ក្រុមហ៊ុនចិនគ្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវនៅកម្ពុជា

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

ក្រុមហ៊ុនចិនគ្រោងសាងសង់ឃ្លាំងស្តុកទុក និងឡសម្ងួតស្រូវនៅក្នុងប្រទេសកម្ពុជាដោយអះអាងថា អាចរក្សាស្ថិរភាពតម្លៃ និងលើកកម្ពស់ជីវភាពដល់កសិករ ហើយអាចជួយជំរុញការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។​

លោក ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនចិន Henan Yuguang International Economic & Technical Cooperation បានលើកឡើងនៅពេលដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ថា ក្រុមហ៊ុនលោកកំពុងសិក្សាដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវនៅក្នុងដែលមានសក្តានុពល។​

លោក ប៊ី គង់មីន ថ្លែងថា ឃ្លាំងនោះអាចស្តុកស្រូវ និងអង្ករបាន១លានតោន ដែលធានាដល់ស្ថិរភាពតម្លៃ និងបង្កើនការនាំចេញ។

ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម៖ «លោក ប៊ី គង់មីន បានបន្ថែមទៀតថា ក្រុមហ៊ុនលោកចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្តដែលមានសក្តានុពលផលិតស្រូវ-អង្ករ ហើយនៅពេលការសាងសង់បញ្ចប់ នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជា ទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។»

តំណាងក្រុមហ៊ុនចិនជួបជំណាងក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៩នៅក្រសួងពាណិជ្ជកម្មកម្ពុជា(រូបពីក្រសួងពាណិជ្ជកម្ម)

តំណាងក្រុមហ៊ុនចិនមិនទាន់បញ្ជាក់ថា ឃ្លាំង និងឡសម្ងួតនេះ ត្រូវសាងសង់នៅក្នុងខេត្តណាខ្លះនោះទេ ប៉ុន្តែ បញ្ជាក់ថា នឹងកសាងនៅពេលឆាប់ៗនេះ។​

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយប្រទេសចិន ដែលក្នុងនោះភាគីកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិនតំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន និងក្រុមហ៊ុនស៊ីទីកហ្គ្រុប។ នៅក្នុងអនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ