សង្គមស៊ីវិលជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្កើនកិច្ចគាំពារសង្គមដល់កម្មករធ្វើការងារតាមផ្ទះ

សមាជិក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​កម្មករ​តាម​ផ្ទះ​អន្តរជាតិ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩។

ក្រុមអង្គការសង្គមស៊ីវិល បានស្នើទៅរដ្ឋាភិបាល​ឲ្យ​យកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មករដែលធ្វើការងារតាមផ្ទះ និងបង្កើនកិច្ចគាំពារផ្សេងទៀត ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ រួម​មាន​អង្គការ Oxfam កម្ពុជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA និង​មជ្ឈ​មណ្ឌល​សាមគ្គីភាព។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​បែប​នេះ​អំឡុង​ពេល​ពួកគេ​ប្រារព្ធ​ទិវា​កម្មករ​ការងារ​ផ្ទះ​អន្តរជាតិ​លើក​ទី៨ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីនេះ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រពន្ធ អ្នកស្រី វុន សម្ឆស្ស មានប្រសាសន៍ថា កម្មករដែលបម្រើការងារតាមផ្ទះក្នុងប្រទេសកម្ពុជា ជួបបញ្ហាប្រឈមជាច្រើន ដូចជា មិនទទួលបានលក្ខខណ្ឌការងារសមរម្យ ធ្វើការងារលើសម៉ោងកំណត់ ទទួលប្រាក់ខែទាប គ្មានពេលឈប់សម្រាប់ប្រចាំឆ្នាំ និងការឈប់សម្រាក​សម្រាប់មាតុភាព ការបៀតបៀនផ្លូវភេទពីសំណាក់ម្ចាស់ផ្ទះ ទទួលរងអំពើហិង្សា និងទារុណកម្មជាដើម។

អ្នកស្រី វុន សម្ឆស្ស អះអាងថា ជារៀងរាល់ឆ្នាំ អង្គការសង្គមស៊ីវិលតែងទទូចឲ្យរដ្ឋាភិបាលបង្កើនកិច្ចគាំពារសង្គម និងលើកកម្ពស់សិទ្ធិការងារដល់កម្មករបម្រើការងារតាមផ្ទះ ជាពិសេសជំរុញឲ្យរដ្ឋាភិបាលផ្ដល់សច្ចាប័នទៅលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិ (ILO) ស្ដីពីកម្មករការងារតាមផ្ទះ លេខ១៨៩។

អ្នកស្រីបន្ដថា៖  «ជារៀងរាល់ឆ្នាំ យើងតែជំរុញឲ្យមានការផ្ដល់សច្ចាប័នទៅអនុសញ្ញា១៨៩ ទៅរដ្ឋាភិបាល។ កន្លងមកក៏មានការឆ្លើយតបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជាប្រកាស លក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការងារតាមផ្ទះ ប៉ុន្ដែវាអត់ទាន់មានលក្ខខណ្ឌការងារពេញលេញទេ ដោយសារមានចំណុចខ្វះខាតមួយចំនួន ហើយអត់ទាន់បានអនុវត្តលើម្ចាស់ផ្ទះទេ ហើយម្ចាស់ផ្ទះខ្លះអត់ដឹងថា អ្នកធ្វើការងារតាមផ្ទះមានច្បាប់ការងារទេ»

អគ្គនាយករងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ប៉ុល ចាន់ដារ៉ា អះអាងថា រដ្ឋាភិបាលបានខិតខំបង្កើនកិច្ចគាំពារសង្គម និងលើកកម្ពស់សិទ្ធិការងារដល់កម្មករធ្វើការងារតាមផ្ទះដូចទៅនឹងកម្មករដទៃទៀតដែរ តាមរយៈការចេញសេចក្ដីប្រកាសមួយកាលពីខែឧសភា ឆ្នាំ២០១៨ ស្តីអំពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ។

លោកបន្ដថា រដ្ឋាភិបាលក៏កំពុងបង្កើនការផ្សព្វផ្សាយ ប​ន្ដពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអនុញ្ញាតឲ្យកម្មករធ្វើការងារតាមផ្ទះ អាចលើកឡើងនូវក្ដីកង្វល់នានា ដែលពួកគេកំពុងជួបប្រឈម។

លោកបន្ដថា៖ «បង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងកិច្ចសន្ទនាសង្គមជាមួយកម្មករការងារផ្ទះ ផ្ដល់ឪកាសដល់កម្មករការងារផ្ទះស្វែងយល់ពីគោលនយោបាយជាតិ ផ្ដល់ឪកាសដល់កម្មករការងារផ្ទះពិភាក្សា និងចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះ ដើម្បីទទួលបានការឆ្លើយតប និងដំណោះស្រាយសមស្រប»។

តាមរបាយការណ៍ស្រាវជ្រាវរបស់ លោក កែម ឡី កាលពីឆ្នាំ២០១២  កម្មករដែលមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួន​ជាង ២៥ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ