ក្រុមអង្គការសង្គមស៊ីវិល បានស្នើទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មករដែលធ្វើការងារតាមផ្ទះ និងបង្កើនកិច្ចគាំពារផ្សេងទៀត ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមានអង្គការ Oxfam កម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA និងមជ្ឈមណ្ឌលសាមគ្គីភាព។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើទៅរដ្ឋាភិបាលបែបនេះអំឡុងពេលពួកគេប្រារព្ធទិវាកម្មករការងារផ្ទះអន្តរជាតិលើកទី៨ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីនេះ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រពន្ធ អ្នកស្រី វុន សម្ឆស្ស មានប្រសាសន៍ថា កម្មករដែលបម្រើការងារតាមផ្ទះក្នុងប្រទេសកម្ពុជា ជួបបញ្ហាប្រឈមជាច្រើន ដូចជា មិនទទួលបានលក្ខខណ្ឌការងារសមរម្យ ធ្វើការងារលើសម៉ោងកំណត់ ទទួលប្រាក់ខែទាប គ្មានពេលឈប់សម្រាប់ប្រចាំឆ្នាំ និងការឈប់សម្រាកសម្រាប់មាតុភាព ការបៀតបៀនផ្លូវភេទពីសំណាក់ម្ចាស់ផ្ទះ ទទួលរងអំពើហិង្សា និងទារុណកម្មជាដើម។
អ្នកស្រី វុន សម្ឆស្ស អះអាងថា ជារៀងរាល់ឆ្នាំ អង្គការសង្គមស៊ីវិលតែងទទូចឲ្យរដ្ឋាភិបាលបង្កើនកិច្ចគាំពារសង្គម និងលើកកម្ពស់សិទ្ធិការងារដល់កម្មករបម្រើការងារតាមផ្ទះ ជាពិសេសជំរុញឲ្យរដ្ឋាភិបាលផ្ដល់សច្ចាប័នទៅលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិ (ILO) ស្ដីពីកម្មករការងារតាមផ្ទះ លេខ១៨៩។
អ្នកស្រីបន្ដថា៖ «ជារៀងរាល់ឆ្នាំ យើងតែជំរុញឲ្យមានការផ្ដល់សច្ចាប័នទៅអនុសញ្ញា១៨៩ ទៅរដ្ឋាភិបាល។ កន្លងមកក៏មានការឆ្លើយតបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជាប្រកាស លក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការងារតាមផ្ទះ ប៉ុន្ដែវាអត់ទាន់មានលក្ខខណ្ឌការងារពេញលេញទេ ដោយសារមានចំណុចខ្វះខាតមួយចំនួន ហើយអត់ទាន់បានអនុវត្តលើម្ចាស់ផ្ទះទេ ហើយម្ចាស់ផ្ទះខ្លះអត់ដឹងថា អ្នកធ្វើការងារតាមផ្ទះមានច្បាប់ការងារទេ»។
អគ្គនាយករងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ប៉ុល ចាន់ដារ៉ា អះអាងថា រដ្ឋាភិបាលបានខិតខំបង្កើនកិច្ចគាំពារសង្គម និងលើកកម្ពស់សិទ្ធិការងារដល់កម្មករធ្វើការងារតាមផ្ទះដូចទៅនឹងកម្មករដទៃទៀតដែរ តាមរយៈការចេញសេចក្ដីប្រកាសមួយកាលពីខែឧសភា ឆ្នាំ២០១៨ ស្តីអំពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ។
លោកបន្ដថា រដ្ឋាភិបាលក៏កំពុងបង្កើនការផ្សព្វផ្សាយ បន្ដពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអនុញ្ញាតឲ្យកម្មករធ្វើការងារតាមផ្ទះ អាចលើកឡើងនូវក្ដីកង្វល់នានា ដែលពួកគេកំពុងជួបប្រឈម។
លោកបន្ដថា៖ «បង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងកិច្ចសន្ទនាសង្គមជាមួយកម្មករការងារផ្ទះ ផ្ដល់ឪកាសដល់កម្មករការងារផ្ទះស្វែងយល់ពីគោលនយោបាយជាតិ ផ្ដល់ឪកាសដល់កម្មករការងារផ្ទះពិភាក្សា និងចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះ ដើម្បីទទួលបានការឆ្លើយតប និងដំណោះស្រាយសមស្រប»។
តាមរបាយការណ៍ស្រាវជ្រាវរបស់ លោក កែម ឡី កាលពីឆ្នាំ២០១២ កម្មករដែលមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួនជាង ២៥ម៉ឺននាក់៕