្យ​ក្រុមហ៊ុន​មួយចំនួន​ប្តូរទីតាំង​ផលិតកម្ម​របស់​ពួកគេពីប្រទេសចិនទៅ​កាន់ប្រទេសវៀតណាម​ និងប្រទេសផ្សេងៗទៀតនៅអាស៊ី​។

មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ​Fox News ដែល​បាន​ចាក់ផ្សាយ​កាលពីថ្ងៃអាទិត្យ​ចុងសបា្តហ៍មុន។ ទោះ​យ៉ាងណាក៏ដោយ ​ក្នុងបទសម្ភាស៍នោះ ប្រធានាធិបតី​អាមេរិក​រូបនេះមិនបាន​បញ្ជាក់​នោះ​ទេ​ថា​ តើ​ហេតុអ្វី​បាន​ជាក្រុមហ៊ុន​ទាំង​នោះជ្រើសរើស​យក​ប្រទេស​វៀតណាម​ជាគោលដៅ​។

ក្នុងបទសម្ភាសន៍នោះ លោក ដូណាល់ ត្រាំ បាន​លើកឡើងផងដែរថា​ លោកសប្បាយចិត្តក្នុងការ​ដំឡើងពន្ធលើ​ទំនិញ​នាំចូល​ពីប្រទេសចិន​ ព្រោះ​ថា ​វាអាចជួយឲ្យ​អាមេរិក​រក​ចំណូលពន្ធបានរហូតដល់​​ ១០០ពាន់លាន​ដុល្លារ ឬច្រើនជាងនេះ។ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​បញ្ជាក់​ទៅ​ភាគីចិន​ដែរថា​ ដំណោះស្រាយ​ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និង​ចិន នឹងមិន​អាចធ្វើ​ទៅបាន​នោះទេ ក្រោម​រូបភាព​៥០-៥០។ លោកថា កិច្ចព្រមព្រៀងណាមួយកើតឡើងត្រូវតែ​ឲ្យ​អាមេរិក​ចំណេញ​ជាង ដោយ​សារតែ​ចិនខ្សែលើ​អាមេរិ​ក​យូរ​ហើយ។

ទោះ​យ៉ាងណាក៏ដោយ មេដឹកនាំក្រុង​ប៉េកាំង​បាន​បដិសេធរាល់​ការអះអាងរបស់​លោក ដូណាល់ ត្រាំ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ ខាង បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ​កាលពីម្សិលមិញ​ថា ​អ្វី​ដែល​លោក ដូណាល់ ត្រាំ បាន​លើកឡើង​ ជា​ចេតនា​នយោបាយដែលមិន​បានឆ្លុះបញ្ចាំងពីស្ថាន​ភាពពិតជាក់​ស្តែងនោះទេ​។ លោក បន្ថែម​ថា ឥរិយាបថរបស់​អាមេរិកជួនកាល​បាន​បង្កជា​ការរំខានដល់​ទីផ្សារសកលទៀតផង​។

លោក លូ ខាង បាន​បញ្ជាក់ថា ​ទោះបីជាមានការ​គំរាម​កំហែងក្នុងការ​ដំឡើងពន្ធពីភាគីអាមេរិក​យ៉ាងណាក្តី​ ចិន​នៅតែ​ជាគោលដៅដ៏ពេញ​និយម​សម្រាប់​អ្នកវិ​និយោគ​បរទេ​ស​។ លោក បាន​លើកជាឧទាហរណ៍​ថា​ ក្រុមហ៊ុនធំៗលំដាប់​អន្តរជាតិ​ជាច្រើន​ដូចជា​ ExxonMobil, Tesla, BASF និង BMW ជាដើម​ កំពុងតែពង្រីក​ខ្លួន​នៅក្នុងប្រទេស​ចិន ដោយថា ​តែពួកគេជឿជាក់​ទៅលើ​ស្ថិរភាព​នៃ​សេដ្ឋចិនប្រទេសរបស់​លោក។

លោក បន្ថែម​ថា ​ចិន​ស្វាគមន៍​ជានិច្ចចំពោះ​វិនិយោគិនបរទេស​ទាំងឡាយ ដោយធានាបង្កើត​នូវបរិយាកាស​ទីផ្សារមួយដែល​មាន​ស្ថិរភាព យុត្តិធម៌ និង​តម្លាភាព​។

កាល​ពី​ថ្ងៃទី​១០ ខែឧសភា ខណៈដែល​ក្រុម​អ្នកចរចានៃប្រទេសទាំងពីរ​កំពុងពិភាក្សា​ស្វែងរកដំណោះស្រាយ លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធទំនិញ​នាំចូល​ពី​ចិន​រហូតដល់​២៥ភាគរយ។​ តាំងពី​ពេល​នោះមក ទាំងចិន និង​អាមេរិក មិនទាន់​កំណត់​ពេល​វេលា​ជាក់​លាក់ណាមួយ​ដើម្បីជួបជជែក​ពិភាក្សាគ្នា​លើ​ការដំឡើងពន្ធ​បន្ថែមទៀត​លើ​ទំនិញ​ចិន​ពីសំណាក់​ភាគី​អាមេរិក​នោះនៅឡើយទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ