រដ្ឋាភិបាល​ហៅ​ការ​ចង់​ធ្វើ​ច្បាប់​ដាក់​សម្ពាធ​កម្ពុជា​ ថា​ជា​និន្នាការ​ពិសពុល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រីដែលទៅទទួលលោកនៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត និងផ្លូវ» លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

រដ្ឋាភិបាល​កម្ពុជា​ ហៅ​ការដែល​សមាជិកព្រឹទ្ធសភា​អាមេរិក​ចង់​ឱ្យ​មានច្បាប់​ចង​កាតព្វកិច្ច​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​នោះ​ថា​ ជា​និន្នាការ​ពិសពុល​ប្រឆាំង​ទៅ​នឹង​ឆន្ទៈ​ពលរដ្ឋខ្មែរ​។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថ្មី​ៗនេះ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា ស​មា​ជិ​កព្រឹទ្ធសភា​អាមេរិក​៣រូប​ ប៉ុនប៉ង​ស្នើ​ច្បាប់​ថ្មីទៀត​នូវ​ច្បាប់​ដែល​បាន​បរាជ័យ​ម្តង​រួច​ទៅ​ហើយ​នោះ​ ។

ការិយាល័យ​អ្នកនាំពាក្យ​ ចាត់ទុក​ការ​ព្យាយាម​នេះ​ថា ​ជា​និន្នាការ​អវិជ្ជមាន​ប្រកបដោយ​ពិសពុល​ប្រឆាំង​ទៅ​នឹង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង៨៣ភាគរយ ដែល​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ ​ឲ្យបន្ត​គ្រប់គ្រង​អំណាច​។

កាលពី​ថ្ងៃទី១៤ ខែឧសភា​ សប្តាហ៍​មុន សមាជិកព្រឹទ្ធសភា​អាមេរិក​៣រូប​ បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​ទៅ​ក្រុមការងារ​របស់​ខ្លួន​ ដែល​ច្បាប់​នោះបាន​ចង​កាតព្វកិច្ច​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសឱ្យ​បាន​ពេញលេញ ​​ធានា​សន្តិសុខ​ក្នុង​តំបន់​ ទប់ស្កាត់​ឥទ្ធិពល​ចិន​ ដោះលែង​លោ​ក កឹម​ សុខា​ ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​ ដោយមាន​អតីត​បក្ស​ប្រឆាំង​ចូលរួម ជាដើម។

យ៉ាងនេះ​ក្តី ​ការិយាល័យ​អ្នកនាំពាក្យ​អះអាង​ក្នុង​លិខិត​នេះ​ថា​ កម្ពុជា​ពេលនេះ​បាន​ក្លាយជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ ហើយ​គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជាមួយនឹង​ការរៀបចំ​ការបោះឆ្នោត​ដោយ​ទៀងទាត់​ សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​។

រដ្ឋាភិបាល​អះអាង​ថា ​ក្នុង​ន័យ​នេះ​ កម្ពុជា​មាន​កាតព្វកិច្ច​ផ្លូវច្បាប់​ ការពារ​សន្តិសុខ​ សណ្តាប់​ធ្លាប់​សង្គម​ រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ​ តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

ទោះជាយ៉ាងណា ​សមាជិករដ្ឋសភា​អាមេរិក​ លោក​ អា​ឡាន​ ឡូ​វិន​ថល​ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃពុធ ថា​ បក្ស​កាន់អំណាច​កម្ពុជានឹង​បន្ត​ប្រើ​កណ្តាប់​ដៃ​ដែក​ទប់ស្កាត់​មិន​ឱ្យ​មាន​ប្រជាធិបតេយ្យ​សេរី​នៅ​កម្ពុជា​ទេ​ បើ​គ្មាន​កិច្ចអន្តរាគមន៍​ ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ