ប្រតិកម្មជុំវិញការដោះលែងកញ្ញា​ យិន ម៉ាណា ដែលបើករថយន្ត​បុកនិស្សិតស្រីម្នាក់ស្លាប់

ជនបង្ក យិ​ន​ ម៉ា​ណា​ បើករថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ម្នាក់​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ បាន​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​។​ រូបភាព៖ cpc-news

អ្នកឃ្លាំមើលមួយចំនួនបង្ហាញការយល់ឃើញថា ការដោះលែងកញ្ញា យិន ម៉ាណា ឲ្យនៅក្រៅឃុំ ក្រោយពីអនុវត្តទោសតែ២ខែក្នុងសំណុំរឿងបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់នោះ ថាជាការអនុវត្តច្បាប់បែបស្តង់ដាពីរ បើប្រៀបធៀបចំណាត់ការទៅលើសកម្មជនសិទ្ធិមនុស្ស និងអ្នកធ្វើការសង្គមមួយចំនួនទៀត។

នៅថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់ VOD ថា តុលាការបានចេញដីកាបង្គាប់ឲ្យដោះលែងកញ្ញា យិន ម៉ាណា ពីពន្ធនាគារ ក្រោយពីស្ត្រីរូបនេះអនុវត្តទោសបាន២ខែ ទោសដែលនៅសល់ត្រូវបង្គាប់ឲ្យព្យួរ។

កញ្ញា យិន ម៉ាណា ត្រូវបានចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ចោទពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា បណ្តាលឲ្យស្លាប់អ្នកដទៃ តាមច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីកញ្ញារូបនេះបើករថយន្តម៉ាក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្លាប់ នៅថ្ងៃទី​២៦​ ខែ​មិនា នៅរាជធានីភ្នំពេញ។

ប៉ុន្តែ ការដោះលែងនេះ ជំរុញឲ្យមានការរិះគន់លើបណ្តាញសង្គម និងពីអ្នកឃ្លាំមើលមួយចំនួន។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ហៅចំណាត់ការនេះថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកំពុងអនុវត្តច្បាប់បែបស្តង់ដាពីរ។ ហើយថា ចំណាត់ការបែបនេះ វាបានប៉ះពាល់មុខមាត់រដ្ឋាភិបាល។

លោកថា៖ «កូនអ្នកមានលុយមានអំណាច ធៀបជាមួយនឹងប្រជាជនសាមញ្ញ ឬក៏ជាសកម្មជនការពារដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ករណីនេះ បង្ហាញមានស្ដង់ដារពីរផ្សេងពីគ្នាទៅហើយ។ ការអនុវត្តហ្នឹងនាំឱ្យគេរិះគន់ ហើយធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌សម្រាប់កម្ពុជាយើង។ អាហ្នឹងដែលគេតែងតែសុំឱ្យកម្ពុជាយើងពង្រឹងយន្តការប្រព័ន្ធយុត្តិធម៌នេះ ដោយប្រព័ន្ធតុលាការឯករាជ្យដែលផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់រូប និងភាពស្មើគ្នាចំពោះមុខច្បាប់»។

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ដែលធ្លាប់ប្តឹងការពារជនរងគ្រោះ បង្ហាញការខកចិត្ត ដោយថា ការសម្រេចឲ្យដោះលែងនេះ បង្កឲ្យសាធារណជនមើលឃើញកាន់តែច្បាស់ ថាការពង្រឹងនីតិរដ្ឋនៅកម្ពុជានៅតែបន្តធ្លាក់ចុះ។

លោកថា៖ «បើពិនិត្យស្ថានទម្ងន់ទោស យិន ម៉ាណា វាអាចមានទោសបន្ថែមទៀត។ ទោសបន្ថែមទី១ បើកបរអត់មានប័ណ្ណបើកបរ ទី២ អាយុក្រោមការកំណត់បើកបរ អ៊ីចឹង ទោសបន្ថែមពី២ ទៅ៥ឆ្នាំ ។ […..] នេះជាការអនុវត្តច្បាប់មួយ ដែលអាចនិយាយបានថា ការអនុវត្តច្បាប់អ្នកលុយគេរត់ការហើយ។ អ៊ីចឹង បែបនោះជានិទណ្ឌភាពច្បាប់ ហើយក៏មិនមានតម្លាភាពនៅក្នុងសង្គមផងដែរ»

សំណុំរឿងនេះ ក្រុមមេធាវីរបស់នាយករដ្ឋមន្ត្រី ក៏បញ្ជូនមេធាវីទៅការពារឲ្យជនរងគ្រោះផងដែរ។ប្រធានក្រុមមេធាវីនាយករដ្ឋមន្ត្រី លោក ​ គី​ តិច​ សុំមិនធ្វើអត្ថាធិប្បាយករណីតុលាការសម្រេចឲ្យដោះលែងកញ្ញា យិន ម៉ាណា នេះទេ ដោយជំរុញឱ្យទៅសួរតុលាការវិញ។

លោកថា៖ «ការងារហ្នឹង វាមិនមែនជាសមត្ថកិច្ចរបស់ខ្ញុំទេ ការងារសម្រេចសេចក្ដីយ៉ាងណាម៉េច​ៗជាការងាររបស់តុលាការ អ៊ីចឹង សួរទៅខាងតុលាការវិញ »។

VOD មិនអាចសុំការបញ្ជាក់ពីចៅក្រម លោក អ៊ុក សុវណ្ណារិទ្ធ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងបានទេ។ ប៉ុន្តែ អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ថា ក្នុងករណីជនដែលបង្កហេតុនោះ មិនទាន់គ្រប់អាយុ១៨ ឆ្នាំ ច្បាប់អាចបន្ថយការអនុវត្តទោសពាក់កណ្តាល បើការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគា១ឆ្នាំ ជនដែលបង្កគ្រោះថ្នាក់ ត្រូវអនុវត្តទោសនៅក្នុងពន្ធនាគារចំនួនកន្លះឆ្នាំ  ។

លោកថា៖ «ចៅក្រមគាត់អាចដាក់មនុស្សធំ [គ្រប់អាយុ] ពី១ឆ្នាំ ទៅ៣ឆ្នាំ អ៊ីចឹង កាលណា គាត់ជាអនីតិជន ច្បាប់គេឱ្យអនុវត្តពាក់កណ្ដាលៗ។ ដាក់ទោស ១ឆ្នាំ អនុវត្តទោស កន្លះឆ្នាំ ហើយ ៣ឆ្នាំ អនុវត្តទោសយ៉ាងច្រើន ១ឆ្នាំកន្លះ ន័យអ៊ីចឹងហើយ ច្បាប់ហ្នឹងអនុវត្តជាទូទៅ»។

ទោះជាយ៉ាងណា សកម្មជនដីធ្លីនៅតំបន់បឹងកក់ រាជធានីភ្នំពេញ អ្នកស្រី ទេព វន្នី ដែលជាសកម្មជនដីធ្លី ដែលសកម្មតវ៉ាប្រឆាំងនឹងការបណ្តេញចេញនោះ ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនដល់ទៅ៣ដង។ ដែលលើកទី៣នេះ ជាប់ពន្ធនាគារដល់ទៅ ២ឆ្នាំកន្លះ ទើបត្រូវដោះលែង។

ចំណែកអតីតព្រះសង្ឃព្រះនាម ហន សុផាន្នី ដែលគង់នៅវត្តដំរីស ខេត្តបាត់ដំបង ធ្លាប់ធ្វើជាអ្នកអង្កេតការបោះឆ្នោតឲ្យអតីតគណបក្សប្រឆាំង ក៏ត្រូវបានចៅក្រមនៅខេត្តនេះកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយព្រះសង្ឃអង្គនោះ បង្ហោះរូបថតកាំភ្លើងជ័រមួយដើមនៅលើបណ្តាញសង្គម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ