បទយកការណ៍៖ វត្តសាមគ្គីរង្សីរបស់​ខ្មែរក្រោម ត្រូវបាន​ទទួល​ស្គាល់ដោយអាជ្ញាធរ​ក្រោយបង្កើតជាង២០ឆ្នាំ

វត្តខ្មែរកម្ពុជាក្រោម។ រូបភាព៖ សូត សុខប្រាថ្នា

វត្តសាមគ្គីរង្សីជាវត្តខ្មែរកម្ពុជាក្រោមស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយពលរដ្ឋភាគច្រើន​បានស្គាល់ និងបានឮឈ្មោះ ត្បិតវត្តអារាមនេះបានផ្តល់ជាកន្លែងស្នាក់អាស្រ័យដល់ពលរដ្ឋដែលមានជម្លោះដីធ្លីជាច្រើន​បានមកស្នាក់នៅកន្លងមក។

​វត្តសាមគ្គីរង្សី ​បានកសាងឡើងដំបូងឡើយដោយព្រះសង្ឃដែលនិមន្តមកពីកម្ពុជាក្រោម តាំងពីចុងទសវត្សឆ្នាំ១៩៩០ សម្រាប់ព្រះសង្ឃ​គង់នៅសិក្សារៀនសូត្រ។ ទោះយ៉ាងណាក៏ដោយ អស់រយៈពេល​ជាង២០ឆ្នាំ វត្តនេះមិនត្រូវ​បាន​ទទួលស្គាល់ជាផ្លូវការពី​អាជ្ញាធរកម្ពុជានោះទេ។

ប៉ុន្តែ ដោយសារតែមាន​ការ​តស៊ូមតិរបស់​ពលរដ្ឋ និងព្រះ​សង្ឃខ្មែរកម្ពុជាក្រោម ទើប​កាលពីខែមេសាកន្លងទៅ វត្តសាមគ្គីរង្សី ត្រូវបានរដ្ឋាភិបាល តាមរយៈក្រសួងធម្មការ និងសាសនា ព្រមទាំងស្ថាប័នពាក់ព័ន្ធបានសម្រេចទទួលស្គាល់ជាផ្លូវការ ដោយប្រកាសឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងវត្តច្បាស់លាស់ មានត្រាវត្តអារាមសម្រាប់ប្រើប្រាស់ពីក្រសួងមហាផ្ទៃ ជំនួសឱ្យការប្រើត្រាសមាគមខ្មែរក្រោមពីមុនមក។ ​

ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ហាសំអាង មានថេរដីកាថា វត្តនេះបានកសាងឡើងតាំងពីឆ្នាំ១៩៩៧ ដោយមាន​ចៅអធិការវត្តនេះ ៣ជំនាន់មុនមិនទាន់មានការទទួលស្គាល់ផ្លូវច្បាប់។ ​នៅជំនាន់ព្រះអង្គដែលជា​ព្រះចៅអធិការជំនាន់ទី៤ ទើបមានការទទួលស្គាល់ជាផ្លូវការពីក្រសួងធម្មការ និងសាសនា ព្រមទាំងស្ថាប័នពាក់ព័ន្ធនៅឆ្នាំ២០១៩នេះ។

ព្រះអង្គមានថេរដីកា៖ «ប្រធានសង្ឃទី១ ទី២ ទី៣ លោកខំតស៊ូ សុំច្បាប់ ដោយស្នើសុំរាជរដ្ឋាភិបាលសុំចុះឈ្មោះវត្តនេះក្នុងក្រសួងធម្មការ និងសាសនា ឱ្យមានត្រាប្រើ ឱ្យមានការតែងតាំងចៅអធិការស្របច្បាប់ ប៉ុន្តែ ត្រូវបានបដិសេធមិនទទួលស្គាល់ទេ។ ប៉ុន្តែ ដល់នៅជំនាន់អាត្មាភាពដែលជាព្រះចៅអធិការជំនាន់ទី៤នេះ អាត្មាបានធ្វើហើយៗ ការស្នើសុំទាំងឡាយបានទទួលស្គាល់ស្របច្បាប់ »។

ព្រះតេជព្រះគុណ ថាច់ ហាសំអាង យល់ឃើញថា នៅពេលវត្តនេះមានការទទួលស្គាល់ផ្លូវច្បាប់ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ គឺបង្កភាពងាយស្រួលក្នុងការគង់នៅ ពិសេសអាចបញ្ឈប់ការរើសអើងដល់ព្រះសង្ឃខ្មែរក្រោម និងបញ្ឈប់ការមើលឃើញវត្តមួយនេះក្នុងរូបភាពអាក្រក់បន្តទៀត។

លើសពីនេះ ធ្វើឱ្យព្រះសង្ឃគង់នៅវត្តនេះលែងមានការភ័យខ្លាច និងកាន់តែធ្វើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើបញ្ហារបស់ខ្មែរកម្ពុជាក្រោម ដែលកំពុងជួបប្រទះផងដែរ។

ព្រះអង្គ មានសង្ឃដីកាបន្តថា៖ «ហើយប្រយោជន៍ទី៣ហ្នឹង ធ្វើឱ្យព្រះសង្ឃដែលមកពីគ្រប់ទិសទី ទាំងមកពីកម្ពុជាក្រោម ទាំងមកពីប្រទេសកម្ពុជាហ្នឹង អាចគង់នៅប្រតិបត្តិធម៌ដោយទូលំទូលាយចិត្ត គ្មានការចង្អៀតចិត្ត ថាភ័យខ្លាចថាថ្ងៃណាមួយនឹងត្រូវបានគេមកចាប់ដាក់គុក គេមកចាប់ចង គេមកបណ្តេញចេញឱ្យនៅក្រៅវត្តអីទេ។ គ្មានការភ័យខ្លាចអីទេ យើងសប្បាយចិត្ត។ ហើយប្រយោជន៍ទី៤នោះ គឺធ្វើឱ្យរដ្ឋាភិបាលគាត់យកចិត្តទុកដាក់ជួយកសាងវត្តអាត្មាហ្នឹងឱ្យកាន់តែរីកចម្រើន »។

វត្តសាមគ្គីរង្សី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្តនេះកសាងឡើងដំបូងក្រោមស្លាកសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដោយបច្ចុប្បន្នមានផ្ទៃដីជាង ៤១០០ម៉ែត្រការ៉េ។ វត្តនេះ មានព្រះសង្ឃគង់នៅជិត ៦០អង្គ ដែលក្នុងនោះ​ព្រះសង្ឃខ្មែរកម្ពុជាក្រោមមាន​ជាង ៨០ភាគរយ។

កាលពីខែមេសា សេចក្តីប្រកាសនីយប័ត្រ ដែលមានហត្ថលេខា និងឈ្មោះរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម ព្រមទាំងសម្តេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ អំ លឹមហេង ក្នុងការសម្រេចតែងតាំងព្រះគ្រូចៅអធិការ គ្រូសូត្រឆ្វេង និងសូត្រស្តាំវត្តសាមគ្គីរង្សីជាផ្លូវការ។

កាលពីថ្ងៃទី២ ខែមិថុនា ពិធីប្រកាសភាពស្របច្បាប់ និងស្រោច​សុគន្ធវារីដល់ព្រះចៅអធិការ និងគ្រូសូត្រស្តាំ-ឆ្វេង បានធ្វើឡើង ប៉ុន្តែ ដោយសម្តេចសង្ឃ និងអភិបាលរាជធានីភ្នំពេញជាប់រវល់ក៏បានត្រឹមប្រកាសជូនពុទ្ធបរិស័ទតាមលិខិតតែងតាំង តែមិនបានស្រោចសុគន្ធវារីទេ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី មានប្រសាសន៍ថា វត្តនេះពិតជាទើបនឹងបានប្រកាសភាពស្របច្បាប់ និងមានគណៈគ្រប់គ្រងវត្តជាផ្លូវការនៅ​ឆ្នាំនេះប្រាកដមែន ។ លោកបន្តថា ការពន្យារពេលកន្លងមក មិនពាក់ព័ន្ធរឿងនយោបាយនោះទេ ប៉ុន្តែ លោកថាដោយសារវត្តនេះនៅមានជម្លោះដីធ្លីជាមួយពលរដ្ឋមិនទាន់ដោះស្រាយចប់ ទើបមិនទាន់មានការប្រកាសទទួលស្គាល់ជាផ្លូវការ។

យ៉ាងណា លោកថា ការទទួលស្គាល់ភាពស្របច្បាប់នៃវត្តនេះ គឺផ្តល់ប្រយោជន៍ដល់ពលរដ្ឋ​ ព្រមទាំងព្រះសង្ឃទូទៅ ដោយមិនចំពោះតែព្រះសង្ឃ ឬពលរដ្ឋខ្មែរកម្ពុជាក្រោមនោះទេ។ 

លោក មានប្រសាសន៍ថា៖ «ការផ្តល់ហ្នឹងសម្រាប់សិទ្ធិសេរីភាពជំនឿសាសនា ដែលរដ្ឋត្រូវធានាអ៊ីចឹងណាបង។ ធ្វើយ៉ាងណា លក្ខខណ្ឌរបស់គេគឺមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម គឺគេត្រូវធានាអ៊ីចឹង ពិសេសពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ សម្រាប់វត្តទាំងអស់មិនមែនកសាងសម្រាប់ព្រះសង្ឃថាមកពីខេត្តនេះ ឬមកពីខេត្តនោះ ​អត់ទេ គឺនៅចម្រុះទាំងអស់»។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អះអាងថា វត្តអារាមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួនជាង៥ពាន់វត្ត ដោយមានព្រះសង្ឃគង់នៅជាង ៦ម៉ឺនអង្គ។

ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុន្នី ឬ ថាច់ឡើន សម្តែងការត្រេកអរក្រោយពេលវត្តសាមគ្គីរង្សីបានទទួលស្គាល់ជាផ្លូវការស្របច្បាប់រដ្ឋ និងច្បាប់សាសនា ដោយថា ជាការអនុគ្រោះឱ្យវត្តនេះ​បានរួមចំណែកជួយដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម កាន់តែប្រសើរថែមទៀត។

លោកបន្ថែមថា នេះក៏ជាចំណុចបង្ហាញថា រដ្ឋាភិបាលចាប់ផ្តើមយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម​​ផងដែរ។

លោក មានប្រសាសន៍ថា៖ «ចំពោះខ្ញុំផ្ទាល់ ក៏ដូចជា អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសមានមហាគ្រួសារខ្មែរកម្ពុជាទាំងមូលមានសេចក្តីត្រេកអរ និងរំភើបយ៉ាងក្រៃលែងចំពោះការផ្តល់ និងភាពអនុគ្រោះរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ដល់វត្តសាមគ្គីរង្សីឱ្យមានភាពស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើសកម្មភាពទ្រទ្រង់ក្នុង​ព្រះពុទ្ធសាសនា»។

វត្តសាមគ្គីរង្សី កន្លងមក ជាទីតាំងដែលបានផ្តល់ឱ្យពលរដ្ឋមានជម្លោះដីធ្លីមកពីបណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ បាត់ដំបង កំពត និងខេត្តកោះកុង ជាដើម បានស្នាក់នៅដើម្បីយកញ្ញត្តិទៅដាក់ទៅតាមស្ថាប័នរដ្ឋ ឬសម្តែងមតិទាមទារដំណោះស្រាយពីរដ្ឋាភិបាល។

វត្តនេះ ក៏ធ្លាប់រងការចោទប្រកាន់ផ្សេងៗពីអាជ្ញាធររដ្ឋថា ជាកន្លែងអនាធិបតេយ្យ ឬជាតំបន់អបគមន៍ ជាដើម។ ប៉ុន្តែ រាល់ការចោទប្រកាន់ទាំងនោះត្រូវបានចៅអធិការ និងគណៈគ្រប់គ្រងវត្ត ពុទ្ធបរិស័ទ ​បដិសេធ​ ដោយលើកឡើងថា ​វត្តអារាមនេះជួយដល់ពលរដ្ឋរងគ្រោះ​ទាំងឡាយសម្រាប់ស្នាក់នៅ គឺស្របតាមមាគ៌ារបស់ព្រះពុទ្ធ ​។

លោក ប៊ុន មុន្នី ឱ្យដឹងថា ព្រះសង្ឃកម្ពុជាក្រោមដែលនិមន្ត និងបួសរៀននៅរាជធានីភ្នំពេញ រួមមាននៅតាមបណ្តាវត្តមួយចំនួន ដូចជា វត្តសាមគ្គីរង្សី វត្តអង្គតាមិញ វត្តបុទមវត្តី វត្តលង្ការ វត្តឧណ្ណាលោម ជាដើម។

កម្ពុជាក្រោមបច្ចុប្បន្ន ឬជាអតីតដែនដីកូសាំងស៊ីន ត្រូវបានអាណាព្យាបាល​បារាំងសម្រេចកាត់​​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ស្តេច បាវ ដាយ វៀតណាម​ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩។ ​

នៅថ្ងៃទី៤ មិថុនា ឆ្នាំនេះ គឺជាខួបគម្រប់៧០ឆ្នាំ ដែលបារាំងបានកាត់ទឹកដីដ៏មានភាពចម្រូងចម្រាសនេះឱ្យទៅវៀតណាម។ ​ពិធីរំលឹកខួប ៧០ឆ្នាំនាឆ្នាំនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យនឹងរៀបចំនៅស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោមនារាជធានីភ្នំពេញ ក្រោមអធិបតីព្រះរាជតំណាងរបស់ព្រះមហាក្សត្រ។

នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បញ្ជាក់នៅក្នុងវីដេអូលើបណ្តាញសង្គមថា ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩អង្គ នៅពេលព្រឹក ហើយនៅពេលរសៀលនឹងមានការរំលឹកអំពីសាវតា និងមូលហេតុដែលនាំឱ្យបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យទៅវៀតណាមគ្រប់គ្រង។

ប្រធានមិត្តសមាគមខ្មែរក្រោមដដែលនេះ ប៉ាន់ប្រមាណថា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកទល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោមដែលបានមករស់នៅប្រទេសកម្ពុជាមានចំនួនប្រហែល១លាននាក់ និងអង្គ។

ទាំងព្រះចៅអធិការវត្តសាមគ្គីរង្សី និងប្រធានសមាគមខ្មែរក្រោម ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់​ទៅលើការរស់នៅរបស់ពលរដ្ឋខ្មែរក្រោមបន្ថែមទៀត ដូចជា ជួយសម្រួលក្នុងការចេញឯកសារ​ផ្សេងៗដល់ពួកគាត់ ដើម្បីអាចបំពេញការងារ និងរស់នៅដោយស្របច្បាប់ ចៀសវាងបន្តរើសអើងពលរដ្ឋខ្មែរក្រោមបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ