មេដឹកនាំសហជីព៦នាក់ត្រូវសាលាឧទ្ធរណ៍ទម្លាក់បទចោទ ករណីកម្មករតវ៉ានៅផ្លូវវេងស្រេង

(ឆ្វេង) លោក អាត់ ធន់ លោក ជា មុនី លោក ប៉ាវ ស៊ីណា និងលោក រ៉ុង ឈុន

មេដឹកនាំសហជីព៦នាក់ដែលរងការចោទប្រកាន់ថា ញុះញង់កម្មករឲ្យតវ៉ារហូតសមត្ថកិច្ចបង្រ្កាប​​ដោយបង្ហូរឈាមនោះ ត្រូវ​​បា​នសាលាឧទ្ធរណ៍ទម្លាក់បទចោទ ក្រោយពីអ្នកបញ្ជាទិញជំរុញទៅរដ្ឋាភិបាលឲ្យបើកចំហរសេរីភាពសហជីព ដើម្បីធានាដល់ល​ក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ។

កាលពីម្សិលមិញនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាស់របស់មេដឹកនាំសហជីព។ មេដឹកនាំសហជីព ដែលសាលាឧទ្ធរណ៍សម្រេចទម្លាក់បទចោទនោះ មាន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា លោក ជា មុន្នី លោល រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម ក្រោមការចោទថា ដឹកនាំកម្មករ​ធ្វើ​បាតុកម្ម​​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងផ្លូវ​វ៉េងស្រេង កាលដើមឆ្នាំ២០១៤។

មេធាវីការពារក្តីឲ្យសហភាពការងារកម្ពុជា លោក ជឹម ឃៀង ប្រាប់ វី.អូ.ឌី យ៉ាងខ្លីថា ក្រោយការសួរដេញដោល តុលាការជាន់ខ្ពស់មួយនេះបានសម្រេចឲ្យមេសហជីពទាំង៦នាក់នោះ រួចផុតពីបទចោទប្រកាន់ ដោយបដិសេធចោលសាលក្រមចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ។

ប៉ុន្តែ មេធាវីរូបនេះសុំមិនបញ្ជាក់ថា តើតុលាការជាន់ខ្ពស់មួយនេះ សំអាងលើហេតុផលអ្វីនោះទេ ដោយគ្រាន់តែអះអាងថា កូនក្តីលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលក្រមសាលាដំបូង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ហៅសាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍នេះ ជាការឆ្លើយតបដ៏វិជ្ជមានទៅនឹងការទាមទាររបស់ក្រុមអ្នកបញ្ជាទិញ ដែលធ្លាប់ទាមទារឲ្យរដ្ឋាភិបាលបើកលំហសេរីភាពសហជីពឡើងវិញ ធានាដល់ការលើកកម្ពស់សិទ្ធិការងារ ការពារប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំមើលឃើញមួយទៀតដែរ ការទម្លាក់នេះគឺធ្វើឡើងតែប៉ុន្មានថ្ងៃមុនពេលដែលប្រតិភូសហគមន៍អ៊ឺរ៉ុបគេចុះមកធ្វើការស៊ើបអង្កេត ឬក៏ពិនិត្យមើលថា តើកម្ពុជាយើងបានធ្វើអីខ្លះឲ្យមានការរីកចំរើនពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិកម្មករ សិទ្ធិសហជីព អ៊ីចឹង សម្រេចរបស់សាលាឧទ្ធរណ៍ប៉ុន្មានថ្ងៃមុនពេលតំណាងភាពអឺរ៉ុបគេមក ក៏ដូចជា មុនពេលតំ​​ណា​​ងសភាពាណិជ្ជកម្មរបស់អាមេរិកមកដល់ដែរ»

កាលពីឆ្នាំ២០១៨ អ្នកបញ្ជាទិញរបស់អាមេរិកមួយក្រុមទាមទារទៅតុលាការកម្ពុជាឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីព ដោយពួកគេយល់ថា ការចោទប្រកាន់កន្លងទៅ គឺធ្វើឡើងក្រោមហេតុផលនយោបាយ។

កាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ អ្នកបញ្ជាទិញ​ម៉ាកធំៗ​ចំនួន​២០ ​រួម​មាន ​Adidas Gap Nike New balance ជា​ដើម ​បាន​ស្នើ​ទៅ​លោក​ ហ៊ុន សែន បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិសេរី​ភាពសហជីព និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាង​ណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឲ្យ​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ