ពលរដ្ឋ​៨​នាក់​​នៅ​ត្បូងឃ្មុំ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ ក្រោយ​រារាំង​ពលរដ្ឋ​ម្នាក់​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ហាម៉ីនីវិន អិនវេសមេន (HAMENIVEN Investment) ដែល​ឈូស​ឆាយ និង​ជីក​ប្រឡាយ​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក និង​ដី​ស្រែ​ចម្ការ​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥។ រូបភាព៖ Adhoc

សហគមន៍ដីធ្លីចំនួន ៨​នាក់​នៅ​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅសប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​រង​បណ្ដឹង​ពី​ពលរដ្ឋ​ម្នាក់​ដែល​ប្រជា​សហគមន៍​អះ​អាង​ថា បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍។

ក្នុងដីកាកោះ​ចុះថ្ងៃទី២៣ ខែឧសភា ចៅក្រម​ស៊ើបសួរ​​សាលាដំបូងខេត្តត្បូងឃ្មុំ អ្នកស្រី ហៃ ណៃហេង បានបង្គាប់ឱ្យប្រជាពលរដ្ឋចំនួន ៨នាក់ នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ចូលបំភ្លឺនៅតុលាការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រោម​ការចោទ​ថា បាន​គំរាមកំហែង​អ្នក​ដទៃ។

តំណាងសហគមន៍​ដីធ្លី លោក សែម ចំណាន ស្ថិត​ក្នុង​ចំណោម​អ្នក​ភូមិ ៨​រូប​ដែល​រង​បណ្ដឹង​មក​ពី​ភូមិស្រែប្រាំង ​ស្ថិត​ក្នុង​ឃុំត្រពាំងព្រីង បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៣០​នាក់ បាន​ចូល​ទៅ​ហាម​ឃាត់​លោក ញ៉ សារឿន មិន​ឲ្យ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។ លោក​បន្ថែមថា លោក ញ៉ សារឿន ចូល​កាប់​ឈើ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក សែម ចំណាន ប្រាប់​ថា​៖ «វាមិនបានជួយដល់សហគមន៍ បើយើងទុកអុស​ហ្នឹងនៅ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ វាល្អជាង។ ហើយម្យ៉ាងទៀត គាត់កាប់អុសហ្នឹង​មិន​មែនយកមកជួយសហគមន៍ណា គាត់លក់ជាឯកជន យកលុយចូលហោប៉ៅគាត់ហ្នឹង ហើយមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ»

បុរស​ដែល​អះ​អាង​ថា​ជា​តំណាង​សហគមន៍​រូប​នេះ បាន​បញ្ជាក់​ថា លោក និង​អ្នក​ភូមិ​ផ្សេង នឹង​ចូល​បំភ្លឺ​ទៅ​តាម​ដី​កា​កោះ​ហៅ​របស់​តុលាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ពលរដ្ឋម្នាក់​ទៀត លោក អាន ឃីស ដែលត្រូវតុលាការកោះហៅដែរ ឲ្យ​ដឹង​ថា លោកនឹងទៅបំភ្លឺ​ដោយ​មិនមានភ័យខ្លាចឡើយ ដោយសារ មិនបានប្រើប្រាស់អាវុធ ដូចការចោទប្រកាន់។

លោក អាន ឃីស ប្រាប់ថា៖ «យើងអត់ភ័យអត់ខ្លាចអីទេ ព្រោះយើងអត់មានកំហុសអ្វីផង គ្រាន់តែយើងទៅចាប់ម៉ាស៊ីនគេបំផ្លាញព្រៃឈើ។  អាហ្នឹងគេគិតយ៉ាងម៉េចដែរ?»

ពលរដ្ឋ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ភូមិ​របស់​លោក នឹង​​ឡើង​ទៅតវ៉ានៅមុខតុលាការ ដើម្បីទាមទារឱ្យទម្លាក់​​ចោល​បណ្ដឹង​នោះ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តត្បួងឃ្មុំ អ្នកស្រី ធីម ណារីន មានប្រសាសន៍ថា តាមច្បាប់ ប្រជាពលរដ្ឋមានសិទ្ធិហាម​ឃាត់ និងចាប់យកវត្ថុតាងមួយចំនួនពីជនជាអ្នកប្រព្រឹត្តបទល្មើស បើសិនជាករណីនោះ ជាបទល្មើសជាក់ស្ដែង។

លោកស្រីស្នើទៅតុលាការឱ្យធ្លាក់បទចោទប្រកាន់លើប្រជាពលរដ្ឋ ៨​នាក់វិញ ដោយ​ចាត់​ទុក​សកម្មភាព​របស់​អ្នក​ភូមិ​ទាំង​នោះ​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​សហគមន៍​តែ​ប៉ុណ្ណោះ។

អ្នកស្រី ធីម ណារីន ប្រាប់ថា៖ «អ៊ីចឹងអត់មានជនណាដែលមិនមានសិទ្ធិក្នុងការឃាត់ទុក ឬក៏ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសបានទេ នៅក្នុងបទល្មើសជាក់ស្ដែង គឺមានសិទ្ធិយោងតាមក្រមព្រហ្មទណ្ឌ។ អ៊ីចឹង តុលាការគាត់គួរតែពិចារណាមើលលើចំណុច ដើម្បីរកភាពយុត្តិធម៌ឱ្យអ្នកទាំង ៨​រូបហ្នឹង»

លោក សែម ចំណាន អះអាងថា ដីព្រៃសហគមន៍ភូមិ​ស្រែប្រាំង​ គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​ព្រៃ​ទំហំ ៧៣៥​ហិកតា​ ស្ថិត​ក្នុង​ឃុំត្រពាំងព្រីង ស្រុកតំបែរ ហើយ​បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន ១៣៩​គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល​លើ​ដីព្រៃ​សហគមន៍​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ