ប្រមុខ​ការទូត​​កម្ពុជា​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា នៅ​តែត្រូវការ EBA ប៉ុន្តែ​ស្នើ​ឲ្យ​មើល​ឃើញ​ចំណុច​ល្អ​របស់​កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​លោក ប្រាក់ សុខុន បាន​ទទួល​ជួប​ជា​មួយ​ប្រតិភូ​អឺរ៉ុប​ដែល​ដឹក​នាំ​ដោយ​អគ្គ​លេខា​ធិការ​រង​​នៃ​មន្ទីរ​ការបរទេស​សហភាព​អឺរ៉ុប លោក Jean-Christophe Balliard ដើម្បី​ពិភាក្សា​លើ​ទំនាក់​ទំនង​ការទូត​មួយ​ចំនួន ​ក្នុង​នោះ​ក៏​មាន​ការ​ពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​EBA ផង​ដែរ។ រូបភាព៖ ហ៊ី ឆាយ

ប្រមុខ​ការទូត​កម្ពុជា​ ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ (EBA) ហើយ​លោក​ក៏​ស្នើ​ដល់​ប្រតិភូ​នេះ​ ឲ្យ​មើល​ឃើញ​ពី​ការ​ពិត​ជាក់​ស្ដែង​ដែល​កម្ពុជា​ធ្វើ​បាន​ខ្លះ​ផង​។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​លោក ប្រាក់ សុខុន បាន​ទទួល​ជួប​ជា​មួយ​ប្រតិភូ​អឺរ៉ុប​ដែល​ដឹក​នាំ​ដោយ​អគ្គ​លេខា​ធិការ​រង​​នៃ​មន្ទីរ​ការបរទេស​សហភាព​អឺរ៉ុប លោក Jean-Christophe Balliard ដើម្បី​ពិភាក្សា​លើ​ទំនាក់​ទំនង​ការទូត​មួយ​ចំនួន ​ក្នុង​នោះ​ក៏​មាន​ការ​ពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​EBA ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កេត សោផាន់ ថ្លែង​ក្នុង​សន្និសីទ​​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ថា​ ប្រមុខ​ការទូត​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ធ្វើ​ការ​ជា​មួយ​អឺរ៉ុបដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ តែ​បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​អាច​យក​អធិបតេយ្យ​ទៅ​ប្ដូរ​នោះ​ទេ ខណៈ​ស្នើ​ឲ្យ​ប្រតិភូ​រំលេច​ឲ្យ​ឃើញ​ពី​ការ​វិវត្ត​របស់​កម្ពុជា​ខ្លះ​ផង​ក្នុង​របាយការណ៍​ទស្សនកិច្ច​របស់​ខ្លួន​។

លោក​ កេត សោផាន់ ថ្លែង​ថា៖ «យើង​កត់​សម្គាល់​ឃើញ​ថា​ អ្វី​ដែល​ជា​របាយការណ៍​របស់​គាត់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​រដ្ឋាភិបាល​ ជា​ពិសេស​ដូច​ដែល​យើង​ឆ្លើយ​តប​ទៅ​ EU វិញ ​ដែល​មាន​កម្រាស់​ ៨៣​ទំព័រហ្នឹង ​ឃើញ​ថា ​គាត់​មិន​បាន​ឆ្លុះ​បញ្ចាំង​អ្វីពី​វឌ្ឍនភាព​របស់​កម្ពុជា​នោះ​ទេ។ អ៊ីចឹង ​គ្រប់​ពេល​ដែល​រដ្ឋាភិបាល ជា​ពិសេស​នៅ​ពេល​ដែល​ប្រមុខ​ការទូត​យើង​ជួប​ EU ហ្នឹង​ គឺ​តែង​តែ​ស្នើសុំ​ឲ្យ​រំលេច​ពី​អ្វី​ដែល​ជា​ការ​ពិត​ជាក់​ស្ដែង​របស់​កម្ពុជា​ខ្លះ​ផង​​»។ ​

គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៨​មក ​ប្រតិភូ​អឺរ៉ុប​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​ ២​ដង​រួច​មក​ហើយ តែ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​ការ​វាយ​តម្លៃ​វិជ្ជមាន​ពី​តំណាង​ប្រតិភូ​មក​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ការ​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប​ ជា​ការ​វាយតម្លៃ​សុក្រឹត​មួយ​ ហើយលោក​​ថា​ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ពី​ការ​អនុវត្ត​របស់​ខ្លួន​វិញ​ថា ​បាន​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​បាន​កម្រិត​ណា។

លោក ស៊ឹង សែនកុរណា ប្រាប់​ថា៖ «អ៊ីចឹង​ យើង​គួរ​តែ​មើល​លើ​លក្ខខណ្ឌទាំង​អស់​ហ្នឹង បើ​យើង​ទៅ​ដោះស្រាយ​លើ​បញ្ហា​ផ្សេងៗ​ដែល​មិន​ត្រូវ​នឹង​លក្ខខណ្ឌ​ហ្នឹង​ វា​ស្មើ​នឹង​គ្មាន​ការ​ដោះស្រាយ​អី​ទាំង​អស់! តើ​យើង​យក​មក​វាស់​វែង​របៀប​ម៉េច? បាន​ន័យ​ថា ​យើង​មិន​ទាន់​យល់​អំពី​លក្ខខណ្ឌ​របស់​ EU ផង​ហ្នឹង​។ ហើយ​យើង​ចេះ​តែ​មិន​ដោះស្រាយ​ឲ្យ​ត្រូវ​ចំណុច​ស្មើ​ហ្នឹង​ពាក្យ​ចាស់​ថា ​យើង​អេះ​មិន​ចំ​រមាស់ ឬ​ក៏​ដាក់​ថ្នាំ​មិន​ត្រូវ​ជំងឺ​ ជា​ដើម​។ អ៊ីចឹង​ វា​មិន​អាច​ដោះស្រាយ​បាន​ទេ​ក្នុង​បញ្ហា​រឿង​ការ​អនុគ្រោះ​ពន្ធ ​EBA នេះ​ឯង»

ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ ក្នុង​គោល​បំណង​ស្វែង​រក​ការពិត​មួយ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ដំណើរការ​ ដែល​នឹង​ឈាន​ទៅ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​ជាមួយ​លក្ខខណ្ឌ​​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ ដែល​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ