ក្រុម​សង្គម​ស៊ីវិល​គ្រោងលើ​កយក​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅ EU ដើម្បីឲ្យជួយដោះស្រាយ

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

មន្រ្តីអង្គការសង្គមស៊ីវិល និងសហជីព គ្រោងលើក​យក​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារប្រាប់ទៅប្រតិភូ​សហភាព​អឺរ៉ុប ​ដើម្បីសុំអន្តរាគមន៍ពីប្លុក​មួយនេះឲ្យ​ជួយដោះស្រាយ​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែល​ក្រុម​សង្គម​ស៊ីវិល​ថា នៅពុំមានភាពល្អប្រសើរឡើង​នៅ​ឡើយ។

អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar បាន​ឲ្យ​ វី.អូ.ឌី ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ប្រតិភូ​សហភាព​អឺរ៉ុប​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជាជាលើកទី២ នៅថ្ងៃនេះ ដើម្បី​ពិនិត្យ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​បរិបទ​នៃ​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ជាបណ្ដោះអាសន្ន។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា សហជីពរបស់លោកទទួលបានការអញ្ជើញឲ្យចូលជួបជាមួយតំណាងសហភាពអឺរ៉ុបដែរ ហើយ​លោក​ថា ប្រសិនបើបានជួបមែននោះ លោកនឹងលើកពីបញ្ហាស្ថានភាពសិទ្ធិការងារ បញ្ហាប្រឈមនៃអនុវត្តច្បាប់សហជីព និងការរើសរើងសហជីព។

លោក អាត់ ធន់ ឲ្យដឹងថា តាមរយៈការចុះធ្វើការងារកន្លងមក មន្រ្តីសហជីពរបស់លោកបានរងបណ្តឹងជាច្រើននាក់ មានការចាប់ដាក់ពន្ធនាគារ មានការគំរាមកំហែង ការបញ្ឈប់ពីការងារដោយពុំមានមូលហេតុច្បាស់លាស់ និងមានការរើសអើងពីសំណាក់ភាគីក្រុមហ៊ុន និងអាជ្ញាធរជាដើម។

លោក អាត់ ធន់ បន្ថែមថា៖ «យើងធ្វើការងារសហជីពសោះ ត្រូវបានគេប្តឹងទៅជារឿងព្រហ្មទណ្ឌ មានការរារាំងពីអាជ្ញាធរសាធារណៈ សកម្មជនយើងត្រូវបានគេបញ្ឈប់ គេអត់ឲ្យចូលធ្វើការ គេប្តឹងចាប់អ្នកពន្ធនាគារ ជាដើម នេះជាផលលំបាក ហើយច្បាប់សហជីពហ្នឹងក៏បង្កភាពស្មុគស្មាញ ពិបាកក្នុងការសុំសិទ្ធិធ្វើជាតំណាងឲ្យកម្មករ ដើម្បីសុំដោះស្រាយ ប៉ុន្តែ សម្រាប់សហជីពដែលគាំទ្រក្រុមហ៊ុន និងគណបក្សកាន់អំណាចវិញគឺស្រួល ពួកគេធ្វើការអត់មានបញ្ហាអីនោះទេ»

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មើលឃើញថា មួយរយៈចុងក្រោយនេះ បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិការងារ គឺមិនមានភាពល្អប្រសើរឡើយ។

លោក មឿន តុលា បន្តថា បើទោះបីជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលប្រកាសបើកចំហរឲ្យអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាឡើងវិញក៏ដោយ ប៉ុន្តែ លោកមើលឃើញថា បញ្ហាការរឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិញនៅតែបន្តកើតមាន ដោយអាជ្ញាធរថ្នាក់ក្រោមពុំបានអនុវត្តតាមឡើយ។

លោកបន្ថែមថា៖ «ក្រសួងមហាផ្ទៃលើកឡើងឲ្យមានវេទិការរវាងសង្គមស៊ីវិល និងរដ្ឋ រឿងហ្នឹងល្អ ប៉ុន្តែ ការអនុវត្ត យើងនៅតែឃើញសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលដដែល ហើយយើងឃើញមានការរឹតត្បឹតសិទ្ធិសេរីភាពមួយចំនួនទៀតទៅលើការងាររបស់អង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋានមួយចំនួន អត់ទាន់មានការបើកទូលាយ។ ហើយចំណុចដែលខ្ញុំបារម្ភបំផុតនៃការវិវត្តចុងក្រោយនោះ គឺការកោះហៅអតីតមន្រ្តីគណបក្សសង្គ្រោះជាតិរហូតទៅដល់១០០នាក់ជាងហើយ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើទោះជាកន្លងមក សហភាពអឺរ៉ុបបានដាក់លក្ខខណ្ឌមួយចំនួនឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស ដើម្បីទទួលបានការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ប៉ុន្តែ លោកមើលឃើញថា បញ្ហាការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងសិទ្ធិនយោបាយមិនត្រូវបានដោះស្រាយ និងធ្វើឲ្យប្រសើរឡើយ។

លោក ករុណា បន្តថា ក្នុងជំនួបជាមួយតំណាងសហភាពអឺរ៉ុបនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ លោកនឹងលើកយកបញ្ហាទាំងនោះមកនិយាយ។

លោកបន្ថែមថា៖ «ស្ថានភាពចាប់តាំងពីការដាក់លក្ខខណ្ឌហ្នឹងមក យើងមើលឃើញថា ពុំមានអ្វីជាការល្អប្រសើរទេ។ ផ្ទុយទៅវិញ យើងឃើញកាន់តែធ្វើទុក្ខបុកម្នេញទៅលើអតីតគណបក្សប្រឆាំងហ្នឹងកាន់តែខ្លាំងឡើងទៅទៀត ដោយមានការកោះហៅ មានការចាប់ខ្លួន មានការចោទប្រកាន់ផ្សេងៗ ហើយការធ្វើទុក្ខបុកម្នេញទាំងអស់ហ្នឹង ហើយជាលក្ខខណៈមួយយើងមើលឃើញថា វាកាន់តែអាក្រក់ កាន់តែធ្ងន់ធ្ងរទៅស្ថានភាពនយោបាយនៅកម្ពុជា»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា សហជីព និងអង្គការសង្គមស៊ីវិល ចង់បង្ហាញយោបល់ និងមានមតិយ៉ាងណាប្រាប់ទៅតំណាងសហភាពអឺរ៉ុបជាសិទ្ធិ ហើយ​លោក​ថា កម្ពុជាពុំមានការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សដូចការលើកឡើងរបស់សហជីព និងអង្គការសង្គមស៊ីវិលទាំងនោះឡើយ។

លោកបន្ថែមថា៖ «វាក្លាយទៅជាទម្លាប់ ឬវប្បធម៌របស់ពួកអង្គការសង្គមស៊ីវិលមួយចំនួនតូចដែលតែងតែខិតខំរិះរកមធ្យោបាយដើម្បីបំផ្លាញផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា តាមរយៈការមួលបង្កាច់សភាពការពិត។ បើប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក៏ដូចជា ធ្វើឲ្យលទ្ធប្រជាធិបតេយ្យដើរថយក្រោយមែន ខ្ញុំយល់ថា សិទ្ធិមនុស្សហ្នឹងក៏គ្មាន អង្គការសង្គមស៊ីវិលមួយក្តាប់តូចហ្នឹងក៏គ្មានពេលវេលាទៅទូពិតប្រាប់ជនបរទេសមកពីខាងក្រៅហ្នឹងដែរ»

សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ខែ​មករា​កន្លង​មក​ថា ខ្លួន​ចាប់​ផ្ដើម​នីតិវិធី​នានា ដែល​នឹង​ឈាន​ទៅ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​ជាមួយ​លក្ខខណ្ឌ​​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ ដែល​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ