លោក​ ហ៊ុន​ សែន​ ប្រតិកម្ម​នឹងនាយករដ្ឋ​​មន្ត្រីសឹង្ហ​បុរី​ដែល​ថា​វៀតណាម​ឈ្លានពាន​កម្ពុជា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង។ រូបភាព៖ បណ្ដាញសង្គម

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចាត់ទុក​ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរី​ថា ​ជា​ការប្រមាថ​ដល់​ការ​បូជាជីវិត​របស់​កងទ័ព​វៀតណាម​ ដែល​បាន​ចូលរួម​រំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​។

នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរី​ លី ស៊ានឡុង​ កាលពី​ថ្ងៃទី៣១ ខែឧសភា​ បាន​សរសេរ​លើក​ហ្វេ​សប៊ុ​ករបស់​លោក​ដែល​​រំឭក​ថា ​សឹង្ហ​បុរី​ និង​ប្រទេស៤ទៀត​ធ្លាប់​បាន ​«រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា​ និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​»

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ករបស់​លោក​ នៅ​ថ្ងៃទី៦ ខែមិថុនា ​ថា ​លោកមាន​ការ​ខកចិត្ត​ទៅ​នឹង​ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរីបែប​​នេះ​។

មេដឹកនាំ​កម្ពុជា​ ហៅ​ «ការ​លើកឡើង​នេះ ​បង្ហាញថា​ កាលនោះ​សឹង្ហ​បុរី​ បាន​គាំទ្រ​របប​ប្រល័យ​ពូជ​សាស​ន៏ ​និង​ចង់​ឱ្យ​របប​ប្រល័យ​ពូជ​សាស​ន៏​វិលត្រឡប់​មក​កម្ពុជា​វិញ​ដែរ​»។ លោក​បន្ត​ថា សារ​នេះ​ក៏​ជា​ការប្រមាថ​ដល់​ពលីកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជ​សាស​ន៏​ផង​ដែរ​។

ភាគី​វៀតណាម ​ក៏បាន​ច្រានចោល​ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរីដែរ​​។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ លោកស្រី​ Le​ Thi​ Thu​ Hang​ បាន​ថ្លែងកាលពីថ្ងៃទី៤ ខែមិថុនា ថា អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​សឹង្ហ​បុរី​ លោក​ Lee Hsien​ Loong​ អះអាង ​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​នៃ​ប្រវត្តិ​សាស្ត្រនោះ​ទេ​។ លោកស្រី​ បន្ថែម​ថា​​ វៀតណាម​ បាន​រួមចំណែក​ និង​ការ​លះបង់​ ជួយ​ប្រជាជន​កម្ពុជា​ ដើម្បី​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ ដែលគេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ លោក​ អ៊ូ​ ច័ន្ទ​រត័្ន​ មានប្រសាសន៍​ថា​ ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរី​ បាន​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​កម្ពុជា​ដែល​បាន​កើតឡើង​អំឡុង​ឆ្នាំ១៩៧៩​។

លោក​ថា​៖ «ជា​ប្រវត្តិសាស្ត្រ​ យើង​ដឹង​ទាំងអស់គ្នា​ហើយ​ អ្នក​ដែល​បាន​រៀន​នោះ​។ អន្តរជាតិ​គេ​ថា ​ជា​ការឈ្លានពាន​របស់​វៀតណាម​។ ដូច្នេះ​ គេ​លើកឡើង​ហ្នឹង​ វា​គ្មាន​អី​ខុស​ទេ​»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ថា​ វត្តមានរបស់កងទ័ពវៀតណាម ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា ជាការឈ្លានពានកម្ពុជា។ លោកបន្តថា ក្រោយវៀតណាមចូលវាយលុកបណ្តេញខ្មែរក្រហមចេញពីអំណាច វៀតណាមមិនព្រមប្រគល់ឯករាជ្យឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាទេ រហូតមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ទើបវៀតណាមដកទ័ពចេញពីកម្ពុជា។

អ្នក​វិភាគរូបនេះ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​ប្រតិកម្ម​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យន្តការ​អាស៊ាន​ បើ​សារ​ឆ្លើយឆ្លង​នេះ​ក្លាយជា​ជម្លោះ​ការទូត​មិន​អាច​ដោះស្រាយ​បាន​ ។

លោក​ថា​៖ «អាស៊ាន ​វា​មាន​គោលការណ៍​មួយ​គឺ​ឯកភាព​គ្នា​ជាឯកច្ឆន្ទ​។ ការព្រមព្រៀង​អីហ្នឹង​ត្រូវការ​សំឡេង​រួម ​ហើយ​បើ​មាន​ប្រទាំង​ប្រទើស​គ្នា​លើ​បញ្ហា​ណាមួយ​ ឬសមាជិក​ណា​ម្នាក់​បដិសេធ​ អាស៊ាន​មិន​អាច​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួម​បានទេ​ ហើយ​ធ្វើ​ឱ្យ​អាស៊ាន​ហ្នឹង​ជួប​បរាជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួម​»។

សាស្ត្រា​ចារ្យ​ផ្នែក​សិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​ន ប្រ​ទេស​ថៃ​ លោក​ ផូល  ឆាំប៊ឺ ​(Paul​ Chambers​) មានប្រសាសន៍​ប្រាប់ VOD​ តាម​សារ​អេ​ឡិច​ត្រូ​និច​ នៅថ្ងៃនេះថា លោក​ ហ៊ុន​ សែន​ ប្រាកដជា​មានការ​ប្រយ័ត្ន​ប្រ​យែង​ដោ​យ​មិន​ចង់​ធ្វើ​ឱ្យ​វៀតណាម​មិន​សប្បាយចិត្ត​។

សាស្ត្រា​ចារ្យ​រូប​នេះ ​បន្ត​ថា៖ «ប្រសិនបើ​លោក​ ហ៊ុន​ សែន ​យល់ស្រប​ថា​ វា​គឺជា​ការឈ្លានពាន​ នោះ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ​និង​វៀតណាម​ នឹង​កាន់តែ​អាក្រក់​ជាង​ពេល​ណាៗ​ទាំងអស់ ​ជាពិសេស​ដោយសារតែ​ប្រទេស​ចិន​កំពុង​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង​ វានឹង​ប៉ះពាល់​ដល់​ឥទ្ធិពល​​ប្រទេស​វៀតណាម​នៅ​កម្ពុជា»​។

​លោក​ ផូល ឆាំប៊ឺ ​(Paul​ Chambers​) យល់​ថា ​នាយករដ្ឋមន្ត្រីសិង្ហបុរីទំនងជាមិនបានបញ្ជាក់ឲ្យបានច្បាស់នៅពេលលោកប្រើពាក្យ «ឈ្លានពាន»។ ទោះបីជាយ៉ាងណា សាស្ត្រា​ចារ្យ​រូប​នេះ យល់​ថា ការលើកឡើងរបស់លោក ​លី ស៊ានឡុង​ នឹងមិនធ្វើឲ្យខូចស្មារតីរបស់អាស៊ាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ