លោក ខៀវ កាញារីទ្ធ គំរាមបង្ហាញមុខជាសាធារណៈចំពោះមន្រ្តីណាបើកប្រាក់ខែតែអត់ធ្វើការងារ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានគំរាមបង្ហាញមុខជាសាធារណៈចំពោះមន្រ្តីក្រោមឱវាទរបស់លោក ដែលលោកថា មានមន្រ្តីមួយចំនួនបើកតែប្រាក់ខែ ប៉ុន្តែ អត់បំពេញការងារ។

លោក ខៀវ កាញ្ញារីទ្ធ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ក្រោយពីមានការរអ៊ូរទាំពីមន្រ្តីក្រសួងព័ត៌មាន អំពីមន្រ្តីមួយចំនួនដែលមានតែឈ្មោះបើកប្រាក់ខែនោះ លោកបានស្នើទៅគ្រប់អគ្គនាយកដ្ឋានទាំងអស់ត្រូវបញ្ជូនឈ្មោះ និងរូបថតមន្រ្តីក្រោមឱវាទអសកម្មទាំងនោះដើម្បីលោកផ្សព្វផ្សាយលើហ្វេសប៊ុកជាសាធារណៈ។

រដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា លោកបង្ហោះរូបអ្នកស៊ីលើកម្លាំងមន្រ្តីក្រសួងជាសាធារណៈ គឺដើម្បីចូលរួមចំណែកអភិបាលកិច្ចល្អរបស់រដ្ឋាភិបាល។

លោក ខៀវ កាញ្ញារីទ្ធ៖ «ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់អគ្គនាយក​ដ្ឋាន​ បញ្ជូន​ឈ្មោះ​ និងរូប​ថត​ មន្ត្រី​ណា​ខ្លះ​ដែល​មាន​តែ​ឈ្មោះ​ តែ​បើក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​លើ(ខ្សែលើ)​កម្លាំង​មន្ត្រី​ក្រសួង»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បញ្ជក់បន្ថែមពីលើប្រសាសន៍លោក ខៀវ កាញារីទ្ធ ថាដើម្បីធ្វើកំណែទំរង់រដ្ឋបាលសាធារណៈរបស់រដ្ឋគឺ ក្រសួងព័ត៌មានកំពុងពិនិត្យទៅលើភាពអសកម្មការងាររបស់មន្រ្តីមួយចំនួន ដើម្បីមានវិធានការ។ អ្នកនាំពាក្យរូបនេះឲ្យដឹងថា មន្រ្តីក្រសួងអសកម្មការងារនោះ គឺមានតិចតួចបំផុត ហើយថា ប្រសិនបើរកឃើញថា ប្រព្រឹត្តកំហុសធ្ងន់ផ្ទុយពីច្បាប់លក្ខខណ្ឌមន្រ្តីរាជការ នឹងជំរុញឲ្យអនុវត្តច្បាប់។

លោកបន្ថែមថា៖ «ប្រសិនបើយើងពិនិត្យរកឃើញជាក់ស្តែងថា មានការប្រព្រឹត្តកំហុសផ្ទុយពីច្បាប់របបលក្ខខណ្ឌមន្រ្តីរាជការស៊ីវិល គឺយើងនឹងធ្វើការអនុវត្តទៅតាមច្បាប់ ព្រោះនៅក្រសួងព័ត៌មាន មន្រ្តីខ្លះយើងមិនបានឃើញគាត់នៅការិយាល័យជាប់ជាប្រចាំមែន ប៉ុន្តែ គាត់បានធ្វើការងារ និងផ្ញើលទ្ធផលការងារមកតាមរយៈការចុះទៅយកព័ត៌មានផ្សេងៗ»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានសាទរទៅនឹងវិធានការលុបបំបាត់មន្រ្តីរដ្ឋដែលអសកម្មការងារនេះ។ ប៉ុន្តែ លោកស្នើឲ្យមានវិធានការតាមបែបរដ្ឋបាលជាមុនសិន ជាជាងផ្សព្វផ្សាយឈ្មោះជាសាធារណៈដែលធ្វើប៉ះពាល់ដល់មន្រ្តីសាធារណៈ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា គួរប្រើប្រាស់យន្តការដែលមានស្រាប់ឲ្យអស់លទ្ធភាពសិន ដូចជា ការដាស់ទឿនក្រើនរំឭកពិន័យរដ្ឋបាល វាជាវិធានការមួយប្រើប្រាស់ក្នុងវិធានការសាធារណៈដល់សម័យបច្ចេកវិទ្យាទំនើបនេះ ប្រសិនបើយករូបយកឈ្មោះមន្រ្តីមកធ្វើរបៀបនេះ [ផុលលើបណ្តាញសង្គមហ្វេសប៊ុក] ខ្ញុំគិតថា នឹងធ្វើប៉ះពាល់ដល់តម្លៃមន្រ្តីរាជការ»។

របាយការណ៍របស់ក្រសួងមុខងារសាធារណៈឆ្នាំ២០១៧ ឲ្យដឹងថា ចំនួនមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជាមានចំនួនជិត២០ម៉ឺននាក់។​ លោកនាយករដ្ឋមន្ត្រីក៏បានដាក់ចេញអភិក្រមទាំង៥ ដើម្បីរឹតបន្តឹងធ្វើកំណែទម្រង់លើមន្ត្រីរដ្ឋាភិបាលទាំងអស់ក្នុងនោះអភិក្រមចុងក្រោយគឺវះកាត់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ