សកម្មជនបរិស្ថានទាមទារឱ្យលោក ជា សុផារ៉ា លាលែងពីតំណែងប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​តំបន់​ឆ្នេរ

នៅរសៀលថ្ងៃពុធទី ៣១ ខែតុលា ឆ្នាំ២០១៨ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួប លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ (រូបភាព៖ ជន ចាន់រ៉ែន)

សកម្មជនមាតាធម្មជាតិទាមទារឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា លាលែងពីតំណែងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរនៅកម្ពុជា ដោយ​ថា លោក​មិនអាចដោះស្រាយការបង្ហូរទឹកចូលសមុទ្រនៅខេត្តព្រះសីហនុបាននោះ​ទេ។

ក្នុង​វីដេអូមានរយៈពេលជិត ២​នាទី សកម្មជនការពារបរិស្ថាន លោក ថុន រដ្ឋា បានលើកឡើងថា ការបង្ហូរទឹកស្អុយចូលសមុទ្រនៅខេត្តព្រះសីហនុ នៅតែបន្តកើតមានដដែល បើទោះបីជា​កន្លងមក គណៈកម្មាធិការអន្ដរក្រសួង បាន​អះអាងថា នឹងដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីដោះ​ស្រាយ​បញ្ហានៃការ​បង្ហូរទឹកកខ្វក់ចូលសមុទ្រមួយនេះក៏ដោយ។

លោក ថុន រដ្ឋា រៀបរាប់​ក្នុង​វីដេអូ​នោះ​ថា៖ «ពួកខ្ញុំដែលបានផ្ដិតពីទីតាំងមួយចំនួនដូចជា ឆ្នេរអូឈើទាល  ឆ្នេរឯករាជ្យ ឆ្នេរលំហែកាយ និងឆ្នេរកោះរ៉ុង ជាដើម នៅតែមានការបង្ហូរទឹកស្អុយចូលសមុទ្រច្រើនជាងមុនទៀតផង។ បើទោះបីជាសណ្ឋាគារ កាស៊ីណូ ឬក៏សំណង់​អគារផ្សេងៗ នៅមិនទាន់មានប្រព័ន្ធចម្រោះសម្អាតទឹកនៅឡើយ ក៏សំណង់អគារទាំងអស់នោះត្រូវបានគេអនុញ្ញាតឱ្យសាងសង់ ព្រមទាំងបានបង្ហូរទឹកកង្វក់ចូលទៅក្នុងសមុទ្រ»

សកម្មជនអង្គការមាតាធម្មជាតិ​រូប​នេះ លើកឡើងថា កន្លងមក ពួកគេបានបង្ហាញទីកន្លែងដែលក្រុមហ៊ុនបានបង្ហូរទឹកស្អុយចូលសមុទ្រនៅលើបណ្ដាញសង្គម ដើម្បីឱ្យស្ថាប័នទាំងអស់បានឃើញ ប៉ុន្តែ ពួកគេថា រហូតមកដល់ពេលប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ មិនបានដោះស្រាយឡើយ។

សកម្មជនមាតាធម្មជាតិ រៀបរាប់​បន្ត​ថា៖ «ពួកខ្ញុំមិនដែលឃើញមានអន្តរាគមន៍ណាមួយចេញពីក្រុមការងារឯកឧត្តម ជា សុផារ៉ា ដែលជាអ្នកទទួលខុសត្រូវលើរឿងនេះទាល់តែសោះ។ ពួកខ្ញុំចង់សួរទៅឯកឧត្តម ជា សុផារ៉ា ពិចារណាលាឈប់ពីតំណែង ដើម្បីផ្ដល់ឱកាសឱ្យមន្ត្រីថ្មីដែលមានសមត្ថភាពអាចជួយសង្គ្រោះសមុទ្រ ឬឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ខ្មែរយើងឱ្យបានទាន់ពេលវេលាផង»

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា លោក ជា សុផារ៉ា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។

លោក ជា សុផារ៉ា ប្រាប់ថា៖ «ទៅឆ្លើយអីជាមួយពួកហ្នឹងទេ ហ្នឹងហើយ អ៊ីចឹង ចាំមានអី មកយកឯកសារ​ទៅធ្វើអត្ថាធិប្បាយទៅ»

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអន្ដរក្រសួងដឹកនាំដោយលោក ជា សុផារ៉ា  បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុនេះ។ ក្នុងកិច្ចប្រជុំនោះ គណកម្មាធិការជាតិមួយ​នេះ បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនជុំវិញ​​បញ្ហានៃការ​បង្ហូរទឹកកខ្វក់ចូលសមុទ្រក្នុងខេត្តព្រះសីហនុផងដែរ។

ព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២  ដែលមានសមាជិកជាង ២០​រូប។

អគ្គលេខាធិការបណ្ដាញយុវជនកម្ពុជា លោកស្រី អ៊ំ វណ្ណា ជំរុញទៅរដ្ឋាភិបាលឱ្យចាត់វិធានការច្បាប់ ឬដាក់ពិន័យទៅលើក្រុមហ៊ុនទាំងនោះ ដើម្បីកុំឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់នោះបង្ហូរទឹកចូលសមុទ្រទៀត។

លោកស្រី អ៊ំ វណ្ណា ប្រាប់ថា៖ «បើសិនជាមិនដាក់ទោសទណ្ឌទេ វានឹងមានបញ្ហា ហើយមួយទៀត ខាងរដ្ឋាភិបាល ឬខាងអាជ្ញាធរ ត្រូវតែមើលច្បាប់ឡើងវិញ ហើយដាក់ទោសទណ្ឌទៅតាមច្បាប់ មិនមែនចេះតែជជែកគ្នា ដើម្បីរកចំណុចណាត្រូវ ឬក៏ចំណុចណាដែលព្រមព្រៀង ឬក៏យកផលប្រយោជន៍ដាក់ចូលហៅប៉ៅខ្លួនឯងទេ មានន័យថា អនុវត្តទៅតាមច្បាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ