ពន្ធនាគារ និងអង្គការស៊ីប៉ា ជំរុញការអានដើម្បីឱ្យអ្នកជាប់ឃុំកែប្រែឥរិយាបថ

នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការស៊ីប៉ាបានចុះកិច្ចព្រមព្រៀងមួយជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិតសភានគរបាលកម្ពុជា សម្រាប់គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» ដំណាក់កាលទី៣ ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២។ រូបភាព៖ ពេជ្រ ចំរុង

អាជ្ញាធរពន្ធនាគារ និងអង្គការស៊ីប៉ា បានឯកភាពគ្នាបន្ដលើកកម្ពស់វិស័យអប់រំ និងការអានក្នុងពន្ធនាគារទូទាំងប្រទេស ដើម្បីឱ្យអ្នកជាប់ឃុំទទួលបានចំណេះដឹង និងកែប្រែឥរិយាបថ។​

នៅព្រឹកថ្ងៃពុធនេះ អង្គការស៊ីប៉ាបានចុះកិច្ចព្រមព្រៀងមួយជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិតសភានគរបាលកម្ពុជា សម្រាប់គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» ដំណាក់កាលទី៣ ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២។

គម្រោងបណ្ណាល័យដំណាក់កាលទី៣នេះ មានទឹកប្រាក់សរុបជាង ៥សែនដុល្លារ (៥៣០ ០០០ ដុល្លារអាមេរិក) ដែលទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍមូលនិធិ Pierre Bellon និងអង្គការស៊ីប៉ា។

នាយកអង្គការស៊ីប៉ា លោក ហុក​ សុទ្ធិ មានប្រសាសន៍ថា គម្រោងលើកទី៣នេះ គឺមានគោលដៅបន្ដពង្រឹងសេវាកម្មអប់រំ និងសេវាកម្មបណ្ណាល័យដែលមានស្រាប់នៅក្នុងពន្ធនាគារចំនួន ២៧ ទូទាំងប្រទេស។

នាយកអង្គការស៊ីប៉ារូបនេះអះអាងថា ការផ្ដល់សេវាកម្មបណ្ណាល័យ និងការអាននេះ បានធ្វើឲ្យអ្នកជាប់ឃុំក្នុងពន្ធនាគារ មានការផ្លាស់ប្ដូរឥរិយាបថមួយចំនួន កាត់បន្ថយភាពតានតឹង កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងកាត់បន្ថយជំងឺបាក់ទឹកចិត្ដរបស់អ្នកជាប់ឃុំ ជាដើម។

លោកបន្ដថា៖ «ទី១ យើងធ្វើឲ្យជនជាប់ឃុំក្លាយពីអ្នកមិនដែលអានសៀវភៅសោះទៅជាអ្នកអានសៀវភៅ ទី២ គាត់មានការកែប្រែនូវអត្តចរិតគាត់ ពីការអត់សុខ ពីការប្រើអំពើហិង្សាជាដើម ទៅជាការមានសណ្ដោសគ្នាច្រើន»។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីនេះផងដែរ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​នៃក្រសួង​មហា​ផ្ទៃ លោក នុត សាវនា បានអរគុណដល់អង្គការស៊ីប៉ា និងអង្គការពាក់ព័ន្ធ ដែលបានចូលរួមជួយគាំទ្រដល់គម្រោងបណ្ដាល័យក្នុងពន្ធនាគារនេះ។

យ៉ាងណាក៏ដោយ លោកថា អាជ្ញាធរពន្ធនាគារនឹងបន្ដអនុវត្តកិច្ចការនេះបន្ដទៀត បើទោះបីជាអង្គការស៊ីប៉ា និងអង្គការពាក់ព័ន្ធ ឈានដល់ការបញ្ចប់គម្រោងរបស់ពួកគេក៏ដោយ។

លោកបន្ដថា៖ «កិច្ចការនេះ វាអត់ចេះចប់ទេ វាជាកិច្ចការមួយក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ អញ្ចឹងការងារនេះ វាទាមទារឲ្យមាននិរន្ដរភាព ទាមទារឲ្យមានការគាំទ្រ មិនមែនតែវិស័យសាធារណៈ គឺអង្គការក្រៅរដ្ឋាភិបាលហ្នឹងឯង។ […] ហើយខ្ញុំគិតថា ស៊ីប៉ាគាត់បានឆ្លើយតបហើយថា គាត់មិនបញ្ចប់ទាំងស្រុងទេ យើងត្រូវការអី យើងអាចអំពាវនាវ យើងអាចទាក់ទងគាត់ដើម្បីឲ្យជួយ»។   

បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងបណ្ណាល័យក្នុងពន្ធនាគារនេះបានអនុវត្តតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ហើយសម្រាប់គម្រោងដំណាក់កាលទី៣នេះ ភាគីពាក់ព័ន្ធរំពឹងទុកថា ៣៥ភាគរយ នៃចំនួនអ្នកជាប់ឃុំ ៣ម៉ឺននាក់ (៣០ ០០០នាក់) នឹងទទួលបានសេវាកម្មអប់រំ និងផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីពន្ធនាគារអំពីការគ្រប់គ្រងបណ្ណាល័យ និងកម្មវិធីមុនសមាហរណកម្ម ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ