សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនបុរសម្នាក់ពីបទប្រមាថព្រះមហាក្សត្រ

លោក គឹម បញ្ញា ​ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ។ រូបភាព៖ បណ្ដាញសង្គម

សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នកាលម្សិលមិញ ដោយចោទថា បានជេរប្រមាថដល់អង្គព្រះមហាក្សត្រ។

ដីកាចៅក្រមស៊ើបសួរ សុវណ្ណ ច័ន្ធន៍គ្រឹះស្នា នៃសាលាដំបូងខេត្តស្វាយរៀងចេញផ្សាយកាលពីថ្ងៃម្សិលមិញ បញ្ជាក់ថា បុរសម្នាក់នោះឈ្មោះ គឹម បញ្ញា ​ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។​

តាមដីកាចោទប្រកាន់បុរសនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអង្គព្រះមហាក្សត្រ។ ដីកាចោទថា បុរសនោះបានប្រព្រឹត្តកំហុសនៅកន្លែងរស់នៅ គឺមុនមួយថ្ងៃនៃការចាប់ខ្លួន។​

ដីកាបញ្ជាក់ថា រយៈពេលនៃការឃុំខ្លួនបុរសនេះចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ និងមិនឱ្យហួសពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លើកលែងតែមានដីកាបង្គាប់ឱ្យពន្យារពេលនៃការឃុំខ្លួន ឬ ដីកាបង្គាប់ឱ្យរក្សាទុកជនត្រូវចោទក្នុងការឃុំរង់ចាំការជំនុំជម្រះ។​

ចៅក្រមស៊ើបសួរ សុវណ្ណ ច័ន្ធន៍គ្រឹះស្នា ចោទប្រកាន់នេះ ផ្អែកលើមាត្រា៣០៥ មាត្រា៣០៧ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៣៧ (ស្ទូន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ