វិភាគ៖ តើរដ្ឋាភិបាលឯកបក្ស​ អាចការពារគម្របព្រៃឈើជោគជ័យដែរឬទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

រដ្ឋាភិបាលអាណត្តិទី៦ ដែលមានតែបក្សប្រជាជនកម្ពុជាមួយនោះ បានប្រកាសអំពីកំណែទម្រង់ម្តងជាពីរដងថា នឹងដឹកនាំប្រទេសអាណត្តិថ្មីនេះឱ្យកាន់តែប្រសើរឡើង ហើយលុបបំបាត់ភាពអសកម្មកន្លងមក ពិសេសយកចិត្តទុកដាក់ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទៀតផង។

ជាក់ស្តែងនៅដើមឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ រួមទាំងណែនាំ​ជាថ្មីទៀត​ឲ្យកងទ័ពទាំងអស់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបាន។

លោក ហ៊ុន សែន ក៏បានព្រមានប្រើអភិក្រមទីប្រាំ ដែលជាអភិក្រមត្រូវការវះកាត់សាច់ស្អុយចេញ ចំពោះមន្ត្រីទាំងឡាយណាដែលអសកម្ម ឬចូលរួមបំផ្លាញសេចក្តីសុខពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិផងដែរ។

យ៉ាងណា មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ បានលើកឡើងថា រដ្ឋាភិបាលឯកបក្សអាណត្តិទី៦នេះ នឹងមិនអាចការពារគម្របព្រៃឈើដែលនៅសេសសល់ឱ្យនៅគង់វង្សបានឡើយ ដោយថា កន្លងមក បទល្មើសព្រៃឈើបាន​កើតឡើងជាប្រព័ន្ធ ហើយភាគច្រើនជាប់ពាក់ព័ន្ធ​មន្ត្រីគណបក្សកាន់អំណាចតែម្តង។

​អ្នកសម្របសម្រួលបណ្តាញសន្តិភាពសហគមន៍ លោក សេង សុខហេង មានប្រសាសន៍ថា លោកគ្មានជំនឿលើរដ្ឋាភិបាលឯកបក្ស ក្នុងការរក្សាគម្របព្រៃឈើឱ្យមានប្រសិទ្ធភាពនោះឡើយ។ លោកបន្តថា ​ការប្តេជ្ញារបស់រដ្ឋអំណាចនេះ មិនមែនជាការប្តេជ្ញាចិត្ត​លើកទី១ទេ។

បន្ថែមពីនេះ លោកថា អ្នករកស៊ីឈើភាគច្រើនជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលជាមនុស្សរបស់បក្សកាន់អំណាចទៀតផង។ ក្រៅពីនេះ លោកថា បញ្ហាអំពើពុករលួយ និងវប្បធម៌អន្តរាគមន៍ គឺជាមូលហេតុសំខាន់ ដែលធ្វើឱ្យការបង្ក្រាបបទល្មើសគ្មានប្រសិទ្ធិភាព។

លោក សេង សុខហេង មាន​ប្រសាសន៍ថា៖ «ប៉ុន្តែ អាណត្តិនេះ គឺមានតែមួយបក្ស អ៊ីចឹងអត់មាននរណារិះគន់ អត់មាននរណាប្រឆាំងអ៊ីចឹងទៅ វាបង្កភាពងាយស្រួល ពិសេសយើងហៅថា «ជិះសេះលែងដៃ»។ ពិសេសអ្នករកស៊ីឈើ ឬមន្ត្រីពាក់ព័ន្ធ សុទ្ធតែមាននិន្នាការជិតស្និទ្ធទៅនឹងគណបក្សកាន់អំណាច គណបក្សប្រជាជនហ្នឹង។ អ៊ីចឹងហើយ បានខ្ញុំគិតថា វាងាយស្រួលមែនទែន គឺគេចង់ធ្វើអីគឺធ្វើតាមចិត្ត។ អ៊ីចឹង ខ្ញុំគិតថា ការប្តេជ្ញាចិត្តហ្នឹងគ្មានប្រសិទ្ធភាពទាល់តែសោះ»។

កាលពីខែមេសា បណ្តាញស្នូលការពារព្រៃឡង់នៅខេត្តព្រះវិហារ និងកំពង់ធំ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់លោករស់នៅគ្មានការថយចុះអ្វីឡើយ ហើយការទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរក៏ពុំមានប្រសិទ្ធភាពនោះដែរ។

ក្រៅពីសហគមន៍ព្រៃឡង់ ប្រជាសហគមន៍ការពារព្រៃឈើនៅភូមិភាគឦសាន ក៏ធ្លាប់បានលើកឡើងអំពីបញ្ហាបទល្មើសព្រៃឈើ ពិសេសការ​រត់ពន្ធឈើចេញទៅប្រទេសវៀតណាមនៅតែបន្តកើតមាននៅក្នុងអាណត្តិទី៦នេះ។

ចំណែកមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ក៏មិនមានជំនឿលើរដ្ឋាភិបាលឯកបក្សក្នុងអាណត្តិទី៦នេះដែរ ដោយលោកកត់សម្គាល់ថា ស្ទើគ្រប់អាណត្តិមកហើយ រដ្ឋាភិបាលបានសន្យា និងប្តេជ្ញាចិត្តការពារគម្របព្រៃឈើ ប៉ុន្តែ ជាក់ស្តែងព្រៃឈើនៅតែហិនហោចដដែល។

លោកបន្តថា ការតាំងចិត្តការពារ​ព្រៃឈើរបស់រដ្ឋាភិបាលនៅអាណត្តិនេះ នឹងបរាជ័យបន្តទៀត ប្រសិន​បើ​រដ្ឋាភិបាលឯកបក្សគ្មានឆន្ទៈពិតប្រាកដ ពោលគឺ មិនបានអនុវត្តច្បាប់ទៅលើក្រុមមន្ត្រីធំៗ ពិសេសឧកញ៉ាមួយចំនួនដែលពាក់ព័ន្ធសំណុំរឿងរកស៊ីឈើកន្លងមក។

លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា៖ «កំណែទម្រង់ធំបំផុតហ្នឹងគឺត្រូវមានការផ្តន្ទាទោសដល់ឧកញ៉ាៗ ដើម្បីជាគម្រូថា ច្បាប់ធ្វើឡើងមិនសម្រាប់តែអ្នកទន់ខ្សោយ មិនមែនធ្វើឡើងសម្រាប់តែបក្ខពួកគេ ក្រុមគេ។ អ៊ីចឹងត្រូវធ្វើឡើងឱ្យបានស្មើភាពគ្នា »។

កាលពី​ខែ​មករា ឆ្នាំ​២០១៦ រដ្ឋាភិបាលអាណត្តិទី៥ ដែលដឹកនាំដោយលោក ហ៊ុន សែន ​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ឡើង​ ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់។ គណៈកម្មាធិការជាតិមួយនេះ ក៏មានតួនាទីចាប់ជនល្មើស និងបញ្ជូនសំណុំរឿងទៅតុលាការទៀតផង។  ​

ប្រមាណ៣ខែក្រោយមក គឺនៅខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បញ្ជាក់​ថា ចាប់​បាន​ឈើ​ខុស​ច្បាប់ចំនួន​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រកស៊ី​ឈើចំនួន ៥៧​ករណី​ទៅ​តុលាការ។

ទោះបីជា​យ៉ាង​នេះ​ក្តី ជាង៣​ឆ្នាំ​មក​ហើយ សំណុំ​រឿង​ក្តី​ទាំង​នោះ​ស្ងាត់​សូន្យឈឹង ដោយគ្មានមន្ត្រី ឬឧកញ៉ារកស៊ីឈើណាម្នាក់ត្រូវបានចាប់ខ្លួន និងយកទៅផ្តន្ទាទោសតាមច្បាប់នោះទេ រី​ឯ​បទល្មើស​រត់ពន្ធ​ឈើ​ចេញ​ទៅ​​ក្រៅ​ប្រទេស​នៅ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ​។

ជាក់ស្តែងអំឡុងពេលរដ្ឋាភិបាលអាណត្តិទី៥ ពេលនោះ ប្រកាសបិទការនាំឈើចេញទៅក្រៅប្រទេសទាំងស្រុង អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​អន្តរជាតិ​ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) ​​កាលពីខែឧសភា ឆ្នាំ២០១៧ បាន​រក​ឃើញ​ថា ការនាំឈើចេញទៅវៀតណាមនៅតែកើតមានដដែល។

អង្គការនេះ អះអាងថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជាទៅ​កាន់​វៀតណាម មានទំហំ​​ទឹក​ប្រាក់ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក។

​របាយការណ៍នោះក៏រកឃើញទៀតថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមិនា ឆ្នាំ២០១៧ ទំហំឈើនាំចេញពីកម្ពុជា និងប្រែក្លាយទៅជាឈើស្របច្បាប់ទៅកាន់ប្រទេសវៀតណាម មានចំនួនប្រមាណ ៣០ម៉ឺនមែត្រគូប​។

ទីភ្នាក់ងារអន្តរជាតិ​មួយ​នេះ បាន​រកឃើញទៀតថា ​មន្ត្រី​អាជ្ញាធរកម្ពុជា និង​វៀតណាម ​បានទទួលលុយ​សំណូក​រាប់​លាន​ដុល្លារ​ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​នឹងការ​បើក​ដៃឲ្យ​ជនល្មើសកាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់ចេញពីកម្ពុជា។

ជាមួយគ្នានេះ កាលពីខែ៩ ខែមេសា ឆ្នាំនេះ អង្គការខុមហ្វ្រែល (Comfrel) បានរកឃើញថា រដ្ឋាភិបាលអាណត្តិទី៥ បានបរាជ័យក្នុងការអនុវត្តគោលនយោបាយរក្សា​គម្របព្រៃឈើនៅកម្ពុជាផងដែរ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា​ ​កញ្ញាមិនមានជំនឿថារដ្ឋាភិបាលឯកបក្សអាចទទួលបានភាពជោគជ័យក្នុងការថែរក្សាគម្របព្រៃឈើនោះទេ ទោះបីជាប្រមុខរដ្ឋាភិបាលព្រមានកាត់សាច់ស្អុយរបស់ខ្លួនចោលក៏ដោយ។

កញ្ញាមានប្រសាសន៍ថា៖ «អភិក្រម វាគឺជាឈ្មោះ ប៉ុន្តែ ខ្ញុំមិនទាន់ឃើញថា រាល់ថ្ងៃ ឬបច្ចុប្បន្ននេះ រដ្ឋាភិបាលបានអនុវត្តឱ្យបានពេញលេញ ឬពេញដៃពេញជើងលើអភិក្រមនេះទេ។ មានន័យថាម៉េច? មានន័យថា “ប៉ះដៃគេ កាត់ដៃគេ ដល់ប៉ះដៃខ្លួនឯងអត់​កាត់ដៃខ្លួនឯង”។ អាហ្នឹងវាជាចំណុចសំខាន់ណាស់ នៅពេលយើងប្រើអភិក្រម គឺអ្នកទាំងអស់គ្នាត្រូវអនុវត្តតាមអភិក្រមហ្នឹង»។

កាលពីឆ្នាំ២០១៧ របាយការណ៍របស់អង្គការណាសា ​បានបង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផងដែរ ដោយសារការទន្រ្ទានយកដីពីសំណាក់ក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចសម្រាប់​ដាំ​ដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។

​របាយការណ៍នេះ ​រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើងជាង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុបជាង ១លានហិកតា។

​កាលពីឆ្នាំ២០១៦ អង្គការនិន្នន័យអំពីការអភិវឌ្ឍន៍កម្ពុជា ​បង្ហាញថា គម្រប​ព្រៃឈើ​សរុប​ក្នុង​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​ពី​ប្រមាណ​ ៧២​ភាគរយ​ ក្នុង​ឆ្នាំ​១៩៧៣​ មក​នៅ​ត្រឹម​ ៤៨​ភាគរយ​ ក្នុង​ឆ្នាំ​២០១៤​ ខណៈ​ពេល​ដែល​ព្រៃស្រោង​បាន​ថយ​ចុះ​ពី​ ៤២​ភាគរយ​ មក​នៅ​ត្រឹម​ ១៦​ភាគរយ​ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​។​ ​

ទាំងអ្នកវិភាគរូបនេះ និងសង្គមស៊ីវិល បានផ្តល់ជាអនុសាសន៍ស្រដៀងគ្នាថា ដើម្បីឱ្យកិច្ចការពារព្រៃឈើក្នុងអាណត្តិថ្មីនេះទទួលបានជោគជ័យ រដ្ឋាភិបាលឯកបក្សត្រូវហ៊ានវះកាត់សាច់ស្អុយចោលពិតប្រាកដ ដោយស្រាវជ្រាវរកអ្នកពាក់ព័ន្ធតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល យកមកផ្តន្ទាទោសតាមច្បាប់។  ​

ពួកគេបានផ្តល់អនុសាសន៍ទៀតថា រដ្ឋាភិបាលគប្បីផ្តល់កញ្ចប់ថវិកាទៅថ្នាក់ក្រោម ដើម្បីបំពេញការងារការពារព្រៃឈើឱ្យបានច្រើន ព្រមទាំងបង្កភាពងាយស្រួលដល់ពលរដ្ឋទូទៅ ពិសេសសហគមន៍មូលដ្ឋានចូលរួមការពារព្រៃឈើដោយគ្មានការគំរាមកំហែង។

ជាងនេះទៀត ពួកគេក៏ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មីបោសសម្អាតអំពើពុករលួយក្នុងប្រព័ន្ធដឹកនាំរដ្ឋ  និងអនុវត្តច្បាប់ស្មើភាពគ្នា ព្រមទាំងបញ្ឈប់វប្បធម៌អន្តរាគមន៍ពីថ្នាក់លើបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ