ចំនួន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​ធ្លាក់​ចុះ​ជាលើក​ដំបូង​ ក្រោយ​រដ្ឋ​ចូល​គ្រប់​គ្រង

ភ្ញៀវទេសចរដែលមកទស្សនាតំបន់ប្រាសាទអង្គរវត្ត កាលពីពេលកន្លងទៅ។

របាយការណ៍បង្ហាញថា ចំនួន​ភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប បានធ្លាក់ចុះប្រមាណ ៧ភាគរយ ក្នុងរយៈពេល ៥ខែដើមឆ្នាំ​កន្លង​មក​នេះ ដែល​នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់​តាំង​​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ។

របាយការណ៍គ្រឹះស្ថានអង្គរចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅនេះ បានបង្ហាញថា តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ចំនួន​ជាង ១.១១​លាន​នាក់ នៅ​ចន្លោះ​ពី​ខែម​ករា ដល់​ខែ​ឧសភា​ក្នុង​ឆ្នាំ​នេះ ដោយ​បាន​ធ្លាក់​ចុះ ៧.៣២​ភាគរយ បើធៀប​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើតាមរបាយការណ៍ដដែល ប្រាក់ចំណូលបានមកពីការលក់សំបុត្រក៏មានធ្លាក់ចុះផងដែរ​ គឺរកបានទឹកប្រាក់ចំនួនជាង ៥០លានដុល្លារអាមេរិក (៥០ ៣១២ ៨៤៧ដុល្លារអាមេរិក) ឬធ្លាក់ចុះ ៨,៥១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨។

មន្ដ្រីផ្នែករដ្ឋបាលរបស់គ្រឹះស្ថានអង្គរ លោក ហុក សេង ប្រាប់ VOD ថា នេះគឺជាឆ្នាំដំបូងដែលភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានការធ្លាក់ចុះ ចាប់តាំងពីរដ្ឋាភិបាលដកហូតសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុនឯកជន មកគ្រប់គ្រងដោយខ្លួនឯង កាលពីឆ្នាំ២០១៦។

លោកប្រាប់ថា មូលហេតុចំបងនៃការធ្លាក់ចុះនេះ គឺដោយសារភ្ញៀវទេសចរបរទេសចង់ប្ដូរដំណើរកម្សាន្ដនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសដទៃទៀត។

លោកបន្ដថា៖ «មិញខាងជំនាញគាត់ប្រាប់មកថា ការធ្លាក់ចុះនេះ តាំងពីការគ្រប់គ្រងរបស់រដ្ឋមក ការធ្លាក់ចុះនេះ ជាការធ្លាក់ចុះលើកដំបូង វាខុសពីឆ្នាំដំបូង ឆ្នាំ២០១៧ ឆ្នាំ២០១៨ វាមានការកើនឡើង»

វី.អូ.ឌី បានទាក់ទងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប៉ុន្ដែ លោកចុចបិទទូរស័ព្ទ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ លោក តុប សុភ័ក បាន​ឲ្យ​ដឹង​ថា ការធ្លាក់ចុះនេះ គឺជាចរន្ដមួយដែលភ្ញៀវទេសចរបរទេសបានប្ដូរគោលដៅទេសចរណ៍របស់ពួកគេ​ពីតំបន់រមណីយដ្ឋានអង្គរ ទៅទស្សនានៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ប៉ុន្តែ លោកអះអាង​បន្ថែម​ថា កំណើនភ្ញៀវទេសចរបរទេសសរុបនៅទូទាំងប្រទេស មិនមានការថយចុះនោះទេ។  

លោក តុប សុភ័ក មាន​ប្រសាសន៍ថា៖ «នៅសៀមរាបមានការថយចុះបន្ដិចមែន ប៉ុន្ដែ យើងមានការកើនឡើងនៅតំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន។ អ៊ីចឹង ​មានន័យថា ចរន្ដទេសចរណ៍វាវិល វាមិនអាចថា ទៅមួយកន្លែងៗបានទេ។ គាត់អាចងាកពីការមើលប្រាសាទបុរាណ​នៅតំបន់អង្គរ គាត់ទៅមើលតំបន់មាត់សមុទ្រ ហើយមួយចំនួនទៀត ក៏គាត់ទៅតំបន់ភូមិភាគឦសានដែរ ខាងរតនគីរី មណ្ឌលគីរី ខាងអេកូទេសចរណ៍»។  

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានបន្ទោសការធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរបរទេសនេះទៅលើ​កត្ដាចំនួន៣ គឺការកាត់បន្ថយជើងហោះហើរពីចិនមកកម្ពុជា ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង។

អ្នកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលរិះរកមធ្យោបាយដោះស្រាយ ដើម្បីបង្កើនកំណើនភ្ញៀវទេសបរទេសចូលមកប្រទេសកម្ពុជាបន្ថែមទៀត និងដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។

អ្នកស្រីបន្ដថា៖ «អ្នកគ្រប់គ្រងផ្នែកព្រលានយន្ដហោះ គាត់ទើបឡើងថ្មី អ៊ីចឹងទៅគាត់ចាប់ផ្ដើមកាត់បន្ថយខ្លះ ព្រោះថា ជើងហោះហើរនៅប្រទេសចិនមានការចេញច្រើនពេក។ គាត់គិតថា គាត់គ្រប់គ្រងឲ្យបានសិន បានគាត់ឲ្យដំណើរការឡើងវិញ។ ហើយយើងក្រឡេកមើលប្រទេសជិតខាងរបស់យើង ស្របពេលគេបាន Promote រួមគ្នាជើងហោះហើរបស់គេ ឃើញកញ្ចប់របស់គេរាងថោកជាងរបស់យើង ហើយគេក៏មានគោលដៅថ្មី»។ 

របាយការណ៍ក្រសួងទេសចរណ៍ដែល​ចេញផ្សាយកាលពីចុងខែមករាកន្លងទៅនេះ បង្ហាញថា កាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា មានប្រមាណ ៦.២លាននាក់ ពោលគឺកើន​​​ឡើង ១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៥.៦លាននាក់។

របាយការណ៍ដដែលបង្ហាញផងដែរថា ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឈរនៅលេខរៀងបន្ដបន្ទាប់។ ក្នុងចំណោមភ្ញៀវទេសចរបរទេសប្រមាណ ៦.២លាននាក់នោះ ភ្ញៀវទេសចរចិន មានប្រមាណ ២លាននាក់ ពោលគឺកើនឡើង ៧០ភាគរយ ក្នុងឆ្នាំ២០១៨។ ​

​​ការកើនឡើងនៃភ្ញៀវទេសចរចិននេះ គឺដោយសារចិនបានបង្កើនជើងហោះច្រើនមកកម្ពុជា ដោយមាន​​​ក្រុមហ៊ុនអាកាសចរចិនចំនួន១២ ដែលក្នុងមួយសប្តាហ៍ មានការហោះហើរមកកម្ពុជាចំនួន២០៧ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ