លោក ហ៊ុន សែន ជំរុញឲ្យសមាជិកស៊ីកាគាំទ្រយុទ្ធសាស្ដចិន «ខ្សែក្រវ៉ាត់ និងផ្លូវ»

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​អាស៊ី (CICA) ថតរូប​រួម​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ឌូសាន់បេ ប្រទេស​តាជីគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៩។ រូបថត៖ SPM

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញទៅ​បណ្ដា​ប្រទេសនៃ​វេទិកា​អ​ន្តរជាតិ​មួយ​ឲ្យ​គាំទ្រគោលនយោបាយចិន «ខ្សែក្រវ៉ាត់ និងផ្លូវ» ដោយថា ដើម្បីពន្លឿនការតភ្ជាប់ និងពង្រឹងប្រព័ន្ធដឹកជញ្ជូនតំបន់។

យោងតាមសុន្ទរកថាដែលថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្ដីពីអន្ដរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុង​ឌូសាន់​បេ ប្រទេសតាជីគីស្ថាន កាលពីម្សិលមិញ លោក ហ៊ុន សែន លើកឡើងថា ចំណុចខ្លាំងរបស់តំបន់ស៊ីកា គឺការផ្ដោតលើការកសាងទំនុកចិត្ត និងការអភិវឌ្ឍរួមគ្នា ដើម្បីសុខសន្ដិភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជា ការបង្កើនសក្ដានុពលក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍។

ម្យ៉ាងទៀត លោក ហ៊ុន សែន​ លើកឡើងថា កម្ពុជាក៏មានគោលបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសជាសមាជិកអាស៊ីកា ជាពិសេសទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម។

លោក ហ៊ុន សែន អះអាងទៀតថា ប្រទេសនៅតំបន់ស៊ីកាគួរទាញយកប្រយោជន៍ពី «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ» របស់ចិន ដែលលោកថា នឹងផ្ដល់ឪកាសសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និងពង្រឹងប្រព័ន្ធដឹកជញ្ជូនជាដើម។

ក្នងសុន្ទរកថា លោក ហ៊ុន សែន ថ្លែងថា៖ «ក្នុងសារតីនេះ យើងគួរធ្វើការកាន់តែជិតស្និតជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាក់ស្ដែង នឹងផ្ដល់ឪកាសសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និងពង្រឹងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក»។

«ខ្សែក្រវ៉ាត់ និងផ្លូវ» ជាគំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឆ្នាំ២០១៣។ គម្រោងនេះ មានប្រទេសជាដៃគូជាង ១០០ ដែលមកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន រួមទាំងប្រទេសរុស្ស៊ី ព័រទុយហ្គាល់ និងក្រិច ក៏ចូលរួមផងដែរ។

តាម​រយៈគំនិត​ផ្ដួចផ្ដើម​ ខ្សែក្រវ៉ាត់ និងផ្លូវ​ ចិន​បាន​ផ្ដល់​ជាកម្ចីដល់ប្រទេសទាំងនោះក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវដែកកំពង់ផែ ផ្លូវល្បឿនលឿន និង​បង្កើតច្រក​សេដ្ឋកិច្ចសម្រាប់​តភ្ជាប់ប្រទេសចិនជាមួយពិភពលោកទាំងមូលទៀតផង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ