តំណាងរាស្ត្រ​អាមេរិក​ព្រមាន​ពី​ទណ្ឌកម្ម​ បើ​មិន​ដោះលែង​លោក​ កឹម​ សុខា និង​ស្តារ​ប្រជាធិបតេយ្យ​

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho និងលោក កឹម សុខា។

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho​ ព្រមាន​ថា​ ទណ្ឌកម្ម​លើ​កម្ពុជា​អាច​នឹង​កើតមាន បើ​រដ្ឋាភិបាល​មិន​ដោះលែង​លោក​ កឹម​ សុខា​ និង​ប្រញាប់​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ​។

លោក​ Ted​ Yoho​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បុគ្គលិក​ The​ Cambodia Daily​ នៅ​ក្រៅប្រទេស​ កាលពី​អង្គារ​ម្សិលមិញ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ទទួលទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ និង​មិន​ចង់​មាន​ទំនាក់ទំនង​អាក្រក់​ជាមួយ​អាមេរិក​ទេ​ ត្រូវ​ប្រញាប់​ស្តារ​ប្រជាធិបតេយ្យ​ និង​ដោះលែង​លោក​ កឹម​ សុខា​ ជាបន្ទាន់​នោះ​។

លោក​ថា​៖ «ប្រសិនជា ​អ្នកមាន​ដៃគូ​ពាណិជ្ជ​កម្ម​ធំៗ​របស់​ខ្លួន​ស្នើសុំ​ថា ​ពួក​យើង​មិន​ចូលចិត្ត​ផ្លូវ​ដែល​អ្នកដើរ​នៅពេល​នេះនោះ​ទេ​ យើង​មិន​ទទួលស្គាល់​នូវ​អ្វី​ដែល​អ្នកធ្វើ​នៅពេល​នេះ​ អ្នក​មិនបាន​ផ្ដល់​ឱ្យ​មានការ​បោះឆ្នោត​មួយ​ដែល​សេរី​ និង​យុត្តិធម៌​ ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ពួក​យើង​ និង​កម្ពុជា​។ ដូច្នេះ​ ការ​ជ្រើសរើស​គឺ​ស្ថិតនៅ​លើ​គាត់​ទៅវិញ​ទេ​ គាត់​អាច​រើស​យក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​យើង​ ឬក៏​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​ក្លាយជា​ផ្នែក​មួយ​របស់​ចិន​»។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​ កាលពី​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៧​ ខណៈ​លោក​កំពុង​សម្រាក​នៅក្នុង​ផ្ទះ​ ស្ថិត​ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដោយ​រដ្ឋាភិបាល​ចោទ​ថា ​ឃុបឃិតជាមួយ​អាមេរិក​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​។

ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​ តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​ «លោក​ កឹម​ សុខា​ ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ ក្រោម​ការចោទប្រកាន់​មិន​ពិត​»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​ ជិន​ ម៉ា​លីន​ បាន​ច្រានចោល​ការ​លើក​ឡើង​នេះ ដោយ​ថា​ ជាគោល​នយោបាយ​ការបរទេស​របស់​សក​ម្ពុ​ជា កម្ពុជា​បង្កើន​មិត្ត​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ប៉ុន្តែ​ថា​ ការ​ទាមទារ​នេះ​បាន​បំពាន​គោលការណ៍​ច្បាប់​កម្ពុជា​។

លោក​ថា​៖ «ពាក់ព័ន្ធ​ទៅ​នឹង​លោក​ កឹម​ សុខា​ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ​គឺ​វា​ជា​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​។ អ៊ីចឹង​ យើង​មិន​អាច​ធ្វើតាម​លក្ខខណ្ឌ​របស់​គាត់​ដោយ​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​ នីតិរដ្ឋ​របស់​កម្ពុជា​ ដើម្បី​ទំនាក់ទំនង​ហ្នឹង​បានទេ​»។

សហភាព​អឺរ៉ុប​ កាលពី​សប្តាហ៍​មុន​ បាន​បញ្ចប់​បេ​សកកម្ម​ស្វែងរក​ការពិត​នៃ​ការ​វិវដ្ត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ លើ​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​ខ្លួន​ ដែល​បាន​ចាប់ផ្តើម​រាប់​ថ្ងៃ​ថយក្រោយ​ចាប់ពី​ខែ​កុម្ភៈ​មក​។

អតីត​គណបក្ស​ប្រឆាំង​ កាលពីថ្ងៃទី៩ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវ​ទៅ​ពលរដ្ឋ​គ្រប់​និន្នាការ​ និង​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​សហរដ្ឋ​អាមេរិក​ ដោយលើកឡើងថា«ដើម្បី​បញ្ចៀស​នូវ​ការឈឺចាប់​ និង​សេច​ក្តី​ទុក្ខ​លំបាក​របស់​ពលរដ្ឋខ្មែរ​»។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​ ជម្លោះ​នយោបាយ​នេះ​ នឹង​បង្ក​ផលបំ​បា​កដល់​សិទ្ធិ​រស់រាន​មានជីវិត​ ពលរដ្ឋ​ច្រើន​លាន​នាក់​ បើ​រដ្ឋាភិបាល​មិន​ទទួលយក​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ ដែល​ទាមទារ​ឱ្យ​បើក​លំ​ហប្រ​ជាធិប​តេយ្យ​ឡើងវិញ​នោះ​។

លោក​ថា​៖ «យើង​មានការ​ព្រួយបារម្ភ​ ព្រោះ​បើកាលណា​យើង​បាត់​ EBA​ ​និង ​GSP ​អ្នក​ដែល​ទទួលរង​ផល​ប៉ះពាល់​មុនគេ​ហ្នឹង គឺ​កម្មករ​តាម​រោងចក្រ​ ហើយ​បើ​កម្មករ​គាត់​បាត់បង់​ហើយ​ក្រុម​គ្រួសារ​គាត់​ប៉ុន្មាន​លាន​នាក់​ទៀត​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ការបាត់បង់​ហ្នឹង​»។

ក្រុម​អ្នកបញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ កាលពីដើម​ខែមេសា​ ឆ្នាំនេះ​ ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ជំរុញ​ឱ្យ​បង្ហាញ​ឆន្ទៈជា​វិជ្ជមាន​ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ ដើម្បី​បញ្ចៀស​ការ​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ របស់​សហភាព​អឺរ៉ុប​ និង​ ​GSP​ របស់​សហរដ្ឋ​អាមេរិក​។

លិខិត​នោះ​បញ្ជាក់​ថា​ នៅ​ឆ្នាំ២០១៨​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងពីរ​នេះ​ កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​ គិតជា​ទឹកប្រាក់​ ៨,៥ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​នេះ​ ស្មើនឹង​ ៣៨​% ឬ ១ភាគ៣នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) របស់​កម្ពុជា​។

អង្គការ​អន្ដរ​ជាតិ​ធ្វើការ​ផ្តោត​លើ​សេរីភាព​ Freedom​ Hous​e កាលពី​ខែ​ដើមខែ​កុម្ភៈ​ឆ្នាំ២០១៩នេះ​ បាន​ចេញ​របាយ​ការ​ណ៍​មួយ​ វាយតម្លៃ​ថា​ កម្ពុជា​ជា​ប្រទេស​មិន​មាន​​សេរីភាព​ កំពុង​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ដូច​ប្រទេស៩ទៀត​ មាន​ចិន​ ប្រេស្ស៊ីល​ អ៊ីរ៉ាក់​ និង​ស្រី​លង្ការ​ ជាដើម​។

របាយការណ៍​វាយតម្លៃ​នេះ​ បាន​ចាត់​ទុ​កពិន្ទុ​ធ្លាក់ចុះ​របស់​កម្ពុជា​មក​ពី​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ការ​ធ្វើ​យុទ្ធនាការ​ជា​ចំហរ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​គាំទ្រ​គណបក្ស​កាន់អំណាច​ ។

យ៉ាងនេះ​ក្តី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​ ជិន​ ម៉ា​លីន​ អះអាង​ថា​ កម្ពុជា​ពេលនេះ​ កំពុង​ស្វែងរក​ការចែក​រំលែក​បទ​ពិសោធ​ន៍ពី​ប្រទេស​ជប៉ុន​ ដើម្បី​បន្ត​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ ដែលកិច្ចពិភាក្សាគ្រោងធ្វើនៅខែសីហាខាងមុខ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ