បាតុករ​ហុងកុង​៖ បើ​យើង​មិន​ធ្វើ​អ្វី​សោះ នឹង​សោក​សង្រេង​នៅ​ថ្ងៃ​អនាគត​

បុរសម្នាក់លើក្រដាសមួយផ្ទាំងសរសេរថា No China Extradition ដែលមានន័យថា «មិនត្រូវការច្បាប់បត្យាប័ន» នៅពេលដែលក្រុមអ្នកតវ៉ាប្រឆាំងនឹងសំណើច្បាប់បត្យាប័នថ្មី នៅថ្ងៃទី 9 ខែមិថុនាឆ្នាំ 2019 នៅទីក្រុងហុងកុង។ រូបភាព៖ PHILIP FONG/AFP/Getty Images

ក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗនៅហុងកុងបានប្រកាសបិទទ្វារសម្រាកការងារ ដើម្បីឱ្យបុគ្គលិករបស់ពួកគេទៅចូលរួមធ្វើបាតុកម្ម ដោយពួកគេអះអាងថា បើមិនធ្វើសោះនៅពេលនេះ នឹងមានការសោកស្តាយ ឬសោកសង្រេងនៅថ្ងៃអនាគត។​

ហុងកុងតវ៉ាច្បាប់បត្យាប័ន
ក្រុមអ្នកតវ៉ាប្រឆាំងនឹងសំណើច្បាប់បត្យាប័នថ្មី នៅថ្ងៃទី 9 ខែមិថុនាឆ្នាំ 2019 នៅទីក្រុងហុងកុង។ រូបភាពលោក Anthony Kwan / Getty

កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋនៅហុងកុងជាង ១លាននាក់ នាំគ្នាដើរលើផ្លូវដើម្បីតវ៉ាប្រឆាំងច្បាប់ធ្វើបត្យាប័ន ឬការបញ្ជូនជនសង្ស័យយកទៅកាត់ទោសនៅតុលាការចិនដីគោក ក៏ដូចជាបញ្ជូនទៅប្រទេសផ្សេងទៀត។​

អ្នកសម្របសម្រួលក្រុមបាតុករ ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃពុធស្អែកនេះបន្ថែមទៀត ដោយបញ្ជាក់ថា សម្រែកទាមទាររបស់ពួកគេមិនបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៅឡើយទេ។ គម្រោងប្រមូលផ្តុំនៅថ្ងៃស្អែក បាតុករនឹងប្រមូលផ្តុំនៅមុខក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីទាមទារឱ្យមានការពិភាក្សាលើខ្លឹមសារច្បាប់នោះឡើងវិញ ហើយជំរុញឱ្យមានការកែប្រែលើខ្លឹមសារមួយចំនួន។

គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញ មានក្រុមហ៊ុនជាង១០០ បានប្រកាសបិទទ្វារសម្រាក ដើម្បីទុកពេលឱ្យបុគ្គលិករបស់ពួកគេចូលរួមធ្វើបាតុកម្ម។ ក្រុមហ៊ុនខ្លះប្រកាសបើកចំហតាមហ្វេសប៊ុក ចំណែកក្រុមហ៊ុនខ្លះទៀតគ្រាន់តែជូនដំណឹងទៅអ្នកដឹកនាំបាតុកម្ម។​

តំណាងក្រុមហ៊ុនដែលចូលរួមធ្វើបាតុកម្មបញ្ជាក់ថា ពួកគេត្រូវការធ្វើសកម្មភាពរួមគ្នា ជំរុញឱ្យរដ្ឋាភិបាលដោះស្រាយទុក្ខកង្វល់នេះ។ ពួកគេបញ្ជាក់ថា បើពលរដ្ឋហុងកុងមិនធ្វើអ្វីសោះនៅពេលនេះ នឹងមានអារម្មណ៍សោកស្តាយ ឬសោកសង្រេងនៅថ្ងៃអនាគត។​

« នៅពេលអ្នកខ្លះនិយាយថា ការតវ៉ាមិនមានប្រយោជន៍ រដ្ឋាភិបាលមិនស្តាប់យើងទេ។ ខ្ញុំមានអារម្មណ៍ថា បើយើងមិនធ្វើអ្វីទាំងអស់នៅពេលនេះ យើងនឹងជួបរឿងសោកសង្រេងនៅថ្ងៃអនាគត។ បើមិនធ្វើនៅពេលនេះ តើពេលណាទើបធ្វើ?» ស្ត្រីម្ចាស់ក្រុមហ៊ុនម្នាក់និយាយក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណ។​

របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលើកឡើងថា ប្រជាពលរដ្ឋចូលរួមបាតុកម្មកាលពីថ្ងៃអាទិត្យទី៩ ខែមិថុនា មានចំនួន ១លាន ៣ម៉ឺននាក់ ចំណែកសមត្ថកិច្ចមានចំនួន ២៤០ ០០០នាក់ តាមដានបាតុកម្មនេះ។

ការងើបឡើងរបស់ប្រជាពលរដ្ឋហុងកុងនេះហាក់ធ្វើឡើងព្រមៗគ្នា គឺដំបូងឡើយក្រុមយុវជនចលនាឆ័ត្រ ក្រោយមក ក្រុមមេធាវីប្រមាណ ៣ទៅ៤ពាន់នាក់ ចេញមុខតវ៉ាលើច្បាប់ធ្វើបត្យាប័ននេះ។​

បើទោះជាច្បាប់នោះបានចែងពីការធ្វើបត្យាប័នជាមួយរដ្ឋអំណាចចិនប៉េកាំង និងប្រទេសផ្សេងៗចំនួន២០ទៀតក៏ដោយ ប៉ុន្តែ បញ្ហាដែលពលរដ្ឋហុងកុងលើកឡើងជាក្តីកង្វល់នេះគឺបញ្ហាបញ្ជូនទៅចិន។​

កាលពីថ្ងៃទី៦ ខែមិថុនា ក្រុមមេធាវីលើកឡើងថា ការបញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅតុលាការចិនប៉េកាំង គឺមិនទទួលបានយុត្តិធម៌នោះទេ ដោយពួកគេថា តុលាការចិនប៉េកាំងបើកសវនាការមិនបើកទូលាយសេរីភាព។​

សហគមន៍អ្នកច្បាប់នៅហុងកុងលើកឡើងថា បើសិនជាសវនាការមិនបើកទូលាយឱ្យមេធាវីការពារនោះ ដូចជាការធ្វើទារុណកម្មដល់កូនក្តីដូច្នោះដែរ។​

ពលរដ្ឋនៅហុងកុងបារម្ភខ្លាំងចំពោះការទាមទារឱ្យបញ្ជូនអ្នកទោសនយោបាយ ឬអ្នកធ្វើសកម្មភាពទាមទារផ្តាច់ខ្លួនហុងកុងចេញពីចិន យកទៅកាត់ទោសនៅចិនដែលអាចមិនទទួលបានយុត្តិធម៌នោះទេ។​

សហគមន៍អ្នកច្បាប់នៅហុងកុងលើកឡើងថា បើសិនជាច្បាប់ធ្វើបត្យាប័នដាក់ឱ្យអនុវត្តដោយមិនមានការកែប្រែខ្លឹមសារនោះ នឹងនាំឱ្យហុងកុងជួបបញ្ហាអយុត្តិធម៌ និងបង្កអសន្តិសុខនៅក្នុងសង្គម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ