រដ្ឋាភិបាលហ្វីលីពីន បានដឹកសំរាមដែលមានប្រភពមកពីប្រទេសកាណាដាចំនួន ៦៩កុងតឺន័រ ត្រលប់ទៅវិញ។
មន្រ្តីរដ្ឋបាលកំពង់ផែ Subic Bay នៃកោះ Luzon របស់ហ្វីលីពីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា សំរាមទាំងនោះត្រូវបានដឹកចេញនៅថ្ងៃសុក្រនេះ។ មន្រ្តីហ្វីលីពីនដដែលនេះ ឲ្យដឹងថា ការដឹកជញ្ជូននេះត្រូវចំណាយពេលប្រហែល ២០ថ្ងៃ ទើបដល់កំពង់ផែក្រុង Vancouver នៃកាណាដា។
កាលពីចុងខែមេសា ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ទុកពេល១សប្តាហ៍ឲ្យកាណាដាដឹកសំរាមទាំងអស់ត្រលប់ទៅវិញ។ លោក ឌូតឺតេ លើកឡើងថា ប្រទេសកាណាដាកំពុងចាត់ទុកហ្វីលីពីនជាប្រទេសសម្រាប់ចាក់សំរាមរបស់ខ្លួន។ លោកថា បើកាណាដាមិនព្រមដឹកសំរាមទាំងនោះត្រលប់ទៅវិញទេ ហ្វីលីពីននឹងធ្វើការឆ្លើយតបទៅវិញឲ្យបានចាស់ដៃ។
សំរាមទាំងអស់នោះ ត្រូវបានដឹកចេញពីប្រទេសកាណាដាទៅចោលនៅប្រទេសហ្វីលីពីនដោយក្រុមហ៊ុនមួយនៅចន្លោះពីឆ្នាំ២០១៣ និង២០១៤។ ក្រុមហ៊ុនដែលដឹកសំរាមទាំងនោះ បានបន្លំថា វាជាប្រភេទសំណល់សម្ភារប្លាស្ទិកចាស់ៗ។ ប៉ុន្តែ តាមពិតទៅនៅក្នុងកុងតឺន័រទាំង១០៣ ដែលដឹកចូលមកនោះគឺជាសំរាមផ្ទះបាយ និងខោទឹកនោមមនុស្សចាស់ដែលប្រើហើយ ជាដើម។
ក្នុងចំណោមសំរាមទាំង ១០៣កុងតឺន័រ មានតែសំរាម ២៦កុងតឺន័រប៉ុណ្ណោះ ដែលត្រូវបានកប់ចោលក្នុងវាលចាក់សំរាមរបស់ហ្វីលីពីន ក្រៅពីនេះរក្សាទុកដដែល។ រដ្ឋាភិបាលកាណាដាក្នុងរយៈពេលពាក់កណ្ដាលទសវត្សមកនេះ បានព្យាយាមម្តងហើយម្តងទៀតឲ្យហ្វីលីពីនព្រមទទួលយកសំរាមទាំងនោះ។ ទោះបីជាមានការបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ ក៏នៅឆ្នាំ២០១៦ តុលាការហ្វីលីពីនបានសម្រេចឲ្យដឹកសំរាមទាំងនោះទៅកាណាដាវិញ។
បញ្ហាសំរាមនេះ បានធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានបញ្ហានឹងគ្នាទៀតផង។ ជាក់ស្ដែងកាលពីដើមខែនេះ រដ្ឋាភិបាលលោក ឌូតឺតេ បានកោះហៅឯកអគ្គរាជទូត និងកុងស៊ុងរបស់ខ្លួនត្រលប់មកប្រទេសវិញ ករណីដែលកាណាដាបរាជ័យក្នុងការដឹកសំរាមទាំងនោះត្រលប់ទៅវិញ។
ទោះយ៉ាងក៏ដោយ អ្នកតាមដានបញ្ហានេះ យល់ឃើញថា ការដឹកសំរាមទាំង ៦៩កុងតឺន័រត្រលប់ទៅឲ្យកាណាដាវិញនាពេលនេះ អាចនឹងជួយស្ដារទំនាក់ទំនងរវាងកាណាដា និងហ្វីលីពីន ឲ្យមានភាពប្រសើរឡើងវិញបាន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ក៏បានរិះគន់ផងដែរចំពោះប្រទេសអ្នកមាន ដូចជា សហរដ្ឋអាមេរិក កាណាដា និងជប៉ុន ដែលបានដឹកកាកសំណល់មិនអាចកែច្នៃយកមកចោលនៅក្នុងប្រទេសក្រីក្រ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏មានគម្រោងដឹកសំរាមទាំងនោះត្រលប់ទៅប្រទេសដើមដូចហ្វីលីពីនដែរ។