ភ្នំ​សំរាម​មួយ​នៅ​ឥណ្ឌា​នឹង​មាន​កម្ពស់​ខ្ពស់​ជាង​ប្រាសាទ Taj Mahal ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ

ទិដ្ឋភាពភ្នំ​សំរាម​ដ៏​ខ្ពស់​បំផុត​នៅ​ទីក្រុង​ញូវដេលី​របស់​​ឥណ្ឌានាពេលថ្មីៗនេះ ក្នុងឆ្នាំ២០១៩។ រូបភាព៖ វេបសាយបរទេស

សារព័ត៌មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា ភ្នំ​សំរាម​ដ៏​ខ្ពស់​បំផុត​នៅ​ទីក្រុង​ញូវដេលី​របស់​​ឥណ្ឌា កំពុង​តែ​លូត​លាស់​កម្ពស់​ខ្ពស់​ឡើងៗ ដែល​នឹង​ខ្ពស់​ជាង​កម្ពស់​​ប្រាសាទ Taj Mahal របស់​ប្រទេស​នេះ​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ភ្នំ​សំរាម​មួយ​នេះ នឹង​ក្លាយ​ទៅ​ជា​និមិត្ត​រូប​សម្រាប់​ទីក្រុង​មួយ ដែល​អង្គការ​សហ​ប្រជាជាតិ​​ចាត់​ទុក​ជា​រដ្ឋ​ធានី​​មាន​ការ​បំពុល​បំផុត​នៅ​លើ​ពិភព​លោក។

បើ​តាម AFP ភ្នំ​សំរាម​នោះ​គឺ​សំដៅ​ដល់​ទីតាំង​ចាក់​សំរាម​ Ghazipur ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាយ​ខាង​កើត​នៃ​រដ្ឋ​ធានី​ញូវដេលី។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ទីតាំង​ចាក់​សំរាម Ghazipur មាន​ទំហំ​ធំ​ជាង​តារាង​បាល់ទាត់​ដល់​ទៅ​ជាង ៤០​ដង ហើយ​កម្ពស់​ភ្នំ​សំរាម​មួយ​នេះ​កើន​ឡើង ១០​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។

AFP បាន​ដក​ស្រង់​សម្ដី​វិស្វករ​ឥណ្ឌា​ម្នាក់បាន​និយាយ​ថា ភ្នំ​សំរាម​នោះ​មាន​កម្ពស់​ដល់​ទៅ​ជាង ៦៥​ម៉ែត្រ​ហើយ។

បើ​យោង​តាម​កម្រិត​លូត​លាស់​នៃ​កម្ពស់​នៅ​រៀង​រាល់​ឆ្នាំ ភ្នំ​សំរាម​មួយ​នេះ នឹង​មាន​កម្ពស់​លើស​ពី​កម្ពស់ ៧៣​ម៉ែត្រ​របស់​​ប្រាសាទ Taj Mahal នៅ​ឆ្នាំ​ក្រោយ​នេះ។

បើតាម AFP ទីតាំង​ចាក់​សំរាម Ghazipur ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៨៤ ហើយ​វា​បាន​ឈាន​ដល់​កម្រិត​ហួស​បរិមាណ​នៅ​ក្នុង​ឆ្នាំ​២០០២ ជា​ពេល​ដែល​គេ​គួរ​តែ​បិទ​ទីតាំង​ចាក់​សំរាម​មួយ​នេះ ប៉ុន្តែ ឡាន​ដឹក​សំរាម​រាប់​រយ​គ្រឿង​បាន​ដឹក​សំរាម​យក​ទៅ​ចាក់​ចោល​នៅ​ទីនោះ​នៅ​រៀង​រាល់​ថ្ងៃ។

AFP បាន​ដក​ស្រង់​សម្ដី​មន្ត្រី​រដ្ឋ​ធានី​ញូវដេលី​មួយ​រូប ដែល​បាន​ថ្លែងក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា សំរាម​ប្រហែល ២​ពាន់​តោន ត្រូវ​បាន​ដឹក​យក​ទៅ​ចាក់​ចោល​នៅ​ទីនោះ​ក្នុង​មួយ​ថ្ងៃៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ