តុលាការ​ថៃ​កោះហៅ​ក្រុមហ៊ុនស្ករ​ធំ​មួយ​​ចូល​សវនាការ​ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

រោងចក្រចម្រាញ់ស្កររបស់ក្រុមហ៊ុន Mitr Phol Limited នៅ Khon Kaen ប្រទេសថៃ។ រូបភាព៖ វេបសាយបរទេស

តុលាការ​ប្រទេស​ថៃ​គ្រោង​បើកសវនាការ​លើ​បណ្ដឹង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្ដឹង​ទៅ​លើ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ដ៏​ធំ​មួយ​របស់​ថៃ​ ដែល​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈក្រុមហ៊ុន​​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​​នៃ​ប្រទេស​កម្ពុជា។

ក្នុង​សេចក្ដីជូនដំណឹង​អំពី​ការ​ស្ដាប់​សំណុំរឿង​ដែល​ VOD ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ​តុលាការ​ស៊ីវិល​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នឹង​បើក​សវនាការ​លើ​បណ្ដឹង​នេះ​នា​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី១៤ មិថុនា ដើម្បី​ស្ដាប់​ការ​តទល់​គ្នា​រវាង​តំណាង​អ្នក​ភូមិ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ និង​ក្រុមហ៊ុនស្ករ​អំពៅ​​ថៃ​ឈ្មោះ Mitr Phol Limited ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្តិ​ដោយ​ Angkor Sugar ដែល​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​នេះ។

សេចក្ដីប្រកាស​នោះ​លើក​ឡើង​ថា៖ «ការ​ស្ដាប់​សវនាការ​ដែល​ប្រជាកសិករ​ក្រីក្រ​ជាង​៧០០នាក់​ប្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន Mitr Phol ដែល​បាន​ចូល​ទៅ​យក​ដី​របស់​ពួកគេ​ដើម្បី​ដាំ​អំពៅ​យក​ធ្វើ​ស្ករ​ដោយ​ក្រុមហ៊ុន Angkor Sugar ដែល​ជា​ភ្នាក់ងារ​ និង​ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Mitr Phol នៅ​កម្ពុជា»។

បើ​តាម​សេចក្ដីប្រកាស​នោះ​ បណ្ដឹង​ពលរដ្ឋ​ប្ដឹង​ក្រុមហ៊ុន​ Mitr Phol នេះ​ជា​រឿង​ឆ្លង​ព្រំដែន​ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន​។

តំណាង​ពលរដ្ឋ​ដែល​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នេះ​ លោក ម៉ា អ៊ុកជឿន មាន​ប្រសាសន៍​ដោយ​មាន​ជំនឿ​ថា​ តុលាការ​ថៃ​នឹង​សម្រេច​ដោយ​យុត្តិធម៌​ចំពោះ​បណ្ដឹង​របស់​ក្រុម​លោក។

លោក អ៊ុកជឿន៖ «ការ​ទាមទារ​នោះ​គឺ​ការ​ទាមទារ​សំណង​ការ​ខូចខាត បាត់បង់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ដូច​ជា​ ស្រូវ​អង្គរ​ ជា​ដើម ហើយ​ជាក់ស្ដែង​មក​លើ​រូប​ខ្ញុំ​ បំពាន​ដី​ខ្ញុំ​ ហើយ​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ​ (ឧត្តរមានជ័យ) ទៀត»។

VOD មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Mitr Phol ដើម្បី​សុំ​ការ​យល់​ឃើញ​របស់​ពួកគេ​ទៅ​លើ​បណ្ដឹង​នេះ​បាន​នៅ​ឡើយ​។​

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​​ថា​ តាម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការ​ទទួល​ស្គាល់​របស់​ច្បាប់​ថៃ​បាន​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​សាសន៍​ដទៃ​ប្ដឹង​ក្រុមហ៊ុន​ថៃ​ទៅ​តុលាការ​ថៃ​បាន។

ទោះ​ជា​យ៉ាង​ណា​ លោកសុំ​មិន​បញ្ចេញ​មតិ​យោបល់​បន្ថែម​ចំពោះ​ចំណាត់​ការ​ច្បាប់​នេះ ​ដោយ​ថា ​ជា​អំណាច​របស់​តុលាការ។

លោក​ថា៖ «ការ​សម្រេច​យ៉ាង​ណា​ វា​ជា​សមត្ថកិច្ច​របស់​តុលាការ​ថៃ ហើយ​ប្រជាពលរដ្ឋ​គាត់​មាន​ខាង​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​ថៃ​ហ្នឹង​បាន​ជួយ​ប្រជាពលរដ្ឋ។ ​ហើយ​ប្រជាពលរដ្ឋ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​មេធាវី​នៅ​ថៃ​នោះ​ណា​ ព្រោះ​នេះ​ជា​សមត្ថកិច្ច​ និង​នីតិវិធី​ខាង​ប្រទេស​ថៃ​ ហើយ​យើង​មិន​ដឹង​ថា ​ទៅ​មុខ​ទៅ​វា​យ៉ាង​ម៉េច​ អា​ហ្នឹង​វា​អាស្រ័យ​លើ​ច្បាប់​របស់​គេ​​ »។​

ក្នុង​ឆ្នាំ​២០០៨ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ផ្ដល់​ដី​វិនិយោគ​ជិត ​២ម៉ឺនហិតា​​ ដល់​ក្រុម​ហ៊ុន​ថៃ ​Mitr Pohl ធ្វើ​ការ​វិនិយោគ​ដាំ​អំពៅ​ចំនួន ​៧០​ឆ្នាំ ​ក្នុង​ស្រុក​សំរោង និង​ចុងកាល់ នៃ​ខេត្ត​ឧត្តរមានជ័យ ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ​៦០០គ្រួសារ​ដែល​រស់​នៅ​តំបន់​ទាំង​នោះ​ ហើយ​ឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​រវាង​ពលរដ្ឋ​នឹង​ក្រុមហ៊ុន​ផង​ដែរ។ ក្នុង​ការ​ប៉ះទង្គិច​នោះ​ មាន​តំបន់​ខ្លះ​ ក្រុមហ៊ុន​បាន​ជួល​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ការពារ បណ្ដេញ​ចេញ​ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ​ចោល​ផង​ដែរ​។

ជម្លោះ​បាន​បន្ត​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​ ទើប​នៅ​ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ទើប​ប្រទេស​នេះ​ដាក់​សំណើ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ ទោះ​ជា​យ៉ាង​ណា​ ពលរដ្ឋ​នៅ​តែ​ទាមទារ​នូវ​សំណង​ដែល​ក្រុមហ៊ុន​បាន​បំផ្លាញ​ផ្ទះ​ និង​ដំណាំ​របស់​ពួកគេ​ទៅ​តុលាការ​ថៃ​បន្ត​ទៀត​នៅ​ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ