លោក ទៀ បាញ់ ​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរីថ្លែងដោយ​​គ្មាន​សច្ចភាពរឿងវៀតណាម​ជួយកម្ពុជានៅ​​ឆ្នាំ​១៩៧៩

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ កាលពីពេលកន្លងទៅ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​ថា​គ្មាន​សច្ចៈធម៌ ករណី​លើក​ឡើង​ថា ​វៀតណាម​បាន​ប្រើ​សង្គ្រាម​ដេញ​ ប៉ុល ពត ដើម្បី​ឈ្លានពាន​កម្ពុជា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក ​ទៀ បាញ់ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​បន្ទាប់​ពី​វិល​ត្រលប់​ពី​កិច្ច​ប្រជុំ​​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៨ នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​ល្ងាច​ម្សិលមិញ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​ លោក​ Ng Eng Hen បាន​ថ្លែង​ដោយ​គ្មាន​សច្ចធម៌​ថា ​វៀតណាម​បាន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​ពី​​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ដោយ​លោក​ ទៀ បាញ់ បាន​ប្រតិកម្ម​ថា​ ជា​ការ​លើក​ឡើង​ដែល​មិន​មែន​ជាការ​ពិត​។

លោក​ទៀ បាញ់៖ «ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ឲ្យ​កែ​ប្រែ​ដែរ។ រឿង​ប្រវត្តិសាស្ត្រ​និយាយ​ប៉ុន​ហ្នឹង​គឺ​មិន​ទាន់​ត្រឹមត្រូវ​ទេ និយាយ​អ្វី​ឲ្យ​បាន​ត្រឹមត្រូវ យើង​និយាយ​ជា​មួយ​គេ​ចំពោះ​បញ្ហា​នេះ​ហើយ។ ខ្ញុំ​ក៏​បាន​បន្ថែម​បន្តិច​ទៀត​ដែរ ចំពោះ​អ្វី​ដែល​គាត់​មិន​បាន​លើក​បន្តិច​សោះ​ បើ​និយាយ​ពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ភូមិភាគ​នេះ នៅ​ក្នុង​អាស៊ី​នេះ​គឺ​អ្វី​ដែល​វា​កើត​មាន​ ​គឺ​បញ្ហា​ដែល​សង្គ្រាម​មាន​ឡើង​នៅ​ឥណ្ឌូចិន​។ សហរដ្ឋអាមេរិក យក​គ្រាប់​បែក​មក​ទម្លាក់​រាប់​លាន​តោន ហើយ​និង​ការ​ឈ្លាន​ពាន​នាំ​ទាំង​កម្លាំង​មួយ​ចំនួន​មក​រាតត្បាត​ក្នុង​ភូមិភាគ​ គឺ​គាត់​អត់​មាន​មួយ​ម៉ាត់​សោះ។ ប្រវត្តិសាស្ត្រ​ បើ​លើ​ត្រូវ​លើក​ឲ្យ​អស់​គ្រប់​ជ្រុងជ្រោយ​ ទើប​វា​ត្រឹមត្រូវ!»

​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បញ្ហា​សង្គ្រាម​កម្ពុជា​វៀតណាម​ឆ្នាំ​១៩៧៩ កំពុង​ក្លាយ​ជា​សារ​ឆ្លើយឆ្លង​គ្នា​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សិង្ហបុរី។

​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​កូន​ប្រុស​លោក ​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​លោក​ ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ លោក Lee Hsien Loong  ដែល​បាន​រម្លឹក​ដល់​វីរភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​​ឧត្តម​សេនីយ៍ Prem ថា​លោក​ Prem ​ហ៊ាន​ប្រឈម​នឹង​វៀតណាម​នៅ​ពេល​ដែល​វៀតណាម​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា និង​បានរក្សា​សន្តិសុខ​តំបន់​ចាប់​ពី​ពេល​នោះ​មក។ ជា​ការ​ឆ្លើយ​តប​ លោក ហ៊ុន ម៉ានី​ លើកឡើង​ថា​លោក Lee Hsien Loong បាន​លើក​ឡើង​តែ​ជ្រុង​មួយ​នៃ​ប្រវត្តិសាស្ត្រ ដោយ​បាន​បំភ្លេច​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ក្រោម​ការ​ដឹក​នាំ​របស់​ខ្មែរ​ក្រហម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ