លោក​ សម​ រង្ស៊ី​ ថា​ការបោះឆ្នោត​ថ្ងៃអាទិត្យ​នេះ ​«នាំមក​នូវ​ប្រព័ន្ធ​ឯក​បក្ស​»

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​លោក​ សម​ រង្ស៊ី​ ហៅ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដែលធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​នេះ​ ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី៣​ នាំមក​នូវ​ប្រព័ន្ធ​ឯក​បក្សដល់ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជា ​។

លោក​ សម​ រង្ស៊ី​ សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ករបស់​លោក​ នា​ថ្ងៃអាទិត្យនេះ​ថា​៖ «នេះ​ជា​ការបោះឆ្នោត​ក្លែងក្លាយ​ លើក​ទី៣​នៅ​កម្ពុជា​ បន្ទាប់ពី​របប​ ហ៊ុន​ សែន​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​អត្តនោ​ម័ត​ នៅ​ថ្ងៃ​ ១៦ វិច្ឆិកា​ ២០១៧​។ ការបោះឆ្នោត​ក្លែងក្លាយ​ លើក​ទី១​ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា​ នៅ​ថ្ងៃ​ ២៥​ កុម្ភៈ​ ២០១៨​។ ការបោះឆ្នោត​ក្លែងក្លាយ​ លើក​ទី២​ គឺ​ការបោះឆ្នោត​តំណាងរាស្ត្រ​ នៅ​ថ្ងៃ​ ២៩​ កក្កដា​ ២០១៨​។ ការបោះឆ្នោត​ក្លែងក្លាយ​ទាំង​៣ លើក​នោះ​ ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ទទួល​បាន​កៅអី​ ១០០​ ភាគរយ​ នៅ​គ្រប់​ស្ថាប័នរដ្ឋ​ ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​»។

សមាជិក​ គ.ជ.ប ​និង​ជា​អ្នកនាំពាក្យ​ លោក​ ហង្ស​ ពុទ្ធា​ ចាត់ទុក​ការ​លើកឡើង​របស់​លោក​ សម រង្ស៊ី​ ថា​ជា​ភាសា​ន​យោ​បាយ​ ប៉ុន្តែ ថា គ.ជ.ប​ បាន​រៀបចំ​ការបោះឆ្នោត​កន្លងទៅ​ ថា​មា​នក្ខ​ខណ្ឌ​សេរី​ត្រឹមត្រូវ ​និង​យុត្តិធម៌​ តាម​យន្តការ​ប្រជាធិបតេយ្យ​។

លោក​ថា​៖ «ពាក្យ​ថា «​ក្លែងក្លាយ»​ ជា​សម្តី​អ្នកនយោបាយ​ទេ​ អ៊ីចឹង​ ក្នុងនាម​ គ.ជ.ប​ បាន​បំពេញ​តួនាទី​ទៅតាមច្បាប់​ ហើយ​ចំណែក​ការ​បោះ​ផ្លោង​សម្តី​របស់​អ្នកនយោបាយ​ជា​រឿង​ដោយឡែក​ តែ​ គ.ជ.ប​ ក៏​មិន​ធ្វើ​ឱ្យ​ការ​ផ្លោង​សម្តី​របស់​បុគ្គល​ម្នាក់​ ឬពីរ​នាក់​ បង្ក​ឱ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​»។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប កា​របោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ អាណត្តិ​ទី៣ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ ទី២៦​ ខែឧសភា​នេះ​ ធ្វើឡើង​ជា​អស​កល​ដែល​បោះឆ្នោត​ដោយ​អង្គ​បោះឆ្នោត​ចំនួន​ ១១​ ៥៧២នាក់​នៅ​ទូទាំង​ប្រទេស​។

ការបោះឆ្នោត​អស​កល​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន៧​ ចូលរួម​ប្រកួត​ ដូចជា ​គណបក្សប្រជាជន​កម្ពុជា​ គណ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ឆន្ទៈ​ខ្មែរ​ និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។

ការបោះឆ្នោត​នេះ​ធ្វើឡើង​ខុសពី​ការ​បោះ​ឆ្នោត​ផ្សេង​ៗទៀត​ ដោយសារ ​អ្នកបោះឆ្នោត​ត្រូវ​បោះ​ពីរ​សន្លឹក​ ដើម្បី​ជ្រើ​ស​​រើស​ក្រុមប្រឹក្សា ២ប្រភេទ​ផ្សេងគ្នា ​ក្នុង​ការិយាល័យ​បោះឆ្នោត​តែមួយ​ ហើយ​មាន​ហិបឆ្នោត​ចំនួន ២ បន្ទប់សម្ងា​ត់​ចំ​នួន២​ និង​ត្រា​សម្ងាត់​ចំនួន ២ផង​ដែរ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ