ក្រុមហ៊ុនជប៉ុន Panasonic ផ្អាកធ្វើពាណិជ្ជកម្ម​ជាមួយ Huawei

Panasonic and Huawei

ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោក ​Panasonic របស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្អាកការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន​ចិន ​Huawei​ និងបណ្តុំក្រុមហ៊ុនចំនួន​៦៨ ជាសម្ព័ន្ធរបស់ក្រុមហ៊ុនចិនមួយនេះទៀត តាមបំរាមរបស់សហរដ្ឋអាមេរិក។​ នេះបើតាមការចុះផ្សាយរបស់ CNA។​

ក្រុមហ៊ុន​ជប៉ុន​ប្រកាសជំហររបស់ខ្លួននៅថ្ងៃនេះ ​គឺក្រោយមួយថ្ងៃដែលក្រុមហ៊ុនទូរសព្ទធំៗ ចំនួន​៤ របស់អង់គ្លេស និងជប៉ុន បានសម្រេចពន្យារពេលដាក់ឱ្យប្រើប្រាស់កម្មវិធីអ៊ីនធឺណិត ជំនាន់ទី៥ របស់ក្រុមហ៊ុន Huawei។​

អ្នកនាំពាក្យឱ្យក្រុមហ៊ុន Panasonic លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកសម្រេចផ្អាករាល់ប្រតិបត្តិការជាមួយក្រុមហ៊ុន​ចិន Huawei គ្រប់ផ្នែកទាំងអស់។​ លោកថា ក្រុមហ៊ុនលោកបានផ្សព្វផ្សាយជាលក្ខណៈផ្ទៃក្នុងដល់បុគ្គលិកទាំងអស់កាលពីម្សិលមិញ។​

លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកមានទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei លើផ្នែកផ្គត់ផ្គង់សម្ភារអេឡិចត្រូនិចខ្លះ ប៉ុន្តែ លោកមិនបញ្ជាក់លម្អិតទេ។​

តាមក្រុមហ៊ុន​ជប៉ុន បញ្ជាក់ថា ពេលនេះ រដ្ឋអំណាចវ៉ាស៊ីនតោនកំពុងតែរឹតបន្តឹងផលិតផលប្រើប្រាស់នៅសហរដ្ឋអាមេរិក ចំណែកក្រុមហ៊ុន Panasonic ក៏ជាអ្នកផ្គត់ផ្គង់ឧបករណ៍មួយចំនួនដល់ក្រុមហ៊ុន Huawei ដូច្នេះ ក្រុមហ៊ុនជប៉ុននេះក៏អាចប្រឈមមុខជាមួយអាមេរិកដែរ។​

វិធានការបន្តបន្ទាប់ដាក់សម្ពាធលើក្រុមហ៊ុន Huawei គឺកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន​បាន​ប្រកាសដាក់សន្តិសុខជាតិក្នុងស្ថានភាពអាសន្ន ហើយរារាំងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកផ្អាកការទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន​បរទេស។​

បើទោះជាវិធានការអាមេរិកហាក់សំដៅលើក្រុមហ៊ុនចិន Huawei ក៏ដោយ ប៉ុន្តែ សេតវិមានបញ្ជាក់ថា វិធានការរបស់លោក ដូណាល់ ត្រាំ នេះ ដើម្បីសុវត្ថិភាពរបស់ជាតិមិនសំដៅលើប្រទេស ឬក្រុមហ៊ុន​ណាមួយទេ។​

ទោះយ៉ាងណា សេចក្តីសម្រេចអាមេរិកនេះហាក់ដូចជាយុទ្ធនាការមួយដែលប្រឆាំងក្រុមហ៊ុនចិន Huawei ដែលចាប់ផ្តើមដោយក្រុមអ៊ិនធឺណិតធំលំដាប់ពិភពលោករបស់អាមេរិក​ Google  ដែលប្រតិបត្តិការលើប្រព័ន្ធទូរសព្ទទំនើបលើពិភពលោក។​

សហរដ្ឋអាមេរិកបានដាក់ការសង្ស័យយូរណាស់មកហើយថា ក្រុមហ៊ុន Huawei ធ្វើការទំនាក់ទំនងជាមួយកងទ័ពចិនក្នុងការលួចយកព័ត៌មាន។​

បញ្ហាស្រដៀងគ្នាជាមួយអាមេរិកនេះ ក៏មានការលើកឡើងយ៉ាងចម្រូងចម្រាស់ផងដែរនៅប្រទេសអង់គ្លេស ដែលមានការលេចធ្លាយព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើទៅរដ្ឋាភិបាលកាលពីខែមុនឱ្យរឹតបន្តឹងការប្រើប្រាស់អ៊ិនធឺណិតជំនាន់ទី៥របស់ក្រុមហ៊ុន Huawei។​

ទោះយ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Huawei បានថ្លែងថា ការដាក់សម្ពាធនេះគឺជារឿងគួរឱ្យសោកស្តាយ ហើយថា បញ្ហាទាំងនេះជារឿងនយោបាយ ហើយ​ពិតជាអាចដោះស្រាយបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ