អ្នកឃ្លាំមើលពន្យល់ថា ក្រុមប្រឹក្សាជាអ្នកជំរុញអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅមូលដ្ឋាន

លោក កន សាវាង្ស ប្រធានផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល

អ្នកឃ្លាំមើល​មួយចំនួន​ពន្យល់​ថា​ ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ ជា​អ្នក​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ​ និង​វិស​ហម​ជ្ឈ​ការ​ ផ្នែក​អភិបាលកិច្ច​ល្អ​ដល់​យន្តការ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ ពន្យល់​ថា​ តំណែង​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ បាន​ពី​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ជាប់ឆ្នោត​ជា​អ្នក​បោះ​ឱ្យ​។លោក​ សន​ ជ័យ ​ឱ្យ​ដឹង​ទៀត​ថា​ ពួកគេ​បាន​ដើរតួ​នាទី​ជា​អ្នក​ជំរុញ​តម្លាភាព ​និង​គណនេយ្យ​ភាព​សង្គម​ ពិសេស​ផ្តោត​លើ​ការ​តាមដាន​ការប្រើ​ប្រាស់​ថ​វិ​កា​ជាតិ​លើ​គម្រោង​អភិវឌ្ឍ​ន៍​ផ្សេង​ៗនៅ​ថ្នាក់​មូលដ្ឋាន​ ។

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ដើម្បី​ឱ្យ​ប្រព័ន្ធ​ត្រួតពិនិត្យ​នេះ​ធានា​ប្រសិទ្ធភាព​​តំណែង​ក្រុមប្រឹក្សា​នេះ​ ត្រូវ​មាន​តុល្យភាព​អំណាច​ ។

លោក​ថា​៖ «តួអង្គ​ប្រកួតប្រជែង​ដ៏​ធំ​ដែល​មាន​ក្រុមប្រឹក្សា​រាប់ពាន់​នាក់​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​នោះ ​វា​ជា​រូបភាព​មួយ​ដែល​ធ្វើ​ឱ្យ​រូបភាព​អំណាច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅក្នុង​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​នេះ​ ក៏ដូចជា ​ច្បាប់​ស្តី​ពី​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ក៏អាច​មាន​ឥទ្ធិពល​ថយ​ចុះ​»។

មន្ត្រី​ផ្នែក​អង្កេត​នៅ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​ហៅ​ ខុ​មហ្វ្រែ​ល លោ​ក កន​ សា​វាង្ស មានប្រសាសន៍​ថា​ ក្រុមប្រឹ​ក្សា​​ជាស​ភា​ជាន់​ទាប​ ប្រមូល​បញ្ហា​ពលរដ្ឋ​ និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​តម្លាភាព​។

មួយ​វិញទៀត​ អ្នកឃ្លាំមើល​រូប​នេះ​ថា​ ក្រុមប្រឹក្សា​មាន​តួនាទី​ចូលរួម​លើក​ផែនការ​អភិវឌ្ឍន៍​ តាមដាន​ការ​ដេញថ្លៃ​គម្រោ​​ង​នានា​ ការប្រើ​ប្រាស់​ថវិកា​ដែល​ថ្នាក់​ជាតិ​ទម្លាក់​ឱ្យ​ ជំរុញ​តម្លាភាព​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ រួម​ទាំង​ ច្រកចេ​ញ​​ចូល​តែមួយ​ ជាដើម​។

ប៉ុន្តែ ​អ្នកឃ្លាំមើល​រូប​នេះ​ បារម្ភ​ថា​ បើ​ក្រុមប្រឹក្សា​ជា​អ្នកត្រួត​ពិនិត្យ រី​ឯអ្នក​អនុវត្ត​ជា​គណៈ​អភិបាល​ ចេញពី​ក្រុម​តែមួយ​ លោក​ថា​ ប្រសិទ្ធភាព​នៃ​ការជំរុញ​អភិបាលកិច្ច​ល្អ​ និង​គណនេយ្យ​ភាព​សង្គម​អាច​នៅតែ​ជា​បញ្ហា​។

លោក​ថា​៖ «យើង​មើល​ឧទាហរណ៍​ជាក់ស្តែង ​ដូច​បច្ចុប្បន្ន​នេះ​ ពេល​ដែល​សភា​ថ្នាក់​ជាតិ​មានតែ​មួយ​គណបក្ស​ ឬ​ហៅ​​​​ថា«ស​ភា​ឯក​បក្ស​»ហ្នឹង​ ឥឡូវនេះ​មានការ​ជួបជុំ​ [អតីតមន្ត្រី​បក្ស​ប្រឆាំង​ជុំគ្នា​ហូប​នំបញ្ចុក​ តុលាការ​កោះហៅ​] មានការ​​​កោះហៅ ​អាហ្នឹង​ជា​តួនាទី​របស់​តំណាងរាស្ត្រ​ដែល​គាត់​មាន​តួនាទី​ចុះ​ជួប​ពលរដ្ឋ​មើល​ពី​បញ្ហា​ហ្នឹង​។ ប៉ុន្តែ​ យើង​អត់​​ដែល​បានឃើញ​តំណាងរាស្ត្រ​ចុះ​សួរ​ទេ ​អាហ្នឹង​ដែល​យើង​មើលឃើញ​ថា​ ជា​ចំនុច​ដែល​អសកម្ម​»។

ច្បា​ប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​ រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ ចែងថា​ ក្រុមប្រឹក្សា​អាច​ធ្វើការ​អង្កេត​លើ​ករណី​ទាំងឡា​យ​​ណា​ដែល​ខ្លួន​យល់ថា​ មាន​សារសំខាន់​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្លួន​ជា​តំណាង​ ។

ច្បាប់​ដដែល​នេះ​ចែង​ដែរ​ថា៖ ​«ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្រុមប្រឹក្សា​ត្រូវ​ចាត់ចែង​កិច្ចការ​ហិរញ្ញវត្ថុ​ឱ្យ​មាន​តម្លាភាព ​និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​»។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣នេះ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ក្រុមប្រឹក្សា​ ៥០០៧​ នោះ​ មិន​ត្រូវ​បាន​បើកផ្លូវ​ឱ្យ​ចូលរួម​ក្រ​កួត​នៅ​ថ្ងៃអាទិត្យ​នេះ​ទេ ​ក្រោយពី​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ រួចមក​នោះ​។

សាលដីកា​រំលាយ​នេះ​ បាន​បើកផ្លូវ​ឱ្យ​ គ.ជ.ប រឹបអូស​អាសនៈ​ទាំងអស់​របស់​គណបក្ស​ប្រឆាំង​នេះ​ ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងទៀត​ ពេលនោះ​គណបក្សប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​ ទទួល​បាន​ស្ទើ​រទាំងអស់​។

ទោះជាយ៉ាងណា​ សមាជិក​ គ.ជ.ប​ និង​ជា​អ្នកនាំពាក្យ​ លោក​ ហង្ស​ ពុទ្ធា​ អះអាង​ថា​ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ដែល​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ដំណើរ​ការទៅតាមច្បាប់​ ធានា​ដល់​យន្តការ​ប្រជា​ធិប​តេយ្យ ​ទោះបី​គ្មាន​វត្ត​មានអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក៏ដោយ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ