មន្ត្រីកម្ពុជាថាមិនបារម្ភ Huawei លួចព័ត៌មាន ព្រោះមានប្រព័ន្ធត្រួតពិនិត្យ

ទូរសព្ទម៉ាក Huawei

មន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងថា នៅតែបន្តការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយក្រុមហ៊ុនទូរសព្ទរបស់ចិន Huawei ទៅ​លើ​អ៊ីនធឺណិត​ជំនាន់​ទី​៥ ឬ​5G ដោយមិនបារម្ភពីការលួចព័ត៌មានសម្ងាត់របស់ជាតិនោះទេ ព្រោះថា កម្ពុជាមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពដែលអាចទុកចិត្តបាន។

ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ ចំនួន​៤​របស់​អង់គ្លេស និង​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២២ ខែឧសភា បាន​សម្រេច​ពន្យារ​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត​ជំនាន់ទី៥ ឬ5G របស់​ក្រុមហ៊ុន Huawei ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា​ Huawei បាន​យក​ការ​សម្ងាត់​របស់​អាមេរិក និង​បាន​ដាក់​ក្រុមហ៊ុន​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម។

ក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ពិភពលោករបស់អាមេរិក Google និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន​Panasonic បានផ្អាកការធ្វើពាណិជ្ចកម្មជាមួយ Huawei បន្តបន្ទាប់។​

អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ លោក អ៊ឹម វត្ថា មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ រាល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ក្រុមហ៊ុន Hauwei គឺ​នៅ​តែ​រក្សា​ដដែល ដោយ​គ្មាន​ការ​បារម្ភ​នោះ​ទេ ខណៈ​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី​៥ រវាង​កម្ពុជា​ និង​ក្រុមហ៊ុន​នេះ​គឺ​នៅ​តែ​បន្ត​ទៅ​មុខ​។

លោក​ថា៖ «ជា​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ ​5G នេះ​ ហើយ​មក​ទាល់​តែ​ឥឡូវ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ​ គឺ​នៅ​ដដែល គឺ​គ្មាន​អី​ប្រែប្រួល​នោះ​ទេ »។

ទោះ​ជា​យ៉ាង​ណា ​លោក​មិន​បាន​បញ្ជាក់​ថា​ ការ​អភិវឌ្ឍរួម​គ្នា​នេះ​ឈាន​ដល់​កម្រិត​ណា​នៅ​ឡើយ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ទៅ​ប្រទេស​ចិន​ កាល​ពី​ចុង​ខែ​មេសា​ កន្លង​ទៅ​ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ចំនួន​នៅ​ក្នុង​នោះ​ក៏​មាន​ការ​អភិវឌ្ឍ​រួម​គ្នា​រវាង​កម្ពុជា និង​ Huawei ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី​៥​នេះ​ ដោយ​កម្ពុជា​ជា​ប្រទេស​ទី​១​ នៅ​តំបន់​អាស៊ាន​ដែល​បាន​ចុះ​ហត្ថលេខា​នេះ។

អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី មាន​ប្រសាសន៍​ថា​ ប្រសិន​ជា​បច្ចេកវិទ្យា​របស់ Huawei ​ពិត​ជា​បង្ក​ហានិភ័យ​ដល់​សន្ដិសុខ​ជាតិ​មែន​នោះ វា​ជា​ហានិភ័យ​មួយ​ដល់​កម្ពុជា ​ប្រសិន​ជា​ប្រទេស​នេះ​នៅ​ទទួល​យក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ​មក​អភិវឌ្ឍ​នៅ​ប្រទេស​ខ្លួន។

លោក​ថា៖ «នៅ​ពេល​ដែល​ព័ត៌មាន​សន្តិសុខ​ និង​សម្ងាត់របស់​ជាតិ​ត្រូវ​បាន​គេ​យក​បាន​ បាន​ន័យ​ថា ​ប្រទេស​នោះ​ស្ថិត​ក្នុង​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​របស់​យើង។ ហើយ​ការ​សម្រេច​របស់​ជាតិ​សំខាន់ៗ​គឺ​ត្រូវ​បាន​គេ​តាម​ដាន​ អ៊ីចឹង បើ​សិន​ជា​រដ្ឋាភិបាល​ណា​មួយ​ដែល​គេ​មាន​បំណង​មិន​ល្អ​នៅ​ពេល​ដែល​គេ​ដឹង​ព័ត៌មាន​សំងាត់​ពី​យើង គេ​អាច​តាមដាន​ និង​អាច​យក​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ទៅ​ធ្វើ​សកម្មភាព​ដែល​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​ ឬ​ការ​គ្រប់គ្រង​សន្តិសុខ​ជាតិ​ »

បើ​តាម​លោក ម៉ូរី រដ្ឋាភិបាល​គួរ​មាន​កិច្ច​ព្រមព្រៀង​​ជាក់​លាក់​មួយជា​មួយ​ក្រុមហ៊ុន ហើយ​បើ​សិន​ជា​អាច​ គឺ​ត្រូវ​ធ្វើ​ជា​មួយ​រដ្ឋាភិបាល​ចិន​តែ​ម្ដង​ ដើម្បី​ធានា​ថា ​ព័ត៌មាន​ឯកជន​របស់​ពលរដ្ឋ​កម្ពុជា និង​ការ​សម្ងាត់​របស់​ជាតិ​មិន​ត្រូវ​បាន​បែក​ធ្លាយ​ទៅ​កាន់​ប្រទេស​នេះ។

​កាល​ពី​សប្ដាហ៍​មុន​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ​ដែល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​។ សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា ​បច្ចេកវិទ្យា​របស់ ​Huawei លួចព័ត៌មានឱ្យយោធាចិន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​អាមេរិក ខណៈ​ចក្រភព​អង់គ្លេស​ក៏​កំពុង​ពិនិត្យ​មើល​ឡើង​ពី​គោល​នយោបាយ​ 5G របស់​ខ្លួន​ជា​មួយ​ក្រុមហ៊ុន​នេះ​ផង​ដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ