ទូតខ្មែរ ប្រតិកម្ម​ទៅនឹង​សារព័ត៌មានសឹង្ហបុរី​ដែល​ផ្សាយ​រឿង​អវិជ្ជមានរបស់ចិននៅកម្ពុជា​

ព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មាន Channel New Asia។ រូបភាព៖ CNA/ Screenshot

ឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេស​សឹង្ហបុរី បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ជាខ្លាំងចំពោះការ​ចុះផ្សាយ​អត្ថបទមួយ​របស់សារព័ត៌មាន​ Channel News Asia ពាក់​ព័ន្ធនឹងឥទ្ធិពល និងបញ្ហា​អវិជ្ជមានមួយចំនួន​​​របស់​ចិននៅកម្ពុជា​។

កាល​ពីថ្ងៃ​ទី​១​ ខែកុម្ភៈ ឆ្នាំ២០១៩ សារព័ត៌មាន​ Channel News Asia របស់​សឹង្ហបុរី​ បាន​ចុះផ្សាយ​នូវអត្ថបទស៊ីជម្រៅមួយ​ក្រោម​ចំណង​ជើងថា​«ការទូតមូលប្បទានប័ត្រ​របស់​ចិន»

ក្នុងលិខិតផ្ញើទៅលោកស្រី ថាំ ឡុក ​ខេង ប្រធាន​ប្រតិបត្តិសារជីវកម្ម​ផ្សព្វផ្សាយសារព័ត៌មាន​ Channel News Asia ឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេស​សឹង្ហបុរី លោក ងួន សុខវេង យល់​ថា​ការផ្សាយ​របស់​សារព័ត៌មានសឹង្ហបុរីមួយនេះខុសពីការពិត ដោយឈរតែព័ត៌មាន​តែមួយផ្នែក និងការវិភាគមិនបាន​ស៊ីជម្រៅ ជាពិសេស​ការ​អភិវឌ្ឍនៅក្រុងព្រះសីហនុ។ លោក បន្តថា ការចុះផ្សា​យ​នេះនាំឲ្យសាធារណជន​យល់​ខុស និង​ប៉ះពាល់​ដល់​មុខមាត់ និងកិត្តិនាម​របស់ប្រទេសកម្ពុជា។

ឯកអគ្គរាជទូត​កម្ពុជារូបនេះ លើកឡើងថា​ សេចក្តីរាយការណ៍របស់​ Channel News Asia ស្តី​ពី​បញ្ហា​អវិជ្ជមាន​នៃការ​អភិវឌ្ឍក្រុង​ព្រះសីហនុ​ ដោយ​អ្នក​វិនិយោគចិន និងកំណើន​ទេសចរចិន មិនបានឆ្លុះបញ្ចាំងពី​តថភាព​ពិតនោះទេ។ លោក បន្ថែម​ថា ​វិនិយោគិន និងទេសចរចិន បាន​រួម​ចំណែក​យ៉ាងសំខាន់​ដល់​ការរីកចម្រើនរបស់​កម្ពុជា។

ក្នុងលិខិតដដែល លោក ងួន សុខវេង ក៏បាន​ច្រាន​ចោល​ចំពោះការចុះផ្សា​យដែល​ថា​ កម្ពុជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់បាត់បង់ភាព​បត់​បែន ក្នុងការកំណត់ក្របខណ្ឌនយោបាយការបរទេស​ឯករាជ្យ​ បន្ទាប់​ពី​ធ្លាក់​ជ្រៅទៅក្នុងរង្វង់​ឥទ្ធិពលរបស់ចិន។

លោក ងួន សុខវេង បានទាត់ចោលសេចក្តីរាយការណ៍របស់​ Channel News Asia ផងដែរដែល​ថា​ កម្ពុជាកំពុងធ្លាក់​ចូ​លក្នុងអន្ទាក់​បំណុលចិន។

ឯកអគ្គរាជទូត​កម្ពុជារូបនេះ បាន​សរសេរក្នុងលិខិតនោះថា៖ «សេចក្តី​រាយការណ៍របស់​ CAN (Channel News Asia) ក៏បាន​អះអាងដោយគ្មានមូលដ្ឋាន​ថា​ កម្ពុជាបាន ហើយ​និងកំពុងតែត្រូវបាន​ស្រូបចូល​ទៅក្នុងអន្ទាក់​បំណុលដកខ្លួន​មិន​រួច​ តាមរយៈការទទួល​ឥណទាន​ដ៏ច្រើនមហិមា​ ការវិនិយោគ និង​ជំនួយហិរញ្ញវត្ថុ​ពីប្រទេសចិន។ អ្វី​ដែល​ជាការពិត ​គឺរដ្ឋាភិបាល​កម្ពុជា មានសមត្ថភាព​អាច​គ្រប់គ្រងគោល​នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់​ខ្លូនបាន។»

ឯកអគ្គរាជទូត​កម្ពុជា លោក ងួន សុខវេង ស្នើឲ្យ​ Channel News Asia ចុះផ្សាយ​ទាំងស្រុងនូវលិខិត​ដែល​កម្ពុជាផ្ញើ​ទៅនេះ។

វី.អូ.ឌី មិន​ទាន់​អាច​ទាក់​ទងសុំ​ការឆ្លើយត​ពីលោកស្រី ថាំ ឡុកខេង ប្រធាន​ប្រតិបត្តិសារជីវកម្ម​ផ្សព្វផ្សាយសារព័ត៌មាន​ Channel News Asia បាន​នៅឡើយទេ។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យរង​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល យល់​ថា ​ការផ្ញើលិខិតឲ្យ​ Channel News Asia ជុំ​វិញបញ្ហាចិន​នៅកម្ពុជានាពេលនេះ ពិ​ត​ជាគួរធ្វើឲ្យ​មាន​ចម្ងល់ណាស់​ ព្រោះ​ថា វា​បាន​ធ្វើឡើង​ក្រោយ​ពី​សឹង្ហបុរី និងកម្ពុជា ប៉ះសម្តីគ្នា​ជុំវិញ​ការ​អត្ថាធិប្បាយរបស់​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក លី សៀនឡុង។

លោក ​អៀ សុផល​ ដែល​ជា​អ្នកនិពន្ធ​សៀវភៅ ​«ការពឹងផ្អែក​លើជំនួយ​របស់​កម្ពុជា៖ ជំនួយ​បរទេស​ធ្វើឱ្យខូចខាត​ដល់ប្រជាធិបតេយ្យ»​ និង​ «រឿងនាគ​ស្រេក​ឃ្លាន៖ ​ការស្វែងរកធនធាន​របស់​ប្រទេស​ចិនកំពុង​ផ្លាស់ប្តូរ​ពិភពលោក» ផងដែរនោះ បន្តថា ​កម្ពុជា​ប្រើរឿងបញ្ហា​នេះ​ដើម្បី​ជាប្រយោជន៍ក្នុងការវាយបក​ទៅលើ​សឹង្ហបុរី​វិញ​។​

លោក ​អៀ សុផល​ មាន​ប្រសាសន៍បន្ថែម​ថា ​វា​មិនមែន​ជារឿង​ដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ​ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បដិសេធការ​រិះគន់​របស់សារព័ត៌មាន​សឹង្ហបុរីពាក់​ព័ន្ធនឹងបញ្ហា​របស់​​ចិន​នៅប្រទេសកម្ពុជា។ លោកយល់​ថា រដ្ឋាភិបាលកម្ពុជាគឺខ្វះ​នូវការទទួល​ខុសត្រូវ ដោយមិនទទួលស្គាល់ចំណុចនោះទេ ហើយ​ថែម​ទាំងចង់​ឲ្យ​ Channel News Asia ធ្វើដូចខ្លួនទៀត។

លោក បន្ថែម​ទៀតថា៖ «បញ្ហាគឺថា ការ​គាបសង្កត់​លើប្រព័ន្ធផ្សព្វផ្សាយដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិនត្រួវបាន​យ​កមកអនុវត្តនៅសឹង្ហបុរីទេ។»

សាស្ត្រា​ចារ្យ​ផ្នែក​សិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​ន ប្រ​ទេស​ថៃ​ លោក​ ផូល ឆាំប៊ឺ ​(Paul​ Chambers​) មានប្រសាសន៍​ប្រាប់ VOD​ តាម​សារ​អេ​ឡិច​ត្រូ​និច ថា ការបដិសេធណាមួយ​របស់មន្រ្តី​​រដ្ឋាភិបាល​កម្ពុជា​តែងតែត្រូវបាន​បំផ្លាញ​ដោយ​ការពិត។

លោក​ មានប្រសាសន៍ថា៖ «ការវិនិយោគ និងការ​រកស៊ី​របស់​ចិន បានកំពុងនឹងទាញ​កម្ពុជា​ឲ្យពឹងផ្អែក​ទៅលើចិន។ ទាំងនេះ​គឺជារឿងពិត​។»

នៅ​ដើមខែមិថុនា ឆ្នាំ២០១៩នេះ ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន លោក ទៀ បាញ់ និងមន្រ្តី​ជាន់​ខ្ពស់​កម្ពុជាមួយចំនួនទៀត បាន​ប្រតិកម្ម​ជាបន្តបន្ទាប់​ចំពោះការលើកឡើងរបស់​​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក លី សៀនឡុង ដែល​​ថា ​វៀតណាមបាន​ឈ្លាន​ពានកម្ពុជានៅឆ្នាំ​១៩៧៩។ ទោះយ៉ាងណា​ក៏ដោយ ការឆ្លើយ​ឆ្លង​រវាងមេដឹកកម្ពុជា និងសឹង្ហបុរី បាន​បញ្ចប់​ក្រោយ​រដ្ឋមន្រ្តីក្រសួងការបរទេស​ប្រទេស​ទាំងពីរបាន​ជជែក​គ្នា​តាម​ទូរសព្ទកាលពីថ្ងៃទី​៧ ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ