ក្រសួង ​ព្រមាន​ចាត់វិធានការ​ក្រុមហ៊ុន​ចិន​មួយ​ បើ​មិន​កែ​គុណភាព​ផ្លូវ​ឡើងវិញ​

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួង ចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

ក្រសួង​ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​កែសម្រួល​គុណភាព​ផ្លូវ​ឡើងវិញ​ ក្រោយពី​រក​ឃើញថា ​ផ្លូវ​ដែល​ក្រុម​ហ៊ុននេះ​ទទួល​បាន​សិទ្ធិ​សាងសង់​ មានស្នាម​បែក​ ប្រេះ​ និង​ដក់​ទឹក​ដោយ​កន្លែង​ ខណៈ​កំពុង​សាងសង់​នៅឡើយ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ លោក​ ស៊ុន​ ចាន់​ថុល​ និង​មន្ត្រី​មួយចំនួន​ បាន​ចុះទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​កន្លែង​ស្ថិតនៅ​ខេត្តកំពត​។

តាមរយៈ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​ លោក​ ស៊ុន​ ចាន់​ថុល​ អះ​អាង​ថា​ ក្រសួង​មិន​ទទួលយក​ផ្លូវ​នោះ​ទេ​ បើ​ក្រុមហ៊ុន​មិន​កែសម្រួល​គុណភាព​ឡើងវិញ​។ រដ្ឋមន្ត្រី​រូប​នេះ​ បន្ត​ថា​ ផ្លូវ​នោះ​សាងសង់​មិនទាន់​ស្របតាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ​ទេ​ ព្រោះ​មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​។ លោក​បញ្ជា​ឱ្យ​មាន​វិធានការ​ដោះស្រាយ​បន្ទាន់​។

អ្នកនាំពាក្យក្រសួងសាធារណការ​ លោ​ក ហ៊ា​ង សុទ្ធា​យុត្តិ​ ឱ្យ​ដឹង​បន្ថែម​ថា​ ក្រុមហ៊ុន​ម៉ៅការ​នេះ​ជា​ក្រុមហ៊ុន​ចិន​ តែថា​ លោក​មិន​​ចាំ​ឈ្មោះ​។

​លោក​ ហ៊ា​ង សុទ្ធា​យុត្តិ​ មានប្រសាសន៍​ទៀត​ថា​ ការដែល​ក្រសួង​តម្រូវ​ឱ្យ​កែ​គុណភាព​នេះ ​ជា​ការព្រមាន​ដំបូង​។ លោក​ថា​ វិធានការ​បន្ទាប់​អាច​នឹង​កើតឡើង​ បើ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ពិនិត្យ​ឃើញថា​ ការ​កែតម្រូវ​នោះ ​ក្រុមហ៊ុន​មិនបាន​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា​។

លោក មានប្រសាសន៍​​ថា​៖ «បើ​គាត់​អត់​កែតម្រូវ​ទេ​ ចុងក្រោយ​គឺ​យើង​អត់​ស៊ីញ៉េទទួល​គម្រោង​ហ្នឹង​ទេ​។ អ៊ីចឹង ​មានន័យថា​ គាត់ ​[ក្រុមហ៊ុន​] អត់​អាច​បញ្ចប់​ អត់​អាច​បើក​យក​លុយ​បានទេ​។ ហើយ​យើង​ក៏​ធ្វើ​លិខិត​ទៅ​រដ្ឋាភិបាល​ដែល​ជា​ម្ចាស់​ជំនួយ​កម្ចី​ថវិកា​ហ្នឹង​ ដើម្បី​ឱ្យ​គាត់​ពិចារណា​ជួយ​ចាត់វិធានការ​យើង​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​ សន​ ជ័យ​ មានប្រសាសន៍​ថា​ ក្រុមហ៊ុន​ដែល​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ អាច​មាន​ច្រើន​ទៀត​។ ប៉ុន្តែ​ លោក​ចាត់ទុក​វិធានការ​នេះ​ ថា​ជា​សារ​ព្រមាន​មួយ​ដល់​ក្រុមហ៊ុន​ខិលខូច​ដទៃទៀត​ ។

អ្នកឃ្លាំមើល​រូប​នេះ​ផ្តល់​ជា​យោបល់​ថា​ ដើម្បី​ធានា​ការសាងសង់​ផ្លូវ​ប្រកបដោយ​គុណភាព​ រដ្ឋមន្ត្រី​ក្រសួង​នេះ​ត្រូវ​ទប់ស្កាត់​កុំ​ឱ្យ​មានអំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ពីសំណាក់​មន្ត្រី​ខ្លួន​ក្នុង​ការ​ជ្រើសរើស​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​ និង​ការ​ដេ​ញ​ថ្លៃ​គម្រោង​ ជាដើម​ ទើប​វិធានការ​ដោះស្រាយ​ចំ​បញ្ហា​។

លោក ​ថា​៖ «ទី២ គេ​ត្រូវ​មាន​វិធានការ​ទៅលើ​មន្ត្រី​បច្ចេកទេស​ ក្នុង​កម្រិត​មន្ត្រី​ផ្នែក​សាងសង់​ផ្លូវ​ហ្នឹង ហើយ​បើ​វា​ជា​ទ​ម្រ​ង់​​មួយ​ធំ​ កន្លែង​ហ្នឹង​ អង្គ​ភា​ពប្រ​ចាំង​អំពើពុករលួយ​មិនបាច់​ប្រាប់​ទេ ​ត្រូវ​បើក​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួ​យ​​​ណា​មួយ​ដែល​អាច​កើតមាន​»។

បើ​តាម​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្រុមហ៊ុន​ចិន​មួយ​នេះ​ ទទួល​បាន​សិទ្ធិ​ម៉ៅការ​សាង​ក្រោម​គម្រោង​ជួសជុល​ និង​សាងសង់​ឡើងវិញ​ ជា​ប្រភេទ​ផ្លូវ​បេតុង​ កៅស៊ូ​ (AC​) ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ៣ ពីទី​រួម​ខេត្តកំពត​ទៅ​រង្វង់​មូល​វាល​រេញ​ ភ្ជាប់នឹង​ផ្លូវជាតិ​លេខ៤​ខេត្ត​ព្រះសីហនុ​ ប្រវែង​ផ្លូវ​ប្រវែង​ ៥៤​,៣០​ គម​ ។

គម្រោង​សាងសង់​ មាន​រយៈពេល​ ៥៤ខែ​ ចំណាយ​ថវិកា​ប្រមាណ​ ១២​,០៦១លាន​ដុល្លារ​ ក្រោម​គម្រោង​ឥណទាន​ធនាគារពិភពលោក​ ។ បច្ចុប្បន្ន​ ការ​ជួសជុល​សម្រេច​បាន ៦៧​,៥០​% និង​គ្រោង​បញ្ចប់​នៅ​ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ