សហគមន៍ព្រៃឡង់ ចោទ​ថា​មន្រ្តី​​ខកខាន​ក្នុងការ​បំពេញតួនាទី​​ដើម្បី​ទប់ស្កាត់បទល្មើស

រូបភាពកំណាត់ឈើ ពេលដែលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ ចោទមន្រ្តីឧទ្យានុរក្សថា​បានព្រ​​ងើយកន្តើយក្នុង​ការ​ទប់​ស្កាត់​បទល្មើសព្រៃឈើក្នុងតំបន់​នេះ​។

សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សឡើយ។

សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា៖ «យើងខ្ញុំ​ទាំងអស់គ្នា​បានសង្កេតឃើញសកម្មភាព​ល្មើសច្បាប់អាណាធិបតេយ្យនៅជុំ​វិញព្រៃឡង់​​មាន​ដូចជា ការអនុញ្ញាតឲ្យមានការ​ដឹកជញ្ជូនឈើ​ជាច្រើន​គោយន្តក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការ​កាប់​ឈើ កាត់មុខ​ស្នាក់​ការយាមល្បាតរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។»

សហគមន៍ព្រៃឡង់ បន្តថា ក្រៅពីមិនបានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពួកគេថា អាជ្ញាធរក៏បានជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ​និងអ្នកមានអំណាច ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃផងដែរ។

ពួកគេស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់ដោយដកហូតម៉ាស៊ីនរណា និងសម្ភារៈផ្សេងដែលអាចកាប់បំផ្លាញព្រៃ ហើយចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមដែលបានអនុញ្ញាត ឱ្យមានកាប់និងដឹកជញ្ជូនឈើក្នុងតំបន់ការពារ។

បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារលោក ស្រី ថី​ បន្ថែមថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនធ្វើការទប់ស្កាត់ និងចាត់វិធានទៅលើមន្ត្រីថ្នាក់ក្រោមនោះទេ លោកថា ព្រៃឈើនៅក្នុងតំបន់ការពារមួយនេះ នឹងវិនាសអស់ក្នុងពេលឆាប់ៗ។

លោកថា៖ «សូម្បីសម្ដេចប្រកាសយ៉ាងណាក៏ដោយ បើស្ថាប័នខាងក្រោមគាត់ អត់អនុវត្តច្បាប់ផង យើងគិតយ៉ាងម៉េច។ បើខ្លាំង [ឈប់កាប់]ពេលសម្ដេចស្រែកបន្តិច! ឈប់ស្រែក ឈប់ខ្លាំង [គេកាប់ដដែល] មានតែស្ថាប័នលើសង្កាត់ថ្នាក់ក្រោមទេគ្រាន់បើបន្តិច ។ បើមិនអ៊ីចឹងទេ​ ចប់ហើយ ឬមួយក៏រដ្ឋាភិបាលវិធានការដាក់ទោសទណ្ឌដែលប្រព្រឹត្តបទល្មើសឃុបឃិតគ្នានោះ ខ្ញុំជឿខ្លះ បើថា មិនដកបុណ្យដកស័ក្តិចេញទេនៅតែប៉ុណ្ណឹងឯង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រ្តា ស្នើទៅសហគមន៍ឱ្យដាក់ឯកសាររួមទាំងអស់ឈ្មោះមន្ត្រីដែលបានឃុបឃិតជាមួយឈ្នួញកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ដាក់មកក្រសួង។

លោក មានប្រសាសន៍ថា៖ «តើមន្ត្រីណាមួយដែលមានការពាក់ព័ន្ធ ហើយស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ជាមន្ត្រីឧទ្យានុរក្ស ឬមួយក៏នរណាដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងគឺសូមដាក់ជាឯកសារ  ​​ឬក៏បញ្ជូនព័ត៌មានសម្ងាត់ណាមួយមកឱ្យក្រុមការងាររបស់ក្រសួងយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានមូលដ្ឋាននៅក្នុងការស៊ើបអង្កេត។ បើសិនជាមិនមានព័ត៌មានច្បាស់លាស់ទេ​ ហើយមានតែការលើកឡើងដោយផ្ទាល់មាត់ ជាមួយសេចក្ដីថ្លែងការណ៍ដែលមិនបានបញ្ជាក់ពីឯកសារ និងភស្តុតាងឱ្យបានច្បាស់លាស់យើងខ្ញុំហាក់មានការលំបាកក្នុងការធ្វើការស៊ើបអង្កេត»។

របាយការណ៍របស់សហគមន៍ព្រៃឡង់ បង្ហាញថា ការចុះល្បាតព្រៃឡង់ក្នុងឆ្នាំ២០១៨ ពួកគេបានដកហូត ម៉ាស៊ីននរណាយន្តចំនួន ៩៨គ្រឿង ខណៈឆ្នាំ២០១៧ ដកហូតបាន ៥៦គ្រឿង។ ចំណែក ឈើអារជ្រៀករួចចំនួន ៥៩.៤៥ម៉ែត្រគូប ឈើកាត់រំលំរួច ៧៤ដើម និងគល់ឈើ ទើបកាត់ថ្មីមានចំនួន ៧១៩គល់។

រដ្ឋាភិបាល ​បានចេញអនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា (៤៣១,៦៨៣) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ តាមអនុក្រឹត្យដដែល តំបន់នេះស្ថិតក្រោម​ការ​គ្រប់គ្រងផ្ទាល់​របស់​ក្រសួង​បរិស្ថាន ដោយមានការ​​សហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ