លោក ហ៊ុន សែន ប្រកាសរៀបចំពិធីហូបនំបញ្ចុកឌឺដងលោក សម រង្ស៊ី

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសរៀបចំពិធីហូបនំបញ្ចុក នៅចំថ្ងៃតែ​មួយ​ដែលលោក​អះអាង​ថា ក្រុមអ្នកគាំទ្រអតីតមេដឹកនាំ​បក្សប្រឆាំងនៅក្នុង និងក្រៅប្រទេសគ្រោងរៀបចំពិធីដូចគ្នានេះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យ​ចូលរួមពិធីហូបនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ។

លោក ហ៊ុន សែន ថ្លែងថា ការរៀបចំពិធីហូបនំបញ្ចុកនៅស្រុកខ្មែរនេះ គឺជាពិធីមួយបង្ហាញពីសន្ដិភាព សាមគ្គីភាពជាតិ និងមិនមែនជាការបំបែកបំបាក់ជាតិនោះទេ។

ប៉ុន្ដែ លោក ហ៊ុន សែន អះអាងថា ការជួបជុំគ្នាហូបនំបញ្ចុករបស់អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក គឺអាចមានជាប់ពាក់ព័ន្ធនឹងការប្រមូលគ្នាកសាងកម្លាំងប្រឆាំងរដ្ឋាភិបាលតាមការអំពាវនាវរបស់លោក សម រង្ស៊ី ទើបអាជ្ញាធរមានវិធានការជាបន្ដបន្ទាប់។

លោក​ ហ៊ុន សែន ថ្លែងក្នុងពិធីនោះថា៖ «យើងក៏ប្រកាសយកថ្ងៃ៩ មិថុនា ស៊ីនំបញ្ចុក ស៊ីឲ្យព្រាត ហើយបើវាខ្វះខាត ពួកអាផ្កាប់មុខ វាខ្វះខាតនំបញ្ចុកស៊ី ហៅវាមកចូលស៊ីមក ហើយបើវាហៅយើងទៅចូលស៊ី​ យើងក៏ទៅចូលស៊ីជាមួយវាទៅ។ នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ»។

អតីត​សមាជិក​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​​ដល់​ទៅ​ចំនួន ១៤៧​នាក់នៅ​តាម​​បណ្ដា​ខេត្ត​នានា ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ បន្ទាប់​ពី​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​តាម​មូលដ្ឋាន។

ក្រុម​អតីត​សមាជិក​ជាប់​ឆ្នោតទាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ប្រមូល​ផ្ដុំ​គ្នា​បង្ហាញ​ការ​គាំ​ទ្រ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស និង​ដែល​កំពុង​បង្ហាញ​ជំហរ​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ក្រុម​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​​ត​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ