ក្រសួងព្រមានដាក់​ទោស​ម្ចាស់ និង​បិទសិប្បកម្មឡឥដ្ឋប្រើ​ប្រាស់​​​កម្លាំង​កុមារ

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានបិទសិប្បកម្មផលិតឥដ្ឋទាំងឡាយណា ​ដែលអនុញ្ញាតឲ្យកុមារ​ចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម​នៃសិប្បកម្មផលិតឥដ្ឋ។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី៥ ខែមិថុនា​កន្លង​មក ដែល វី.អូ.ឌី ទើបទទួលបាននៅថ្ងៃនេះ ក្រសួងការងារបានប្រាប់ទៅមន្ទីរការងាររាជធានី និងខេត្ត ឲ្យចុះណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវហាមកុមារចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មឥដ្ឋ ហាមកុំឲ្យកុមារធ្វើការងារក្នុងវិស័យនេះ និងហាមដាច់ខាតរាល់ទម្រង់​នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ រួមទាំងការបង្ខំឲ្យកុមារធ្វើការងារដើម្បីដោះបំណុល ជាដើម។

ក្នុងសេចក្តីណែនាំដដែលនេះ ក្រសួងការងារបានតម្រូវឲ្យម្ចាស់សិប្បកម្មផលិតឥដ្ឋទាំងអស់ ត្រូវរៀបចំកន្លែងស្នាក់នៅឲ្យឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាពដោយខណ្ឌចែកបរិវេណខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅឲ្យដាច់ពីគ្នា។

ក្រសួងការងារព្រមានថា ប្រសិនបើម្ចាស់សិប្បកម្មផលិតឥដ្ឋទាំងឡាយណាខកខានក្នុងការអនុវត្តសេចក្តីណែនាំនេះ នឹងត្រូវទទួលរងនូវការផាកពិន័យ ឬអាចការបិទអាជីវកម្ម និងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិរបស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លោក វន វិត ចាត់​ទុក​សេចក្ដី​ណែនាំ​របស់​ក្រសួង​ការងារ​ថា ជាវិធានការល្អមួយក្នុងការជំរុញ និងរំលឹកដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋទាំងអស់ ឲ្យ​យល់​ដឹងពីការប្រើប្រាស់កម្លាំងពលកម្មកុមារ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗកើត​មាន​ទៅ​លើ​កុមារ។

ប៉ុន្តែ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បានជំរុញទៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវបង្កើនការអនុវត្តផែនការយុទ្ធសាស្រ្ត និងគោលនយោបាយលុបបំបាត់ពលកម្មកុមារឲ្យបានម៉ឺងម៉ាតបន្ថែមទៀត។

លោក វន វិត បន្ថែមថា៖ «ក្រសួងការងារ គាត់ត្រូវបន្តតាមដាន ឬការត្រួតពិនិត្យទៅការអនុវត្តរបស់ម្ចាស់សិប្បកម្មឡឥដ្ឋ ដោយធ្វើយ៉ាងម៉េចជំរុញឲ្យគាត់ហ្នឹងរួមសហការឲ្យបានពេញលេញ និងត្រូវមានវិធានការពិន័យចំពោះសិប្បកម្មណាដែលគាត់មិនបានចូលរួមសហការ ឬអនុវត្តសេចក្តីណែនាំនេះ ​និងបទបញ្ញត្តិផ្សេងៗទៀតពាក់ព័ន្ធពលកម្មកុមារនេះ ត្រូវមានវិធានការម៉ឺងម៉ាត់ និងច្បាស់លាស់ ដើម្បីទប់ស្កាត់ និងផ្តល់សារទៅសិប្បកម្មផ្សេងៗទៀត គោរព និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងនេះបានប្រសិទ្ធភាព»

កាលពីខែមិនា ឆ្នាំ២០១៩នេះ កុមារីអាយុ ១០ឆ្នាំម្នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានគ្រោះថ្នាក់ដាច់ដៃម្ខាង ខណៈនាង និងក្រុមគ្រួសារ​បំពេញការងារនៅសិប្បកម្មឡឥដ្ឋមួយកន្លែងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កុមារី ស្រីភ័ក្រ បាន​បាត់បង់ដៃស្តាំត្រឹមស្មា ដោយសារកៀបចូលចូលម៉ាស៊ីនកិនឥដ្ឋ។

អង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​មក ​ថា ការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតផលឥដ្ឋនៅកម្ពុជា បានបង្ហាញនូវទម្រង់ទាសភាពសម័យទំនើបក្នុងឧស្សាហកម្មផលិតឥដ្ឋនៃប្រទេសមួយនេះ។

របាយការណ៍កាល​ពី​ឆ្នាំ​២០១២ ​របស់អង្គការ​ពលកម្ម​ការងារ​អន្តរជាតិ ILO រកឃើញថា មានកុមារ ១៩ភាគរយក្នុងចំណោមកុមារ​កម្ពុជា ៤លាននាក់ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ពលកម្ម​នានា។ ក្នុងចំណោមកុមារទាំងនេះ មានកុមារជាង ៧ម៉ឺននាក់ធ្វើការនៅក្នុងការិយាល័យ តូប ហាង និងមួយចំនួនទៀតធ្វើការក្នុងរោងចក្រ និងសិប្បកម្មឡឥដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ