លី ម៉ារីណា នៅតែអះអាងពីចំណងស្នេហ៍ បើទោះរស់នៅម្ខាងម្នាក់

អ្នកនាង លី ម៉ារីណា​ និងស្វាមី រួមទាំងកូនប្រុសអ្នកទាំងពីរ ក្នុងថ្ងៃខួបកំណើតអ្នកនាង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

មកទល់ពេលនេះ តារាសម្ដែងល្បីល្បាញ អ្នកនាង លី ម៉ារីណា នៅតែរស់នៅយ៉ាងព្រងើយនៅស្រុកខ្មែរ ខណៈដែលស្វាមីរបស់អ្នកនាងក៏ប្រកាន់ជំហររស់នៅសហរដ្ឋអាមេរិក ដោយគ្រាន់តែយូរៗឡើងចុះម្ដង។

យ៉ាងណាមិញ អ្នកនាងប្រកាសថា ចំណងស្នេហ៍របស់ប្ដីប្រពន្ធអ្នកនាង គឺនៅតែបេះមិនដាច់ បើទោះជាអ្នកនាងកាន់តែរវល់នឹងសិល្បៈ ពន្យារពេលយកកូនទី២ ធ្វើឱ្យអ្នកខ្លះយល់ថា អ្នកទាំងពីរកំពុងប្រែក្លាយទំនាក់ទំនងប្ដីប្រពន្ធ ជាការរាប់អានស្ងាត់ៗ។

អ្នកនាង លី ម៉ារីណា បានថ្លែងក្នុងពិធីខួបកំណើតជាថ្មី កាលពីយប់ថ្ងៃ២៦ ខែឧសភា ដោយមានវត្តមានតារាសិល្បៈ និងផលិតករកុះករចូលរួម ថា អ្នកខ្លះសង្ស័យថា អ្នកនាង និងស្វាមី សម្រេចចិត្តរស់នៅឆ្ងាយពីគ្នា ដោយសារតែអ្នកនាង និងស្វាមី បានឯកភាពមិនរករឿងគ្នា និងរាប់អានគ្នាដើម្បីកូន ដោយទុកសិទ្ធិអោយភាគីម្ខាងៗសម្រេចចិត្តធ្វើអ្វីក៏ធ្វើទៅ ប៉ុន្តែ ការពិត អ្នកនាង និងស្វាមី គឺមិនខុសពីប្ដីប្រពន្ធទាំងឡាយនោះទេ ដោយនៅតែស្អិតរមួតបេះមិនដាច់នឹងគ្នា។

អ្នកនាងទទួលស្គាល់ថា ស្វាមីអ្នកនាង​គឺ លោក សាត ចាន់ថន រស់នៅ និងបម្រើការនៅសហរដ្ឋអាមេរិក កម្របានមកស្រុកខ្មែរក្នុងមួយឆ្នាំៗ ប៉ុន្តែ រវាងលោក និងអ្នកនាង គឺនៅតែជាប្ដីប្រពន្ធ ហើយទាំងអ្នកនាង និងស្វាមី មានតែបង្កើនទំនាក់ទំនង និងផ្ដល់ការទុកចិត្តគ្នាទៅវិញទៅមក។

អ្នកនាង លី ម៉ារីណា បន្តថា ជាក់ស្ដែង លោក សាត ចាន់ថន បើទោះជាមមាញឹកដកឃ្លាមិនរួច តែក៏បានចុះមកប្រទេសកម្ពុជាប្រមាណជាមួយអាទិត្យមកហើយ ដើម្បីជួយចាត់ចែងពិធីខួបរបស់អ្នកនាង និងជូនអ្នកនាងដើរកម្សាន្ត ដើម្បីអោយអ្នកនាងកក់ក្ដៅ និងសប្បាយចិត្តក្នុងអំឡុងមុនខួបកំណើត។ អ្នកនាងថា ស្វាមីនឹងនៅកំដរអ្នកនាងរហូតដល់ដាច់ខែឧសភាទើបទៅវិញ ខណៈដែលអ្នកនាងបញ្ជាក់ថា បើមនុស្សអត់ស្រលាញ់គ្នា ហើយបង្វែរទៅជារាប់អានគ្នាដើម្បីកូនដូចគេថាមែន គឺមិនអាចបែបហ្នឹងទេ។

អ្នកនាង លី ម៉ារីណា បន្ថែមថា លោក សាត ចាន់ថន ដ្បិតថារវល់បម្រើការនៅអាមេរិក ប៉ុន្តែអោយតែលោកនឹកប្រពន្ធ នឹកកូន គឺលោកចុះមកស្រុកខ្មែរចុះឡើងៗដូចតែគ្នានោះទេ ដោយមានតែខាងអ្នកនាងមិនចង់អោយអស់លុយ ហើយឃាត់កុំអោយឡើងមកញឹកពេក។

ងាកមកពិធីខួបកំណើតកាលពីយប់ថ្ងៃទី២៦ ខែឧសភា អ្នកនាងតែងខ្លួនដូចនារីវ័យម្ភៃស្ដើងមិនដូរ បើទោះជាអ្នកនាងមានវ័យ ៣៩ឆ្នាំទៅហើយ។ ពិធីនោះ អ្នកនាងថា គ្រាន់តែជុំគ្នាពិសារអាហារលេងៗប៉ុណ្ណោះ ប៉ុន្តែ ពិធីទាំងមូលបែរជាមានតារាច្រើនកុះករចូលរួម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ