រដ្ឋាភិបាល ដាក់ចេញវិធានការបន្ទាន់​បន្ថែមទៀត ដើម្បីដោះស្រាយ​បញ្ហាទឹកកខ្វក់នៅព្រះសីហនុ

ទីតាំង​ទឹកស្អុយ​លាយឡំនឹងលាមកផង ត្រូវ​បានបង្ហូរចូលសមុទ្រតាមប្រព័ន្ធលូធំមួយ ចេញពីសណ្ឋាគារ សាន់សាញ់ បេ របស់ចិន។ រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia /Screenshot

ក្រុមការងារអន្តរក្រសួង បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ជុំវិញ​​បញ្ហានៃការ​បង្ហូរទឹកកខ្វក់ចូលសមុទ្រក្នុងខេត្តព្រះសីហនុ។

ការដាក់ចេញនូវវិធានការនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំអន្ដរក្រសួងមួយ កាលពីថ្ងៃទី២១ ខែឧសភា ដែលមានការចូលរួម និងដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយក្រោយកិច្ចប្រជុំនេះ គណៈកម្មាធិការអន្ដរក្រសួងអះអាងថា បញ្ហាកាកសំណល់ និងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រខេត្តព្រះសីហនុ គឺកើនឡើងស្របពេលដែលខេត្តមួយនេះមានការអភិវឌ្ឍផ្នែកឧស្សហកម្ម និងទេសចរណ៍។​ ម្យ៉ាងទៀត គណៈកម្មាធិការអន្ដរក្រសួងក៏បានបន្ទោសបញ្ហានេះទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចទ្រទ្រង់បាន និងកំណើនទឹកកខ្វក់ ដែលថា បានហូរតាមអូរធម្មជាតិចូលទៅសមុទ្រ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងទេសភាពតំបន់ឆ្នេរសមុទ្រ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គណៈកម្មាធិការអន្ដរក្រសួងនេះ បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលអាចច្រោះទឹកកខ្វក់បាន ៣០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់ស្ថានីយ៍បូមទឹកកខ្វក់បន្ថែម រៀបចំប្រព័ន្ធលូ និងបំពាក់ឧបករណ៍ និងសម្ភារផ្សេងៗ ទៀត។

ក្រៅពីនេះ គណៈកម្មាធិការអន្ដរក្រសួងក៏ជំរុញឲ្យភាគីពាក់ព័ន្ធមានម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុនេះ។

នៅដើមឆ្នាំ២០១៩នេះ ក្រុមសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ​បានរកឃើញទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រយ៉ាងហោចណាស់ ៥​កន្លែង រួមមាន នៅឆ្នេរអូរឈើទាល នៅឆ្នេរអូរត្រេះ ​ទីតាំងមួយចំនួននៅកោះរ៉ុងសន្លឹម កោះរ៉ុង និងនៅឆ្នេរឯករាជ្យ។

សកម្មជនរបស់អង្គការមាតាធម្មជាតិអះអាងថា សកម្មភាពបង្ហូរទឹកស្អុយ និងលាមកចូលក្នុងសមុទ្រនៃខេត្តព្រះសីហនុ គឺកើតចេញពីសណ្ឋាគារ និងកាស៊ីណូរបស់ចិន ដែលចូលមកវិនិយោគក្នុងខេត្តនេះ និងបានដើរផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ