តំណាងគណបក្សឆន្ទៈខ្មែរជាគណបក្សដែលមិនមានអង្គបោះឆ្នោត បានស្នើទៅ គ.ជ.ប ជួយរៀបចំយ៉ាងណាឱ្យមានតំណាងគណបក្សចម្រុះនៅថ្នាក់ក្រោមជាតិ ដោយលោកថា ដើម្បីជំរុញឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យកាន់តែប្រសើរឡើង។
ការស្នើសុំនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃនេះ ក្រោយពីបិទបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣។
តំណាងគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ បានប្រាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មូលហេតុដែលគណបក្សលោកចូលរួមការបោះឆ្នោតនេះគឺ ដើម្បីជំរុញឱ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដំណើរការកាន់តែប្រសើរជាងមុន។ លោកបន្តថា គណបក្សលោកមិនមានអង្គបោះឆ្នោតទេ ប៉ុន្តែ នៅតែសម្រេចចិត្តចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ករណីនេះ លោកស្នើឱ្យ គ.ជ.ប ជួយរៀបចំឱ្យមានគណបក្សនយោបាយចម្រុះនៅថ្នាក់មូលដ្ឋាន ។
លោក តុល ប្រាសាទ៖ «សង្ឃឹមថា នឹងមានពហុបក្សថ្នាក់ក្រោមជាតិចាប់ពីថ្ងៃនេះតទៅ មិនដឹងថា ខាង គ.ជ.ប លោកពិចារណាយ៉ាងណាទេ ក៏ដូចជា គណបក្សដែលលោកបានឈ្នះឆ្នោតដែរ ពីព្រោះដឹងហើយ គណបក្សឆន្ទៈខ្មែរ ពុំមានអង្គបោះឆ្នោតទេ ហេតុអីក៏ព្យាយាមតស៊ូចូលរួម។ អ៊ីចឹង សុំទទូចឱ្យមានពហុបក្សថ្នាក់ក្រោមជាតិ តែចំណាត់ការយ៉ាងណាគឺសុំការសម្រេចនៅថ្ងៃអនាគតចុះ»។
គណបក្សនយោបាយចំនួន៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។