បទយកការណ៍៖ គ្រូ និង​សិស្ស​នៅ​​កំពង់ឆ្នាំង​ដង្ហោយរកជំនួយ បន្ទាប់ពីអគារ​សាលារៀនត្រូវភ្លើងឆេះអស់

សិស្សានុសិស្ស ឈរមើលទីតាំងសាលារៀនរបស់ពួកគេដែលត្រូវបានភ្លើងឆេះអស់កាលពីថ្ងៃទី៦ ខែមិថុនា។ រូបភាព៖ ឃុត សុគន្ធ

សិស្សានុសិស្ស​រាប់​សិប​នាក់ បាន​អាន​អក្សរ​យ៉ាង​កង​រំពង​ ខណៈ​ដែល​លោក​គ្រូ​អ្នក​គ្រូ​កំពុង​តែ​បង្ហាត់​បង្ហាញ​ពួកគេ​អំពី​របៀប​អាន​អក្សរ​ខ្មែរ ប៉ុន្តែ ទិដ្ឋភាព​នៃ​ការ​រៀន និង​បង្រៀន​មួយ​នេះ មិន​មែន​នៅ​ក្នុង​បន្ទប់​រៀននៃ​អគារ​សិក្សា​ទូទៅ​នោះ​ឡើយ។

សាលា​បឋម​សិក្សា​យុគន្ធរ
ការធ្វើដំណើរទៅរៀនរបស់សិស្សានុសិស្ស នៃសាលា​បឋម​សិក្សា​យុគន្ធរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ

ក្រុម​សិស្សានុសិស្ស​ទាំង​នោះ បាន​ដំណើរការ​សិក្សា​រៀន​សូត្រ​របស់​ពួកគេ​នៅ​ក្រោម​ដំបូល​វត្ត​អារាម​មួយ​នៅ​ក្នុង​ភូមិ បន្ទាប់​ពី​អគារ​សាលា​រៀន​របស់​ពួកគេត្រូវបានភ្លើងឆេះអស់ទាំងស្រុងកាលពីចុងសប្តាហ៍មុន។

អគារ​ចំនួន ៣​ខ្នង​នៃ​សាលា​បឋម​សិក្សា​យុគន្ធរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​៩ ខែមិថុនា ចំ​ពេល​ពលរដ្ឋ​កម្ពុជា​​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​ «សាមគ្គី​ជាតិ»​ ទៅ​តាម​ការ​អំពាវ​នាវ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អគ្គិភ័យ​
ប្រជា​ពលរដ្ឋ​ព្យាយាម​ពន្លត់​ភ្លើង​ឆាប​ឆេះ​សាលា​បឋម​សិក្សា​យុគន្ធរ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៩។ រូបថត៖ បណ្ដាញសង្គម

នាយកសាលាបឋមសិស្សយុគន្ធ នៅភូមិឆ្នុកទ្រូ លោក នួន បូរ៉ា បាន​ឲ្យ​ដឹង​ថា សាលារៀន​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​គ្រប់​បែប​យ៉ាង ចាប់​ពី​សម្ភារសិក្សារហូត​ដល់​បន្ទប់​ថ្នាក់​រៀន ក្រោយ​ពី​អគារ​សិក្សា​ត្រូវ​ភ្លើង​ឆាប​ឆេះ​កាល​ពី​សប្ដាហ៍​មុន​នោះ។

លោកបន្ថែមថា៖ «ឥលូវ បើនិយាយពីផលលំបាកពេលនេះ គឺយើងលំបាកទាំងស្រុងដោយសារសាលាទាំងមូល គឺឆេះ សូម្បីតែឯកសារ សម្ភារ ឬប៉ិចមួយដើម ក៏មិនអាចយកចេញបានដែរ។ អ៊ីចឹង មានន័យថា សាលានេះដូចកើតថ្មីទាំងអស់ ព្រោះ​អ្វីក៏មិនសល់ដែរ»

នាយកសាលារូបនេះបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងសម្រួលឲ្យសិស្សានុសិស្សបានកន្លែងសម្រាប់បន្តការសិក្សានោះ គណៈកម្មការសាលាបានស្នើសុំសាលាឆាន់វត្តយុគន្ធរ និងបរិវេណផ្សេងទៀត ដើម្បីសាងសង់កន្លែងសម្រាប់សិស្សរៀនបណ្តោះអាសន្ន។

សាលា​បឋម​សិក្សា​យុគន្ធរ
ទីតាំងសិក្សាបណ្ដោះអាសន្នៅនសាលាឆាន់វត្តយុគន្ធរ ដែលតុសិក្សាទាំងអស់សុទ្ធតែយកចេញពីសាលារៀនដែលត្រូវភ្លើងឆេះនោះ។ រូបភាព៖ ឃុត សុគន្ធ

កំពុងឈរមើលកម្ទេចកម្ទីផេះផង់នៃកាកសំណល់អគារសាលារៀនដែលបានឆេះរួចនោះ កុមារា ឈៀវ ឧត្តម រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សារយុគន្ធរ បានរៀបរាប់ថា រូបគេមានការសោកស្តាយចំពោះការបាត់សាលា ដែលបានតុបតែងស្អាត និងជាជម្រកធ្លាប់រៀនសូត្រ។

កុមារា ឈៀវ ឧត្ដម រៀបរាប់ថា៖ «អត់មានសាលារៀនត្រឹមត្រូវអ៊ឹងចឹង ពួកខ្ញុំដូចជាពិបាករៀនដែរ។ ខ្ញុំចង់ឲ្យជួយផ្តល់សាលារៀនដល់ពួកខ្ញុំ ឲ្យផុតទឹកនៅរដូវស្សា និងសៀវភៅ ប៉ិចកាតាប ព្រោះពួកយើងខ្លះក្រីក្រអត់មានទេ ហើយក៏ចង់ឲ្យជួយកូនសិស្សក្រីក្រនៅទីនេះដែរ ព្រោះគេអត់សៀវភៅប្រើប្រាស់ទេ»

ជាឪពុកសិស្សរៀននៅសាលាបឋមសិក្សាយុគន្ធម្នាក់ លោក ស្រី សំណាង បានបារម្ភពីផលប៉ះពាល់ដល់ការសិក្សារបស់កូនៗ បន្ទាប់​ពី​សាលារៀនបាន​បាត់​បង់​ទៅ​តាម​អណ្តាត​ភ្លើង ហើយការរៀបចំ​កន្លែងសិក្សាបណ្តោះអាសន្នពុំទាន់បានត្រឹមត្រូវ។

ឪពុកសិស្សរូបនេះបន្តថា កូនសិស្សដែលរៀននៅទីនេះភាគច្រើនឪពុកម្តាយជាអ្នកក្រីក្រ ពុំមានលទ្ធភាពច្រើន ដើម្បីជួយដល់សាលានោះទេ។

លោកបន្ថែមថា៖ «ខ្ញុំមានការសោកស្តាយដែរ ព្រោះអត់មានសាលាឲ្យកូនអ៊ីចឹង ប៉ុន្តែ មិនដឹង​ធ្វើយ៉ាងម៉េច។ ខ្ញុំសុំ​ឲ្យ​គេជួយធ្វើសាលាថ្មីឲ្យបានឆាប់ មិនមែនសម្រាប់តែកូនខ្ញុំទេ គឺសម្រាប់កូនប្រជាសហគមន៍នៅទីនេះ​ទាំងអស់ ព្រោះសហគមន៍នៅទីនេះក្រីក្រណាស់»

ប្រធានការិយាល័យអប់រំស្រុក លោក សូរ ចំរើន មានប្រសាសន៍ថា ក្រោយទទួលបានដំណឹងហេតុការណ៍ភ្លើងឆេះសាលារៀននេះ ការិយាល័យអប់រំស្រុកបាន​ជម្រាប​ជូន​ទៅ​មន្ទីរអប់រំខេត្ត និងអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខផង​ដែរ។

លោកបន្តថា អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូរបានជួយផ្តល់សម្ភារ​សិក្សា និងសម្ភារផ្សេងៗទៀតដល់គណៈកម្មការសាលា ដើម្បីជួយសិស្ស ហើយថា ការិយាល័យអប់រំ​ស្រុកកំពុងរៀបសំណើផ្លូវការដាក់ទៅមន្ទីរអប់រំខេត្ត និងថ្នាក់ជាតិ រួមទាំងអង្គការដៃគូរផ្សេងៗ ដើម្បីសុំសាលារៀនថ្មី និងសម្ភារសិក្សាផ្សេងៗផងដែរ។

លោកបន្ថែមថា៖ «សូមមេត្តាជួយផ្តល់ជាអគារសិក្សា ១ខ្នង ចំនួន ៦បន្ទប់ សុំបង្គន់អនាម័យ ផ្ទះសំណាក់សម្រាប់លោកគ្រូអ្នកគ្រូ​ដែលមកបង្រៀននៅទីនេះ និងឧបករណ៍ការពាររន្ទះជាដើម»

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ​Aide et Action (AEA) លោក​ វន សំភាស់ មានប្រសាសន៍ថា ក្នុងករណីសាលារៀនមួយត្រូវបានភ្លើង​ឆេះ​អស់ និងពុំទាន់មានសាលារៀនជំនួស​នោះ អាជ្ញាធរពាក់ព័ន្ធត្រូវតែរៀបចំកន្លែងបណ្តោះអាសន្នសម្រាប់បង្រៀនឲ្យបានសមស្រប ដោយមានបរិស្ថាន និងមានបរិយាកាសល្អ។

លោកបន្ថែមថា៖ «ដំណោះស្រាយបន្ទាន់ល្អបំផុតឲ្យក្មេងនៅតែរៀនចប់ចុងចប់ដើម គឺត្រូវមានកន្លែងបណ្តោះអាសន្នមួយ ត្រូវមានថ្នាក់រៀន មានគ្រូ មានសៀវភៅ មានវិធីសាស្រ្តបង្រៀន នោះជាអាទិភាពចម្បងគេ ហើយបន្តបន្ទាប់ទៀត យើងត្រូវគិតបរិស្ថានសាលា និងកត្តាផ្សេងៗ​ទៀត»

នាយកសាលាបឋមសិស្សយុគន្ធរ នៅភូមិឆ្នុកទ្រូ លោក នួន បូរ៉ា បាន​ឲ្យ​ដឹង​ថា ​សាលាបឋម​សិក្សា​យុគន្ធរ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៥ ហើយ​សាលាបឋម​សិក្សា​មួយ​នេះ ផ្ដល់​សេវា​បង្រៀន​ដល់​សិស្សានុសិស្ស​សរុប ២២៦​នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស​ក្រីក្រ ហើយសាលារៀនមួយនេះត្រូវលិចទឹករយៈពេល៦ខែនៅរដូវស្សារ។

លោកបន្ថែមថា៖ «ខ្ញុំសូមសំណូម​ពរទៅប្រមុខរដ្ឋាភិបាល សប្បុរសជននានា សូមជួយដល់សាលារៀនយើងខ្ញុំផង។ បើជួយមិនទាន់បានជាអគារសិក្សាថ្មីទេ សូមជួយជាសម្ភារសិក្សា​សម្រាប់បម្រើការបង្រៀន សម្ភារអនាម័យ​សម្រាប់តម្រូវការបន្ទាន់នេះក៏បាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ