គណបក្ស២មិនមានអង្គបោះឆ្នោត ចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ​

ប្រធានគណបក្សខ្មែរសាធារណរដ្ឋ លោក លន់ ឬទ្ធិ (ឆ្វេង) និងប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

គណបក្សចំនួន២ ដែលមិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោត បានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃនេះ។​

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក្នុងចំណោមគណបក្សចំនួន៦ ដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សចំនួន២ ដែលពុំមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ គឺមានគណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា មានប្រសាសន៍ថា​ គណបក្សលោកមិនមានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ដូចគណបក្សផ្សេងនោះទេ ប៉ុន្ដែ មូលហេតុដែលគណបក្សនេះចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិថ្មីនេះ គឺដើម្បីពង្រឹងសមត្ថភាពគណបក្សរបស់ខ្លួន។ លោកថា មូលហេតុមួយទៀត គឺគណបក្សនេះចង់ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិចោលនោះ។

បើទោះបីជាមិនមានសមាជិកក្រុមប្រឹក្សា-សង្កាត់សោះក៏ដោយ ប៉ុន្ដែ លោកសង្ឃឹមថា គណបក្សដែលទើបបង្កើតមួយនេះនឹងទទួលបានសំឡេងគាំទ្រខ្លះពីអង្គបោះឆ្នោត ដែលភាគច្រើនសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា។

លោកបន្ដថា៖ «យើងប្រើប្រាស់ឱកាសនេះដើម្បីធ្វើតេស្ដសមត្ថភាព និងពង្រឹងសមត្ថភាពរបស់យើង។ ក្រៅពីនេះ យើងក៏មានគំនិតក្នុងការចូលរួមការបោះឆ្នោតនេះ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពលទ្ធិប្រជាធិបតេយ្យយើងដែលបានដើរថយក្រោយបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិឲ្យវារស់រវើកឡើងវិញខ្លះ»។

VOD មិនអាចទាក់ទងប្រធានគណបក្សខ្មែរសាធារណរដ្ឋ លោក លន់ ឬទ្ធិ បានទេ។   

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្រៅពីគណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សឆន្ទៈខ្មែរ គណបក្ស៤ទៀត ក៏បានសម្រេចចិត្តចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះផងដែរ ដូចជា គណបក្សហ្វ៊ុនស៊ិចប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ