ពលរដ្ឋ​ថា​ ស្ថានទូត​ចិន​សន្យា​ហៅ​ក្រុមហ៊ុន​ចិន​ UDG​ នៅ​ខេត្តកោះកុង​មក​សួរ​រឿង​មិនព្រម​ផ្តល់​សំណង​

តំណាង​ពលរដ្ឋ​ជិត២០នាក់​មក​ពី​ស្រុក​គិរី​សាគរ​ និង​បទុម​សាគរ​ ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ​ញូ​ញៀន ​របស់​ចិន​ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូតចិន ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគេ។ រូបភាព៖ ហ៊ី ឆាយ

តំណាង​អ្នកមាន​ជម្លោះដីធ្លី​នៅ​កោះកុង ​អះអាង​ថា​ មន្រ្តី​ស្ថានទូត​ចិន​បាន​សន្យា​ថា​ នឹង​កោះហៅ​ភាគី​ក្រុមហ៊ុន​ចិន​ UDG​ មក​ជួបពិភាក្សា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផល​ប៉ះពាល់​តាម​ការ​ទាមទារ​របស់​អ្នកភូមិ​។

ការសន្យា​នេះ​ ធ្វើឡើង​ខណៈ​តំណាង​ពលរដ្ឋ​ជិត២០នាក់​មក​ពី​ស្រុក​គិរី​សាគរ​ និង​បទុម​សាគរ​ ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ​ញូ​ញៀន ​របស់​ចិន​ បាន​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថានទូត​នេះ​ ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ​ ជំរុញ​ទៅ​ស្ថានទូត​មួយ​នេះ​ឱ្យ​ដាក់​សំពាធ​លើ​ក្រុមហ៊ុន​ឱ្យ​ផ្តល់​សំណង​ជូន​ពួកគេ​ ដោយ​ថា​ វិវាទ​នោះ​បាន​អូស​បន្លាយ​ជាង១០ឆ្នាំ​មក​ហើយ​ គ្មាន​ដំណោះស្រាយ​។

អ្នកស្រី​ សាំង​ ពុយ​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច​ ប្រាប់​អ្នក​សា​ព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​តំណាង​ស្ថានទូត​ចិន​ថា​ មន្រ្តី​ស្ថានទូត​ចិន​បាន​ប្រាប់​ពួកគាត់​ថា​ ពួកគេ​បានដឹង​រឿង​នេះ​ ប៉ុន្តែ​ ថា ​ភាគី​ក្រុមហ៊ុន​នោះ​ប្រាប់​វិញ​ថា​ ដំណោះស្រាយ​នៃ​ផល​ប៉ះពាល់​បាន​ដោះស្រាយ​ហើយ​ ។

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ត​ថា​ ក្រោយ​មន្រ្តី​ស្ថានទូត​និយាយ​បែបនេះ​ តំណាង​ពលរដ្ឋ​បាន​ច្រាន​ចោល​ ដោយ​ថា​ អ្នកភូមិ ៧៧គ្រួសារ​ទៀត​ គឺ​មិនទាន់​ទទួល​បាន​សំណង​នោះ​ទេ​ និង​បាន​ស្នើ​ជាថ្មីទៅ​ស្ថានទូត​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ផង​ដែរ។

អ្នកស្រី​បន្ថែម​ថា៖ ​« ក្រុមហ៊ុន​ ញូ​ញៀន​ នេះ​ ជា​ក្រុមហ៊ុន​របស់​ចិន​ អ៊ីចឹង ​អគ្គរដ្ឋទូត​ចិន​គាត់​ត្រូវតែ​ទទួលខុសត្រូវ​ គាត់​ត្រូវ​ណែនាំ​ក្រុមហ៊ុន​របស់​គាត់​កុំ​ឱ្យ​ចូល​មក​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​អភិវឌ្ឍមិនបាន​គោរព​តាម​កិច្ចសន្យា​ទេ​ គឺ​គាត់​រំលោភ​យក​ដី​ពលរដ្ឋ​ទាំងស្រុង​ គាត់​អត់​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ​។ ១១ឆ្នាំ​ហើយដែល​ហាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ដី ​និង​ផ្ទះ​ខ្លួនឯង​ អ៊ីចឹង ​ឱ្យ​ពលរដ្ឋ​ទៅណា​»។

តំណាង​ពលរដ្ឋ​ម្នាក់ទៀត ​អ្នកស្រី​ ឆៃ​ គឹ​មធុ​ច និយាយ​ថា​ តំណាង​ពលរដ្ឋ​សម្រេច​ឡើង​មក​តវ៉ា​ដល់​ស្ថាន​ទូត​ចិន​ម្តង​ទៀត​នេះ ​ដោយសារតែ​ថ្មីនេះ​ អ្នកភូមិ​បាន​ចូល​បង្កបង្កើនផល​ និង​សាង​សង់ផ្ទះ​លើ​ដី​របស់​ខ្លួន​ ប៉ុន្តែ ​ត្រូវ​ក្រុមហ៊ុន​ហាមឃាត់​ ដោយ​ថា​ ដី​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​ទៅវិញ​។

អ្នកស្រី​បន្ថែម​ថា៖ ​«ពួក​យើង​រង​ភាព​អយុត្តិ​ធម៌១១ឆ្នាំ​ហើយ ដោយ​សារ​ចិន​រំលោភ​យក​ដីធ្លី​របស់​ពួក​យើង​។ ក្រុមហ៊ុន​មួយ​នេះ​បាន​បណ្តេញ​ម្ចាស់​ប្រទេស​ដែល​រស់នៅ​លើទឹក​ដី​ខ្លួនឯង​ធ្វើ​ឱ្យ​ពួក​យើង​បាត់បង់​មុខ​របរ​ធ្វើស្រែ​បង្កបង្កើនផល​ ជំពាក់បំណុល​គេ​ ឈូស​ឆាយ​ផ្ទះសម្បែង​ពួក​យើង​ កូន​ៗបាត់បង់​ការសិក្សា​។ អ៊ីចឹង​ សូម​ឱ្យ​ស្ថានទូត​ចិន​ជួយ​មើល​ពូជសាសន៍​ខ្លួន​ផង​ ដែល​មក​នៅ​ប្រទេស​គេ​ហើយ ​រំលោភ​បំពាក់​ដីធ្លី​គេ​ទៀត​»។

វិ​.អូ.​ឌី ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថានទូត​ចិន​ ជុំវិញ​ការ​អះអាង​របស់​អ្នកមាន​ជម្លោះ​ដីធ្លី​នេះ​ នៅឡើយ​ទេ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​។ ចំណែក​ក្រុមហ៊ុន​ចិន​ UDG​ នេះ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​។

អភិបាលរងខេត្ត​កោះកុង​ លោក​ សុខ​ សុធី​ អះអាង​ថា​ ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នេះ​ មួយចំនួន​រស់​ក្នុង​តំបន់​ការពារ​ និង​មួយ​ចំនួន​ទៀត​ជា​ពលរដ្ឋ​ក្រៅ​មូលដ្ឋាន​ ដែល​អាជ្ញាធរ​ពិបាក​ក្នុង​ការ​អន្តរាគមន៍​ផ្តល់​ដំណោះស្រាយ​។

លោក​បន្ថែម​៖ «បើ​គាត់​រស់នៅ​តំបន់​ការពារ​ គឺ​ទាល់តែ​មានការ​សម្រេច​ពី​រដ្ឋាភិបាល​។ អ៊ីចឹង​សម្រាប់​អ្នក​នៅ​ឃុំ​ព្រែកខ្សាច់​ ឃុំ​ថ្មស ​គឺ​ការសម្រេច​របស់​រដ្ឋាភិបាល​។ ចំ​អ្នក​នៅ​ភ្ញីមាស​ តានី​ និង​នៅ​ឃុំ​ផ្សេងទៀត​ ភាគច្រើន​លើសលុប​ពួកគាត់​ជា​អ្នក​រស់នៅ​ក្រៅ​មូលដ្ឋាន​ ជាគោល​នយោបាយ​កន្លងមក​គឺ​អាហ្នឹង​គេ​អត់​ដោះស្រាយ​ឱ្យ​ទេ​»។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ លោក​ ហ៊ួរ​ អ៊ី​ន មានប្រសាសន៍​ថា​ ការ​អះអាង​របស់​អាជ្ញាធរ​ថា​ជា​ការ​ដោះ​សារ​ ដើម្បី​គេច​ចេញពី​ការ​ទទួលខុសត្រូវ​ ។ លោក​ចោទ​ជា​សំណួរ​ថា​ បើ​ដី​នៅ​តំបន់​នោះ​ជា​ដីការ​ពារ​ ហេតុ​អ្វី​ក្រុ​មហ៊ុន​ចិន​នោះ​មាន​សិទ្ធិ​វិនិយោគ​លើ​ដី​នោះ​បាន​ ។

មន្រ្តី​ការពារ​សិទ្ធិ​មនុស្សរូប​នេះ​ ជំរុញ​ទៅ​ស្ថាន​ចិន​ត្រូវ​ទទួលខុសត្រូវ​ និង​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ។

លោក​បន្ថែម​ថា​៖ «តាមខ្ញុំ​ដឹង ​ក្រុមហ៊ុន​ចិន​ហ្នឹង​គឺជា​គម្រោង​វិនិយោគ​ដ៏​ធំមួយ​របស់​រដ្ឋាភិបាល​ចិន​ដែល​ទទួល​បាន​លុយ​ពី​រដ្ឋាភិបាល​ចិន​។ អ៊ីចឹង​ បើសិនជា​មានការ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​ ទំនាស់​ហ្នឹង​នឹងអាច​ដោះស្រាយ​បាន​ ព្រោះថា ​ការ​ដោះស្រាយ​ទាំងប៉ុន្មាន​កន្លងមក​ គឺ​ក្រុមហ៊ុន​ចិន​ជា​អ្នក​សម្រេច​ទេ​ អាជ្ញាធរ​គ្រាន់តែ​ជួយ​សម្រប​សម្រល​ជាមួយ​ប្រជាពលរដ្ឋ​ទេ​»។

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១​,១៤៣គ្រួសារ​ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១០​០០០ហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ