អាជ្ញាធរ​ ព្រមាន​ចាប់ខ្លួន​ម្ចាស់​កាស៊ីណូ​ជនជាតិ​ចិន​នៅកោះរ៉ុងសន្លឹម ​បើ​នៅតែ​បំពានច្បាប់​កម្ពុជា​

មជ្ឈមណ្ឌលកម្សាន្ត ជីង ទីង នៅខេត្តព្រះសីហនុ។ រូបភាព៖ Mother Nature Cambodia/ Screeshot

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ អះអាង​ថា​ ម្ចាស់កាស៊ីណូជាជនជាតិ​ចិន ​ដែលបើក​អាជីវកម្ម​លើ​កោះ​រ៉ុង​សន្លឹម ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ បើ​នៅតែ​បំពានច្បាប់​កម្ពុជា​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ ឱ្យ​ VOD​ ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ថា​ ក្រុមការងារនឹងប្រើវិធានការ​លើក​ទី៣ ដើម្បីជំរុញឲ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង គោរពច្បាប់កម្ពុជា តាមរយៈការប្តឹងទៅតុលាការ ។ លោក​ព្រមាន​ថា​ វិធានការ​ចាប់ខ្លួន​នឹង​ត្រូវ​ធ្វើឡើង​ បើបុគ្គលពាក់ព័ន្ធនៅតែ​បំពានលើការសម្រេចរបស់តុលាការ​ ។

អ្នកនាំពាក្យ​រូប​នេះ ​បញ្ជាក់​ថា មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បានធ្វើអាជីវក​ម្មបំពានច្បាប់​កម្ពុជា​ ដល់ទៅ ៣ករណី​។ លោក​ បន្ត​ថា​ ករណីទាំងបីនោះរួមមាន​ សាងសង់សំណង់​​​គ្មាន​ច្បាប់​អនុញ្ញាត​ បើក​អាជីវកម្ម​ឱ្យ​លេងល្បែង​​ហួស​សុពលភាព​ និង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​។

លោក​ថា​៖ «សំណង់​ហ្នឹង​ នៅពេល​ដែល​ចាប់ផ្តើម​ធ្វើ ​អាជ្ញាធរ​យើង​គ្រប់​ជាន់ថ្នាក់​បាន​ទៅ​ហាមឃាត់​ជាបន្តបន្ទាប់​។ ប៉ុន្តែ​ គាត់​នៅតែ​លួច​ធ្វើ​។ អានេះ​ហើយដែល​ធ្វើ​ឱ្យ​យើង​មើលឃើញ​ថា​ គាត់​មាន​ចេតនា​មួយ​ មិន​គោរពច្បាប់ ​[កម្ពុជា​] តាំងពី​ដើមទី​»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ​ អាជ្ញាធរ​ខេត្ត​បាន​ជូនដំណឹង​ពីរ​ដង​រួចមក​ហើយ​ ចាប់ពី​ខែមីនា​មក​ ដោយ​តម្រូវ​ឱ្យមជ្ឈ​មណ្ឌ​លកម្សាន្ត ជីន ទីង នេះ ឈប់​ធ្វើអាជីវកម្ម និង​ត្រូវ​រុះរើ​សំណង់​របស់ខ្លួនចេញ​វិញ តែ​ក្រុមហ៊ុន​នេះ​មិន​ព្រម​​អនុវត្ត​តាមការណែនាំរបស់អាជ្ញាធរដែនដីទេ​។

ប៉ុន្តែ ​នៅពេល​សួរ​ថា​ តើ​ហេតុអ្វី​បាន​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​ការសាងសង់​នេះ​បាន​ បើ​អាជ្ញាធរ​ខេត្ត​ដឹង​ថា​ ក្រុមហ៊ុន​ចិន​មួយ​នេះគ្មាន​ច្បាប់​អនុញ្ញាតឱ្យ​សាងសង់ ​លោក​ ឃាង​ ភា​រម្យ​ ពន្យល់​ថា​ អាចម​កពី​ការ​ខ្វះចន្លោះ​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​ឃ្លាំមើល​លើ​វិធានការ​ទប់ស្កាត់​ ដោយ​ថា​ ពីទី​រួម​ខេត្ត​ទៅ​កោះ​រ៉ុង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវទឹក​ក្នុង​ចម្ងាយផ្លូវ​ជាង ២០គីឡូម៉ែត្រ​ ។

ក្រុមហ៊ុន​កាស៊ីណូ​របស់​ចិន​មួយ​នេះ​បើក​អាជីវកម្ម​របស់​ខ្លួន​ក្រោម​រូបភាព​ដាក់ឈ្មោះ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ ជីន​ ទីង​ ស្ថិតនៅ​លើ​កោះ​រ៉ុង​សន្លឹម​។ បើ​តាម​អ្នកនាំពាក្យ​ ក្រុមហ៊ុន​នេះ​បើ​កអាជីវកម្ម​ចាប់ពី​ចុងឆ្នាំ២០១៨មក​។

VOD​ មិនទាន់​អាច​រក​ប្រភព​ដើម្បី​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុម​ចិន​ដែល​រង​ការចោទប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ក្រុម​យុវជន​មាតា​ធម្មជាតិ​ដែល​តាមដាន​ករណីនេះ​ បាន​ចងក្រង​ជា​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ថា​ បាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ និង​រូបភាព​មនុស្ស​នាំគ្នា​លែង​ល្បែង​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​យីហោ​ ជីន​ ទីង​ នេះ​ ។

តាម​វីដេអូ​ឃ្លី​បក្រុ​មយុវ​ជន​បរិស្ថាន​ អះអាង​ថា​ ខ្លួន​គ្មាន​ជឿ​ថា​ អាជ្ញាធរ​កម្ពុជា​ នឹង​ចាប់ខ្លួន​ថៅកែ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ទៅកាត់​ទោស​តាមច្បាប់​កម្ពុជា​នោះ​ទេ​។

យុវជន​រូបនោះ ​ថា​៖ «មិន​ត្រឹមតែ​ល្មើស​ទៅ​នឹង​បទបញ្ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះទេ​មជ្ឈមណ្ឌល​កម្សាន្ត​ និង​កា​ស៊ី​ណូ​ ជីន​ ទីង​ ទំនងជា​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​រួចផុត​ពី​ទោស​ទាក់ទិន​នឹង​ការសាងសង់​រំលោភ​ដី​សា​ធារ​ណៈរបស់​រដ្ឋ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​អ្នក​ប្រព្រឹត្ត​​អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ពី១ឆ្នាំ ទៅ៥ឆ្នាំ នេះ​បើ​យោង​តាមច្បាប់​ភូមិបាល​មាត្រា ២៥៩​»។

មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ លោកស្រី​ ជាប​ សុធា​រី​ មានប្រសាសន៍​ថា​ ភាព​ចម្រូង​ចម្រាស​រវាង​អាជ្ញាធរ​កម្ពុជា​ជាមួយ​អ្នក​វិនិយោគ​ចិន​ទាក់ទិន​នឹង​ការបំពាន​ច្បាប់​កម្ពុជា​នេះ​ លោកស្រី​ថា​ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។ ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ ដើម្បី​ជា​សារ​ព្រមាន​កុំ​ឱ្យ​ក្រុមហ៊ុន​ខិលខូច​ផ្សេងទៀត​យក​គម្រូ​តាម​។

យ៉ាងនេះ​ក្តី​ អ្នកនាំពាក្យ​សាលាខេត្ត​ លោក​ ឃាង​ ភា​រម្យ​ អះអាង​ថា​ អាជ្ញាធរ​ខេត្ត​ដែល​ជា​សេនាធិការនឹង​ឱ្យ​រដ្ឋាភិបាល​ចាត់​ធាន​ការ​ករណីនេះ​ ឱ្យ​មានប្រសិទ្ធភាព​ ដោយ​ថា ​កម្ពុជា​លើកទឹកចិត្ត​អ្នក​វិនិយោគ ​ប៉ុន្តែ ​មិន​អនុញ្ញាត​ឱ្យ​អ្នក​វិ​និយោគ​បំពានច្បាប់​កម្ពុជា​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ