ក្រោយដណ្ដើមបានកៅអី៨នាក់ លី តក់ ថានឹងពុះពារឡើងវគ្គ១ភាគ៤

សម្រាប់កីឡាករបង្គោលខៀវ លី តក់ នៅក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ សម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី២៥ ខែឧសភា។ រូបភាព៖ វង្ស សុម៉ាលីន

ខុសពីកីឡាករមុនៗដែលបានឡើងអង្គុយកៅអី៨នាក់ នៅក្នុងការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ សម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាម ដែលបង្ហាញភាពស្ទាក់ស្ទើរសម្រាប់ឱកាសឡើងបន្ត ប៉ុន្តែ សម្រាប់កីឡាករបង្គោលខៀវ លី តក់ ដែលឈ្នះការប្រកួត ហើយបានឡើងវគ្គ៨នាក់ កាលពីថ្ងៃទី២៥ ខែឧសភា បានអះអាងថា គេមានជំនឿចិត្តឡើងវគ្គបន្ត។ លោកបានថ្លែងបែបនេះ បន្ទាប់ពីបានវាយផ្ដួលបង្គោលក្រហម សេក សារ៉ាន់  អោយហាលអាវបានសម្រេច។

បង្គោលខៀវ លី តក់ និយាយថា តាំងពីមានឈ្មោះឡើងប្រកួតក្នុងការជ្រើសរើសជើងឯកមួយនេះ លោកមិនដែលទទួលការប្រកួត ឬធ្វើការអ្វីនោះទេ គឺព្រឹកឡើងហាត់រត់កុំអោយឆាប់ហត់ និងល្ងាចឡើងចូលហាត់ជាមួយគ្រូ ដើម្បីដាក់សម្ពាធខ្លួនឯង។ លោកថា ខ្លួនប្រឡូកនៅក្នុងអាជីពប្រដាល់ ទើបតែមានសំណាងត្រូវបានជ្រើសរើសអោយចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកប៉ុណ្ណោះ។ ដូច្នេះ បើទោះជាលោកមិនមានសង្ឃឹមលើកពានជើងឯក ប៉ុន្តែ ក៏ត្រូវតែឡើងវគ្គ៤នាក់ អោយខានតែបាននោះដែរ។

កីឡាករ លី តក់ មានជំនឿចិត្តសម្រាប់ការឡើងទៅកាន់វគ្គ៤នាក់ ដោយសម្អាងថា អ្វីលោកបានប្រឹងក្នុងរយៈពេលហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួននេះ គឺអាចទុកចិត្តបាន។ លោកប្រកាសទៅកាន់អ្នកគាំទ្រថា សម្រាប់ការប្រកួតជម្រុះយក៤នាក់ បើទោះជាលោកមិនអាចសម្រេចគោលដៅក៏ត្រូវតែធ្វើអោយល្អមើលនោះដែរ ប៉ុន្តែ លោកខ្លួនឯងសង្ឃឹមភាគច្រើន។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានថ្លែងបញ្ជាក់ថា ការប្រកួតក្នុងរយៈពេលបន្តបន្ទាប់នឹងកាន់តែល្អមើល ដោយសារតែអ្នកឈ្នះទាំង៨នាក់ ដែលចាប់គូគ្នាប្រកួតទម្លាក់៤នាក់ចោល សុទ្ធតែចង់ឡើងទៅវគ្គបន្ត។ លោកថា អ្នកបានឡើងទៅវគ្គ៤នាក់ សុទ្ធតែបានពាន និងប្រាក់រង្វាន់ដោយស្វ័យប្រវត្តិ ដោយទឹកប្រាក់ជើងឯកគឺ ៤ពាន់ដុល្លារ ទើបអ្នកឈ្នះទាំង៨សុទ្ធតែខ្វារ-ក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ